បរទេស៖ ក្រុមហ៊ុន Marcus Corporation (NYSE: MCS) បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២៦ របស់ខ្លួន ដោយបង្ហាញពីទំហំប្រាក់ចំណូលសរុបខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ ត្រូវបានជំរុញជាចម្បងដោយផ្នែករោងភាពយន្ត (Marcus Theatres) តាមរយៈការគាំទ្រយ៉ាងសម្បើមទៅលើខ្សែភាពយន្តខ្នាតធំ (Blockbusters) ដូចជា “Spider-Man: Brand New Day” និង “The Odyssey” នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន DeadLine ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ដែលបានបញ្ចប់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនសម្រេចបាននូវតួលេខដ៏គួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
- ប្រាក់ចំណូលសរុប (Total Revenue): សម្រេចបាន ២៣៧,៨ លានដុល្លារ កើនឡើង ១៣,១% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៥។
- ប្រាក់ចំណូលផ្នែករោងភាពយន្ត (Marcus Theatres Revenue): សម្រេចបាន ១៤៥,០ លានដុល្លារ កើនឡើង ២០,៩%។
- ប្រាក់ចំណូលប្រតិបត្តិការ (Operating Income): កើនឡើងដល់ ៣០,៣ លានដុល្លារ ដែលជាការកើនឡើង ៣៣,២%។
- ប្រាក់ចំណេញសុទ្ធ (Net Earnings): សម្រេចបាន ១៨,៨ លានដុល្លារ កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
- ប្រាក់ចំណេញក្នុងមួយហ៊ុន (EPS): ០,៦០ ដុល្លារ កើនឡើង ១៥,៤%។
លោក Gregory S. Marcus នាយកប្រតិបត្តិនៃក្រុមហ៊ុន Marcus Corporation បានមានប្រសាសន៍ថា៖ “ប្រាក់ចំណូលដ៏ខ្ពស់បំផុតក្នុងត្រីមាសទី៣ ពីផ្នែកទាំងពីររបស់យើង (រោងភាពយន្ត និងសណ្ឋាគារ) បានជំរុញឱ្យត្រីមាសនេះក្លាយជាត្រីមាសដែលមានប្រាក់ចំណូលសរុបខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន”។
លោកបានបញ្ជាក់បន្ថែមថា៖ “នៅក្នុងអាជីវកម្មរោងភាពយន្ត ភាពជោគជ័យនៅតែបន្តកើតមានជាមួយនឹងប្រាក់ចំណូលកំណត់ត្រាក្នុងត្រីមាសទី៣ របស់ Marcus Theatres ដែលត្រូវបានជំរុញដោយខ្សែភាពយន្តដ៏ពេញនិយមបំផុតគឺ ‘Spider-Man: Brand New Day’ និង ‘The Odyssey’ រួមជាមួយនឹងខ្សែភាពយន្តដ៏ទាក់ទាញជាច្រើនទៀត រួមទាំងខ្សែភាពយន្តសម្រាប់គ្រួសារដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សាររបស់យើង”។
ដោយឡែក អាជីវកម្មផ្នែកសណ្ឋាគារ និងរមណីយដ្ឋាន (Marcus Hotels & Resorts) ក៏សម្រេចបាននូវប្រាក់ចំណូលកំណត់ត្រាផងដែរសម្រាប់ត្រីមាសទី៣ ដោយសម្រេចបាន ៨២,០ លានដុល្លារ (កើនឡើង ២,០%) ដែលឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរកម្សាន្តនារដូវក្តៅយ៉ាងកុះករ។
សម្លឹងឆ្ពោះទៅកាន់អនាគតសម្រាប់ចុងឆ្នាំ២០២៦ នេះ លោក Gregory S. Marcus បានបង្ហាញសុទិដ្ឋិនិយមយ៉ាងខ្លាំង ដោយសារតែនឹងមានការចេញផ្សាយខ្សែភាពយន្តខ្នាតធំៗជាច្រើនទៀតនារដូវកាលវិស្សមកាលចុងឆ្នាំ ដែលរំពឹងថានឹងទាក់ទាញទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ បន្ថែមពីនេះ ព្រឹត្តិការណ៍ប្រកួតកីឡាបេស្បល World Series ជាប្រវត្តិសាស្ត្ររបស់ក្រុម Milwaukee Brewers គួបផ្សំនឹងការធ្វើដំណើរ និងព្រឹត្តិការណ៍ផ្សេងៗក្នុងឱកាសបុណ្យទានចុងឆ្នាំ ត្រូវបានគេរំពឹងថានឹងបន្តជំរុញអាជីវកម្មសណ្ឋាគារ របស់ក្រុមហ៊ុនឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
ប្រែសម្រួល៖ គីរី
