ឡូសអាន់ជឺឡែស ៖ លោក Patrick Stewart ដែលជាតារាបរទេស៖ សម្ដែងជនជាតិអង់គ្លេសដ៏ល្បីល្បាញក្នុងរឿងល្ខោន Shakespeare និងបានក្លាយជាកំពូល តារាហូលីវូដតាមរយៈតួនាទីក្នុងខ្សែភាពយន្ត Star Trek និង X-Men បានទទួលមរណភាព ហើយនៅគេហដ្ឋាន របស់លោកក្នុងទីក្រុងឡូសអាន់ជឺឡែស ក្នុងវ័យ ៨៦ ឆ្នាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
យោងតាមសេចក្តីថ្លែងការណ៍ជាផ្លូវការនៅលើគណនីបណ្ដាញសង្គមរបស់លោក មរណភាពរបស់លោកកាលពីថ្ងៃពុធ (ទី២៨ ខែតុលា) កើតឡើងបន្ទាប់ពីលោកបានឆ្លងកាត់ “ដំណើរដ៏ខ្លី និងសោកសៅ” ជាមួយនឹងជំងឺភ្លេចភ្លាំង (Alzheimer’s disease) និងជំងឺវង្វេងវង្វាន់ (Lewy body dementia)។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖ “សំឡេងដ៏ពីរោះរណ្តំ និងទេពកោសល្យដ៏កម្ររបស់លោក នឹងស្ថិតស្ថេរជានិមិត្តរូប នៃការសម្ដែងដែលមិនអាចបំភ្លេច បានក្នុងគ្រប់ទម្រង់សិល្បៈទាំងអស់”។

តារាសម្ដែងដែលមានដើមកំណើត មកពីតំបន់ Yorkshire ភាគខាងជើងប្រទេសអង់គ្លេសរូបនេះ ធ្លាប់បានឈានជើងចូលឆាកល្ខោន នៅចក្រភពអង់គ្លេសជាមួយក្រុម Royal Shakespeare Company និងរោងមហោស្រព National Theatre ក្នុងទីក្រុងឡុងដ៍ ព្រមទាំងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍អង់គ្លេសផងដែរ។
ប៉ុន្តែ លោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រវត្តិសាស្ត្រក្នុងវប្បធម៌ប៉ុប (Pop Culture) តាមរយៈការសម្ដែងជាតួអង្គ Captain Jean-Luc Picard ក្នុងរឿង Star Trek: The Next Generation និងសាស្ត្រាចារ្យ Charles Xavier ក្នុងខ្សែភាពយន្ត X-Men ជាច្រើនវគ្គ ព្រមទាំងភាពយន្តពាក់ព័ន្ធរបស់ Marvel ផ្សេងទៀត។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា៖ “លោកបានស្វែងយល់ពីស្ថានភាពមនុស្សជាតិក្នុងភាពស្មុគស្មាញនៃទម្រង់កាព្យ ហើយបាននាំមកនូវក្តីសង្ឃឹម មិនត្រឹមតែទៅកាន់ចក្រវាលភាពយន្ត Marvel (Marvel Cinematic Universe) ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្ពោះទៅកាន់ព្រំដែនចុងក្រោយដ៏ល្បីល្បាញបំផុតនៃប្រលោមលោកបែបវិទ្យាសាស្ត្រ (Science Fiction) នៅលើនាវាអវកាស Starship Enterprise ផងដែរ”។
លោក Stewart មានអាយុ ៤៧ ឆ្នាំ នៅពេលដែលលោកត្រូវបានជ្រើសរើសឱ្យសម្ដែងជា Picard ក្នុងរឿង Star Trek: The Next Generation ដែលជាភាពយន្តភាគទូរទស្សន៍ខ្នាតធំដំបូងគេដែលបានបំបែកចេញពីស៊េរីភាពយន្តបែបវិទ្យាសាស្ត្រដ៏ល្បីល្បាញតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០។ លោកបានស្នងតំណែងជាប្រធានក្រុម ជំនួសលោក William Shatner ដែលធ្លាប់សម្ដែងជា Captain Kirk ក្នុងសាច់រឿងដើម ហើយតួនាទីនេះហើយដែលបាននាំលោក Stewart ទៅរកកេរ្តិ៍ឈ្មោះ និងភាពជោគជ័យយ៉ាងធំធេង។ តួអង្គ Picard ត្រូវបានគេស្គាល់តាមរយៈពាក្យសម្ដីប្រចាំតួមួយចំនួន រួមទាំងពាក្យថា “Make it so!” ដែលក្រោយមកត្រូវបានលោក Stewart យកមកធ្វើជាចំណងជើងសៀវភៅអនុស្សាវរីយ៍ឆ្នាំ ២០២៣ របស់លោកថា “Making It So” ។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូររបស់លោកទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៧ ដំបូងឡើយត្រូវបានសារព័ត៌មាន Los Angeles Times មើលស្រាល ដោយបានសរសេររិះគន់លោកថាជា “តារាសម្ដែងល្ខោន Shakespeare ជនជាតិអង់គ្លេសដែលគ្មាននរណាស្គាល់”។ ក្រោយមក លោក Stewart បានមានប្រសាសន៍ថា លោកមានការអាក់អន់ចិត្តចំពោះការលើកឡើងដែលថាលោក “បន្ទាបខ្លួន” ដោយងាកមកសម្ដែងទូរទស្សន៍អាមេរិក។ លោកធ្លាប់បានចាត់ទុកបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរឿងល្ខោន Shakespeare របស់លោកថា “គ្មានអ្វីក្រៅពីការត្រៀមខ្លួនសម្រាប់អង្គុយនៅលើកៅអីប្រធានក្រុមនៃនាវាអវកាស Enterprise នោះទេ”។
លោក Stewart ទទួលបានការកោតសរសើរកាន់តែខ្លាំងនៅលើផ្ទាំងសំពត់សតាមរយៈខ្សែភាពយន្តជាច្រើននៃស៊េរី X-Men ដែលបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០០ ក្នុងនាមជាសាស្ត្រាចារ្យ Charles Xavier ដែលជាស្ថាបនិក និងជាអ្នកណែនាំក្រុមវីរបុរស (mutant superhero)។
កាលពីថ្ងៃព្រហស្បតិ៍ ផលិតកម្ម Marvel Studios បានបញ្ជាក់ថា៖ “ជាង ២៥ ឆ្នាំមកនេះ លោកបាននាំយកភាពឧឡារិក និងភាពស៊ីជម្រៅដល់តួនាទីនេះ ដោយទទួលបានអ្នកគាំទ្រទូទាំងពិភពលោក និងជួយផ្លាស់ប្តូរការប្រាប់រឿងរ៉ាវរបស់កំពូលវីរបុរសជារៀងរហូត”។
លោក Hugh Jackman ដែលជាតួសម្ដែងរួមគ្នាដ៏យូរអង្វែង ក្នុងតួអង្គ Wolverine បានចងចាំលោក Stewart ថាជា “បុគ្គលដ៏អស្ចារ្យម្នាក់ទាំងនៅលើឆាក និងផ្ទាំងសំពត់ស” និងជា “មិត្តដ៏អស្ចារ្យ និងជាបុរសដ៏ល្អម្នាក់”។
ពីឆ្នាំ ២០២០ ដល់ ២០២៣ លោក Stewart ត្រូវបានទាក់ទាញឱ្យត្រលប់មកស៊េរី Star Trek វិញ ដោយបានចូលរួមសម្ដែងក្នុងរឿងភាគទូរទស្សន៍ Star Trek: Picard ។ លោកធ្លាប់ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Emmys ចំនួន ៤ ដង ប៉ុន្តែមិនដែលទទួលបានពានរង្វាន់នេះសូម្បីតែមួយដង។
ទោះបីជាទទួលបានភាពជោគជ័យនៅហូលីវូដក៏ដោយ ក្តីស្រឡាញ់របស់លោក Stewart ចំពោះល្ខោន និងជាពិសេសចំពោះកវី Shakespeare មិនដែលរសាត់បាត់ឡើយ។ នៅចន្លោះពេលថតភាពយន្ត លោកតែងតែត្រលប់ទៅរកប្រភពដើមរបស់លោកនៅលើឆាកវិញ ដោយឈ្នះពានរង្វាន់ Olivier Awards ចំនួនពីរ។
លោកធ្លាប់បានមានប្រសាសន៍ថា៖ “ដោយបានចំណាយពេលច្រើនក្នុងជីវិតរបស់ខ្ញុំជាមួយពិភពលោក ចំណង់ចំណូលចិត្ត និងគំនិតរបស់ Shakespeare នៅក្នុងក្បាល និងក្នុងមាត់របស់ខ្ញុំ គាត់ប្រៀបដូចជាមិត្តម្នាក់ នរណាម្នាក់ដែលគ្រាន់តែដើរចេញពីបន្ទប់ដើម្បីទៅយកស្រាមួយដបទៀតប៉ុណ្ណោះ”។ អ្នកសម្ដែងឆ្នើមរូបនេះ ក៏ទទួលបានពានរង្វាន់ Grammy សម្រាប់ផ្នែកការនិយាយ តាមរយៈការនិទានរឿង “Prokofiev: Peter And The Wolf” ផងដែរ។
លោក Stewart កើតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៤០ នៅទីក្រុងតូចមួយឈ្មោះ Mirfield ភាគខាងលិច Yorkshire ដោយជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុស ៣ នាក់ ក្នុងគ្រួសារវណ្ណៈកម្មករ។ លោកធំដឹងក្តី ដូចដែលបានលាតត្រដាងនៅពេលក្រោយមក គឺរស់នៅក្រោមស្រមោលនៃអំពើហិង្សាក្នុងគ្រួសារ។ ឪពុករបស់លោក ដែលត្រឡប់មកពីសង្គ្រាមលោកលើកទី២ ហើយប្រហែលជាទទួលរងនូវជំងឺបាក់ទឹកចិត្ត (PTSD) តែងតែវាយដំម្តាយរបស់លោក Stewart។ ក្រោយមក លោក Stewart បានធ្វើការជាមួយអង្គការសប្បុរសធម៌ Refuge ដែលមានជំនាញផ្នែកអំពើហិង្សាក្នុងគ្រួសារ។
តារាសម្ដែងរូបនេះបានចាកចេញពីសាលារៀននៅអាយុ ១៥ ឆ្នាំ ប៉ុន្តែទទួលបានការលើកទឹកចិត្តពីគ្រូបង្រៀនភាសាអង់គ្លេសរបស់លោកគឺលោក Cecil Dormand ដែលបានណែនាំលោកឱ្យស្គាល់ស្នាដៃរបស់ Shakespeare និងផ្តល់ឱ្យលោកនូវតួនាទីជាលើកដំបូងក្នុងរឿងល្ខោនជាមួយមនុស្សពេញវ័យ។
លោកបានសិក្សា នៅសាលា ល្ខោន Bristol Old Vic Drama School ចាប់ផ្តើមនៅឆ្នាំ ១៩៥៧ ដោយបង្ហាញខ្លួនជាលើកដំបូង ក្នុងការសម្ដែងអាជីព កាលពីពីរឆ្នាំបន្ទាប់ ។ ដោយសារសក់ជ្រុះឆាប់ពេក លោក Stewart បានខកខានតួនាទីជាតួឯករ៉ូមែនទិកវ័យក្មេងជាច្រើន ប៉ុន្តែលោកបានបោះជំហាន យ៉ាងឆាប់រហ័សចូលក្នុងជីវិតល្ខោន ដោយចូលរួមជាមួយក្រុម Royal Shakespeare Company (RSC) ក្នុងឆ្នាំ ១៩៦៦ និងស្នាក់នៅទីនោះរហូតដល់ឆ្នាំ ១៩៨២។
រាល់ការសង្ស័យដែលលោក Stewart មានអំពីការទទួលយកតួនាទីជា Picard ក្នុងរឿង “Star Trek” ត្រូវបានសម្រាលឡើង ដោយការគិតថា វានឹងក្លាយជាការបរាជ័យក្នុងរដូវកាលតែមួយប៉ុណ្ណោះ។
ប្រែសម្រួល៖ គីរី
