កីឡា

ក្លិប Everton យកឈ្នះ Newcastle ដើម្បីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ League Cup ជួបជាមួយ Fleetwood

​បរទេស៖ ក្លិបបាល់ទាត់ Everton បានបន្តដំណើរទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ (Quarter-finals) នៃពានរង្វាន់ League Cup ជាមួយនឹងជ័យជម្នះ ក្នុងលទ្ធផល ៣-១ លើក្រុម Newcastle United កាលពីថ្ងៃព្រហស្បតិ៍ ដែលលទ្ធផលនេះ នឹងនាំឱ្យពួកគេត្រូវតទល់ជាមួយ ក្រុមលីគលំដាប់ទី៤ Fleetwood Town នៅវគ្គបន្ត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​គ្រាប់បាល់បញ្ចូលទីក្នុងវគ្គទីមួយពីសំណាក់កីឡាករ James Garner និង Hayden Hackney បានជួយឱ្យក្រុមម្ចាស់ផ្ទះគ្រប់គ្រងការប្រកួតបានយ៉ាងល្អ មុនពេលកីឡាករ Thierno Barry ស៊ុតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀតនៅវគ្គទីពីរនាទីលានកីឡដ្ឋាន Hill Dickinson ខណៈដែលកីឡាករ Dan Burn របស់ក្រុមភ្ញៀវ Newcastle រកបានមួយគ្រាប់វាយបកនៅចុងម៉ោង។

​ក្លិបដែលមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះ បានយកឈ្នះយ៉ាងរលូនទោះបីជាអវត្តមានខ្សែបម្រើ Jack Grealish ក៏ដោយ ដែលរូបគេត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាករសម្រាប់ការប្រកួតនេះ បន្ទាប់ពីមានការបំពានវិន័យផ្ទៃក្នុងរបស់ក្លិប។ គួរកត់សម្គាល់ផងដែរថា លោកនាយករដ្ឋមន្ត្រី Andy Burnham ដែលជាអ្នកគាំទ្រយ៉ាងសកម្មរបស់ក្លិប Everton ក៏បានចូលរួមទស្សនាផ្ទាល់ក្នុងចំណោមហ្វូងអ្នកគាំទ្រផងដែរ។

​ជំនួបប្រកួតវគ្គ ៨ ក្រុមចុងក្រោយ (ប្រព្រឹត្តទៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១៤ ខែធ្នូ) Everton នឹងត្រូវធ្វើដំណើរទៅជួបក្រុមលីគលំដាប់ទី២ (League Two) Fleetwood Town ដែលទើបតែបានទម្លាក់ម្ចាស់ជើងឯក Premier League ក្រុម Arsenal កាលពីថ្ងៃអង្គារ។

Crystal Palace ត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុម Sunderland។ Bournemouth ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Liverpool។ ​ក្រុមការពារតំណែងជើងឯក Manchester City នឹងត្រូវតទល់ជាមួយក្រុមលីគលំដាប់ទី៣ Bradford City។

ប្រែសម្រួល៖ គីរី

Most Popular

To Top