កីឡា

MotoGP នឹងរៀបចំវគ្គជម្រុះ (Qualifying) ដាច់ដោយឡែកសម្រាប់កម្មវិធីប្រណាំង Sprint ចាប់ពីរដូវកាលឆ្នាំ ២០២៧

​បរទេស ៖ ស្ថាប័នគ្រប់គ្រងការប្រណាំងម៉ូតូពិភពលោក MotoGP បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា ការប្រណាំងល្បឿនលឿនចម្ងាយខ្លី (Sprint races) នឹងមានវគ្គជម្រុះផ្ទាល់ខ្លួនដាច់ដោយឡែក ចាប់ពីរដូវកាលឆ្នាំ ២០២៧ តទៅ ដែលនាំឱ្យមានការរៀបចំលំដាប់ជួរចេញដំណើរ (grid) ផ្សេងពីការប្រណាំងធំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ តុលា ឆ្នាំ២០២៦។
​បច្ចុប្បន្ន ការប្រណាំង Sprint ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងផ្តល់ពិន្ទុរហូតដល់ ១២ ពិន្ទុសម្រាប់អ្នកឈ្នះ គឺមិនទាន់មានវគ្គជម្រុះផ្ទាល់ខ្លួននៅឡើយទេ ដោយត្រូវប្រើប្រាស់លំដាប់ជួរចេញដំណើរដូចគ្នានឹងការប្រណាំងផ្លូវការពេញលេញ (Grand Prix) នៅថ្ងៃអាទិត្យ។ ទម្រង់ថ្មីចាប់ពីឆ្នាំ ២០២៧ នឹងបំបែកលំដាប់ចេញដំណើរនេះឱ្យនៅដាច់ដោយឡែកពីគ្នា។

MotoGP នឹងកាត់បន្ថយពេលវេលានៃវគ្គហ្វឹកហាត់លើកទីពីរ (Practice 2) មកនៅត្រឹម ៣០ នាទីវិញ ដើម្បីទុកពេលសម្រាប់វគ្គជម្រុះ Sprint រយៈពេល ១៥ នាទីរៀងរាល់ថ្ងៃសុក្រ ក្នុងការកំណត់ទីតាំងចេញដំណើរសម្រាប់ការប្រណាំងចម្ងាយខ្លីដ៏ស្វិតស្វាញនេះ។

តំណាង MotoGP បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទម្រង់ថ្មីនេះ បង្កើតឱ្យមានតុល្យភាពរវាងទស្សនីយភាពដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ និងបង្កើនភាពតានតឹងក្នុងការប្រកួតប្រជែងនៅគ្រប់វគ្គទាំងអស់»។

ប្រែសម្រួល៖ គីរី

Most Popular

To Top