តូក្យូ ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Asian Cup ដែលគ្រោងនឹងធ្វើឡើង នៅដើមឆ្នាំក្រោយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានពន្យារពេល ហើយនឹងត្រូវចាប់ផ្តើម ជំនួសវិញនៅខែធ្នូ ឆ្នាំ២០២៧ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Kyodo ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ព្រឹត្តិការណ៍កីឡា និងសន្និសីទ អន្តរជាតិមួយចំនួននៅក្នុងតំបន់ ត្រូវបានពន្យារពេល ឬលុបចោលក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានភាពចលាចលកំពុងបន្តនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលរងការវាយប្រហារពីសំណាក់ក្រុមហូធី (Houthi) របស់យេម៉ែន។
AFC បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រជែងកម្រិតទ្វីបមួយនេះ ត្រូវបានកំណត់ធ្វើឡើងនៅចន្លោះថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំក្រោយ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៧ និងបញ្ចប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៨។
សេចក្តីថ្លែងការណ៍របស់ស្ថាប័ននេះបានសរសេរថា៖ «គណៈកម្មាធិការរៀបចំការប្រកួត AFC Asian Cup បានអនុម័តក្នុងការរៀបចំកាលវិភាគឡើងវិញសម្រាប់ការប្រកួតជម្រើសជាតិដ៏ធំមួយនេះ ដោយយោងទៅលើកាលៈទេសៈដ៏ពិសេសនាពេលបច្ចុប្បន្ន ដែលកើតចេញពីការវិវឌ្ឍន៍នៅក្នុងតំបន់»។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា មាន «ភាពស្មុគស្មាញផ្នែកភស្តុភារ និងការរំខានដល់ការធ្វើដំណើរយ៉ាងខ្លាំង» ដោយបានបញ្ជាក់ថា កាលបរិច្ឆេទថ្មីនៃការប្រកួតនេះ នឹងត្រូវដាក់ស្នើទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីសុំការអនុម័ត។
គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Hajime Moriyasu ដែលបានដឹកនាំក្រុមសាមូរ៉ៃខៀវ (Samurai Blue) ឡើងដល់វគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា និងវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍រដូវក្តៅនេះនៅអាមេរិកខាងជើង បានចុះកិច្ចសន្យារយៈពេលខ្លីត្រឹមព្រឹត្តិការណ៍ Asian Cup នេះ ដើម្បីបញ្ចប់អាណត្តិដឹកនាំជាង ៨ឆ្នាំ របស់លោក។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិជប៉ុនធ្លាប់ឈ្នះពានរង្វាន់ Asian Cup ចំនួន ៤ ដងក្នុងប្រវត្តិសាស្ត្រ ដែលជាកំណត់ត្រាខ្ពស់ជាងគេ ពោលគឺនៅឆ្នាំ១៩៩២, ២០០០, ២០០៤ និង ២០១១។
ប្រែសម្រួល៖ គីរី
