កីឡា

Kimi Antonelli ក្លាយជាម្ចាស់ជើងឯកពិភពលោកF1 ស្របពេល Max Verstappen ឈ្នះការប្រកួតនៅម៉ិកស៊ិក

​បរទេស៖ កីឡាករ Kimi Antonelli បានឈ្នះជើងឯកពិភពលោក ជាលើកដំបូងរបស់ខ្លួន និងបានក្លាយជាម្ចាស់ជើងឯកវ័យក្មេង ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រណាំងរថយន្ត Formula 1 បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួត Mexico City Grand Prix នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​Antonelli ដែលមានវ័យ ២០ ឆ្នាំ និង ៦៨ ថ្ងៃ បានបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយកីឡាករ Max Verstappen របស់ក្រុម Red Bull ដែលជាអ្នកឈ្នះ និងកីឡាករ Lewis Hamilton របស់ក្រុម Ferrari ដែលទទួលបានលេខ ២។

​ពេលវេលាដ៏រុងរឿងរបស់គាត់បានកើតឡើងនៅថ្ងៃដែលភាពតានតឹងនៅក្នុងក្រុម Ferrari រវាងម្ចាស់ជើងឯក ៧ សម័យកាល Hamilton និងមិត្តរួមក្រុម Charles Leclerc ស្ទើរតែឈានដល់ចំណុចផ្ទុះកំហឹងដាក់គ្នា។

​Antonelli បានបើកបរដោយរក្សាភាពនឹងនរបានយ៉ាងល្អ ក្នុងកំឡុងពេលមានសកម្មភាពប្រជែងគ្នាយ៉ាងស្វិតស្វាញ និងច្របូកច្របល់ ដែលពាក់ព័ន្ធនឹងកីឡាករនាំមុខផ្សេងទៀត នៅក្នុងការប្រកួត Grand Prix នេះ ដែលត្រូវបានផ្អាកដោយការលើកទង់ក្រហម (Red flag) ដែលនាំឱ្យមានការប្រណាំងប្រជែងផ្តាច់ព្រ័ត្រចំនួន ២៥ ជុំចុងក្រោយ។

​កីឡាករសញ្ជាតិអ៊ីតាលី ដែលទើបតែឆ្លងផុតវ័យជំទង់កាលពីចុងខែសីហារូបនេះ បានចំណាយពេលនៅប៉ុន្មានជុំចុងក្រោយ ដោយសម្លឹងមើល Hamilton ព្យាយាមខិតឱ្យជិតគ្រប់គ្រាន់ដើម្បីវ៉ាជែង Verstappen បន្ទាប់ពីអ្នកទាំងពីរបានប៉ះទង្គិចគ្នានៅផ្លូវកោង (Chicane) ដំបូង អំឡុងពេលចាប់ផ្តើមប្រកួតឡើងវិញ (Restart)។

​ប៉ុន្តែ Hamilton យល់ថាវាមិនអាចទៅរួចទេក្នុងការទាញរថយន្ត Ferrari របស់ខ្លួនឱ្យខិតជិត Verstappen ដើម្បីព្យាយាមវ៉ាជែង ហើយទីបំផុតបានត្រឹមបញ្ចប់ការប្រកួតប្រកបដោយភាពខកចិត្ត ដោយយល់ថាជ័យជម្នះបានរបូតពីដៃរបស់គាត់ ដែលជាលទ្ធផលនៃការបើកបរប្រកបដោយភាពឆេវឆាវរបស់ Leclerc តាំងពីជុំទីមួយមកម៉្លេះ។

​យ៉ាងណាមិញ នោះគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះនៅថ្ងៃដែល Antonelli បានសាងប្រវត្តិសាស្ត្រ ដោយបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Sebastian Vettel ក្នុងនាមជាម្ចាស់ជើងឯកវ័យក្មេងបំផុត ក្នុងគម្លាតអាយុ ៣ ឆ្នាំ និង ៦៦ ថ្ងៃ។

​លើសពីនេះ Antonelli ក៏បានក្លាយជាកីឡាករអ៊ីតាលីដំបូងគេបង្អស់ ដែលឈ្នះជើងឯក F1 ចាប់តាំងពីកីឡាករ Alberto Ascari ធ្លាប់ធ្វើបានកាលពីឆ្នាំ ១៩៥៣ ផងដែរ។

​Antonelli បានបង្ហាញ អារម្មណ៍រំភើបលាយឡំនឹងទឹកភ្នែកព្រមទាំងសំណើច តាមរយៈវិទ្យុទាក់ទងនៅជុំបន្ថយល្បឿន ដោយដំបូងឡើយ គាត់ហាក់និយាយលែងចេញ នៅពេលដែលក្រុមការងារបានប្រាប់គាត់ថា គាត់បានក្លាយជាម្ចាស់ជើងឯកពិភពលោកហើយ។ បន្ទាប់ពីតាំងស្មារតីបានបន្តិច គាត់បានឆ្លើយតបថា ៖ “អរគុណច្រើន។ យើងធ្វើបានហើយ។ យើងធ្វើបានហើយ។”

ប្រែសម្រួល៖ គីរី

Most Popular

To Top