ភ្នំពេញ ៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ និងលោក សាមឌី ស៊ីវឌ្ឍា រដ្ឋលេខាធិការក្រសួងអប់រំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការកណ្តាលទទួលបន្ទុករួម នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

យោងតាមរបាយការណ៍លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ មានប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនីចូលរួមសរុបចំនួន៤៦៨០ នាក់មកពី ២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិនាឆ្នាំនេះធ្វើឡើងក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» និងស្របតាមទិសស្លោកដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ព្រមទាំងស្មារីកីឡារស់ក្នុងសន្តិភាព និងយុទ្ធនាការអប់រំគន្លឹះទាំង០៥។ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ ខេត្តកំពង់ឆ្នាំង នឹងត្រូវរៀបចំការប្រកួតកីឡាទោចក្រយាន ដែលធ្វើឡើងនៅភ្នំត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ការប្រកួតធ្វើឡើងពីថ្ងៃទី៥ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦៕

សូមបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ពិធីបិទនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕





