ផ្សេងៗ

Erling Haaland បង្ហើបពីតួអង្គក្នុងក្តីស្រមៃ ប្រសិនបើមានឱកាសសម្តែង ក្នុងខ្សែភាពយន្តរឿងព្រេងនិទាន Viking

​ម៉ាន់ឆេស្ទើ៖ កំពូលខ្សែប្រយុទ្ធ Erling Haaland បានទទួលយកទាំងស្រុងនូវរហស្សនាមរបស់ខ្លួនជា «អ្នកចម្បាំង Viking» ប្រចាំក្លិប Manchester City ដោយបានបង្ហើបឱ្យដឹងយ៉ាងច្បាស់ ពីតួអង្គដែលរូបគេចង់សម្តែង ប្រសិនបើមានការផលិត ខ្សែភាពយន្តឧទ្ទិស ដល់ឫសគល់វប្បធម៌ជនជាតិ Norse របស់ខ្លួន។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស ដែលតែងតែធ្វើឱ្យ ខ្សែការពារនៅក្របខណ្ឌ Premier League មានការភ័យខ្លាចចាប់តាំងពីរូបគេមកដល់ទឹកដីអង់គ្លេស បានបើកចំហអំពីបុគ្គលិកលក្ខណៈក្រៅទីលាន និងតួនាទីដែលកំពុងវិវត្តន៍ក្លាយជាអ្នកដឹកនាំម្នាក់នៅក្នុងក្រុមរបស់លោក Enzo Maresca នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​Haaland មិនដែលមានការអៀនខ្មាសចំពោះដើមកំណើតជនជាតិន័រវែសរបស់ខ្លួនឡើយ ហើយជារឿយៗត្រូវបានគេប្រដូចទៅនឹងអ្នកចម្បាំង Norse ដោយសារតែកាយសម្បទាដ៏មាំមួន និងសមត្ថភាពបញ្ចប់ទីដ៏មុតស្រួចឥតប្រណី។ នៅក្នុងបរិយាកាសដ៏រីករាយអំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធីផ្សព្វផ្សាយរបស់ក្លិបនាពេលថ្មីៗនេះ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមភាព រស់រវើកលើរហស្សនាមនេះ តាមរយៈការរៀបរាប់ពីតួអង្គក្នុង ក្តីស្រមៃរបស់គេនៅលើផ្ទាំងសំពត់ស។

​ថ្លែងនៅក្នុងកម្មវិធីផតខាសផ្លូវការរបស់ក្លិប Manchester City (Official Manchester City Podcast) Haaland បាននិយាយថា៖ «ប្រសិនបើខ្ញុំអាចបង្កើតខ្សែភាពយន្ត Viking មួយ ហើយមានតួអង្គឯក ខ្ញុំគិតថាខ្ញុំនឹងដាក់ខ្លួនឯងសម្តែងជាតួអង្គដែលមានសក់វែង»។

​បើទោះបីជាមានកេរ្តិ៍ឈ្មោះល្បីល្បាញជាកីឡាករម្នាក់ដែលគេស្គាល់ច្រើនជាងគេបំផុតនៅលើភពផែនដីក៏ដោយ ក៏ម្ចាស់អាវលេខ ៩ ដ៏ខ្ពស់ស្រឡះរូបនេះ នៅតែរក្សាបាននូវភាពរាបសារ និងមិនឆ្មើងឆ្មៃឡើយ។ រូបគេបានផ្តល់តម្លៃដល់បរិយាកាស ដ៏កក់ក្តៅនៅកីឡដ្ឋាន Etihad Stadium ដែលបានជួយឱ្យរូបគេសម្របខ្លួន យ៉ាងរលូនទៅនឹងបាល់ទាត់អង់គ្លេស ដោយកត់សម្គាល់ថា វប្បធម៌របស់ក្លិបអនុញ្ញាតឱ្យកីឡាករអាចសម្រាកលំហែកាយ និងបន្ធូរអារម្មណ៍បាន នៅពេលពួកគេនៅក្រៅទីលានប្រកួតដែលពោរពេញដោយសម្ពាធខ្ពស់។

​ជាចុងក្រោយ Haaland បានសង្កត់ធ្ងន់ថា ខណៈពេលដែលការប្រឹង ប្រែងយ៉ាងខ្លាំងក្លាគឺ ជារឿងចាំបាច់បំផុតក្នុង អំឡុងពេលហ្វឹកហាត់ និង ការប្រកួត ការរក្សាបាននូវភាពកំប្លុកកំប្លែង និងការមិនតានតឹងជ្រុលពេក នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ គឺជាកត្តាដ៏សំខាន់មួយ ដែលនាំមកនូវភាពជោគជ័យ ជាបន្តបន្ទាប់របស់ក្រុមក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top