បរទេស៖ Lionel Messi បានបង្ហាញទម្រង់លេងដ៏អស្ចារ្យជាថ្មីម្តងទៀត ដើម្បីដឹកនាំក្រុម Inter Miami ឆ្ពោះទៅរកជ័យជម្នះដ៏សំខាន់ ២-១ លើក្រុម New England Revolution។ គ្រាប់បាល់កាត់សេចក្តីរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានធានាថាក្រុមរបស់គាត់ទទួលបានកៅអីមួយក្នុងព្រឹត្តិការណ៍ 2027 Concacaf Champions Cup ដែលពួកគេប្រាថ្នាចង់បាន ខណៈដែលបានជួយរុញច្រានពួកគេឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់ Eastern Conference នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុម Inter Miami បានធានាកៅអីរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ 2027 Concacaf Champions Cup តាមរយៈជ័យជម្នះវាយបក ២-១ លើក្រុម New England Revolution។ Messi បានបង្ហាញខ្លួនជាកីឡាករដ៏សំខាន់ដែលបង្កើតភាពខុសប្លែកក្នុងការប្រកួត (Difference-maker) នៅកីឡដ្ឋាន Foxborough ដោយបានបញ្ជូនបាល់ (Assist) យ៉ាងសំខាន់មួយ មុនពេលស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះកាត់សេចក្តីចុងក្រោយ។

ជ័យជម្នះដ៏ប្រផិតប្រផើយនេះ បានជួយឱ្យក្រុម Miami វ៉ាដាច់គូប្រកួតរបស់ពួកគេ ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់ Eastern Conference។ ពួកគេសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ខណៈដែលការប្រកួតរដូវកាលធម្មតា (Regular season) របស់ក្របខណ្ឌ MLS នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ។
ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងការប្រកួតក្នុងរយៈពេល ៤៥ នាទីដំបូង ដោយបានបង្កើតឱកាសល្អៗជាច្រើន និងមានប្រៀបខាងយុទ្ធសាស្ត្រ ប៉ុន្តែការប្រកួតនៅតែរក្សាភាពស្មើគ្នាដោយគ្មានគ្រាប់បាល់នៅវគ្គទីមួយ។ បន្ទាប់មក កីឡាករ Daniel Gazdag បានស៊ុតបំប៉ោងសំណាញ់ទីបើកឆាកសម្រាប់ក្រុម Revolution នៅដើមតង់ទីពីរ។ យ៉ាងណាមិញ ក្រុម Miami បានវាយបកតបតវិញយ៉ាងល្អឥតខ្ចោះនៅនាទីទី ៦៩ ដោយ Messi បានតែតបាល់ថយក្រោយយ៉ាងប៉ិនប្រសប់ ដើម្បីរៀបចំឱកាសឱ្យកីឡាករ German Berterame ស៊ុតតាមស្មើសម្រាប់ក្រុមភ្ញៀវ។
Messi បានបញ្ចប់ការវាយបកនេះយ៉ាងអស្ចារ្យ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានអូសបាល់បន្លំឆ្លងកាត់ខ្សែការពារជាច្រើននាក់នៅខាងក្រៅប្រអប់ពិន័យ មុនពេលស៊ុតបាល់កាត់ដីដោយជើងឆ្វេង ដែលជាស្ទីលប្រចាំខ្លួនរបស់គាត់ ទម្លុះការការពាររបស់អ្នកចាំទី Matt Turner។ ក្រុម Revolution ស្ទើរតែអាចទទួលបានលទ្ធផលស្មើនៅចុងម៉ោងទៅហើយ នៅពេលដែលកីឡាករ Ian Fray ភ្លាត់ស្នៀតទាត់បញ្ចូលទីខ្លួនឯង (Own goal)។ ទោះជាយ៉ាងណាក៏ដោយ ទង់លើកសម្គាល់បាល់ក្រៅល្បែង (Offside) បានជួយសង្គ្រោះក្រុម Miami យ៉ាងទាន់ពេលវេលា និងបានធានាថាការប្រឹងប្រែងដ៏អស្ចារ្យរបស់ Messi មិនត្រូវបានរលាយបាត់ឡើយ។
អ្នកចាត់ការទូទៅរបស់ក្រុម Miami លោក Kily Gonzalez បានប្រញាប់ប្រញាល់កោតសរសើរដល់ប្រធានក្រុមដ៏ឆ្នើមរបស់លោក បន្ទាប់ពីទទួលបានជ័យជម្នះដ៏សំខាន់នេះ។
លោកបានសង្កត់ធ្ងន់ថា៖ “ខ្ញុំគ្មានការសង្ស័យទេថាគាត់គឺជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករទាំងអស់។ សម្រាប់រូប Leo ក្នុងវ័យរបស់គាត់ និងអ្វីដែលគាត់កំពុងធ្វើ តាមទស្សនៈរបស់ខ្ញុំ គាត់ស័ក្តិសមនឹងទទួលបានពានរង្វាន់កីឡាករឆ្នើម (MVP) និងពានរង្វាន់ Ballon d’Or ផងដែរ។”
ប្រែសម្រួល៖ គីរី
