កីឡា

លោក វ៉ាត់ ចំរើន អញ្ជើញជាអធិបតី ពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ នៅកម្ពុជា

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិក ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ (Southeast Asia Virtual Taekwondo Series 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិអូស្ត្រាលី ភ្នំពេញ (AISPP ) រាជធានីភ្នំពេញ ប្រទេសកម្ពុជា ខាងមុខនេះ ។

ក្នុងពិធីបើក Southeast Asia Virtual Taekwondo Series 2026 ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ ព្រះនាង RAJA SAIDATUL MARDIAH រាជវង្ស Perak នៃស្តេចស៊ុលតង់ម៉ាឡេស៊ី លោកស្រី BYUNG HEE KIM សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានបច្ចេកទេស នៃសហភាពតេក្វាន់ដូអាស៊ី លោក YONG BAE CHOI Kyorugi អាជ្ញាកណ្តាល អនុប្រធានសហភាពតេក្វាន់ដូអាស៊ី លោក LAI HAN SENG នាយក HAN Academy នៃប្រទេសសិង្ហបុរី លោក TONY LEE តេក្វាន់ដូនិម្មិត ប្រធានតេក្វាន់ដូម៉ាឡេស៊ី -លោក Grand Master CHOI YONGSOK ប្រធាន KUKKIWON-កម្ពុជា

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ខេមរសហព័ន្ធតេក្វាន់ដូ ជាមួយ Virtual Taekwondo Academy សាលាអន្តរជាតិអូស្រា្តលីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា។ ការប្រកួតនេះ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឲ្យខេមរសហព័ន្ធតេក្វាន់ដូ រៀបចំការប្រកួតកីឡាតេក្វាន់ដូ និម្មិតអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ ។
កីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៩១នាក់(ស្រី ៤៥នាក់) មកពីបណ្តាប្រទេសចំនួន ០៥ ក្នុងនោះមីយ៉ាន់ម៉ា សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា។ការប្រកួតលើ វិញ្ញាសាសរុបចំនួន ១២ វិញ្ញាសា រួមមាន៖អាយុក្រោម ១៤ ឆ្នាំ អាយុក្រោម ១៨ឆ្នាំ អាយុក្រោម ៣៥ឆ្នាំ និង អាយុ ១៤ឆ្នាំឡើង។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមយកឱកាសនេះ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដល់គណៈកម្មការរៀបចំការប្រកួត Southeast Asia Virtual Taekwondo Series 2026 ដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។

ការប្រកួតប្រជែង ទៅតាមអាយុ និងភេទ ដើម្បីដណ្តើមជ័យជំនះ ជូនក្លិបរៀងៗខ្លួន ដែលការប្រកួតលើវិញ្ញាសា Virtual Taekwondo គឺជាការបង្ហាញ នូវបរិបទផ្នែកបច្ចេកវិទ្យាសម័យទំនើប របស់ប្រភេទ កីឡាតេក្វាន់ដូWT ដែលជាកីឡាអូឡាំពិក ហើយក៏ជាការប្រកួតកីឡា នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានរៀបចំឡើង ក្នុងគោលបំណងសហប្រតិបត្តិការ និងធ្វើការទំនាក់ទំនងគ្នាទៅវិញ ទៅមកឱ្យបានល្អប្រសើរ ក៏ដូចជាដកស្រង់បទពិសោធន៍ បច្ចេកទេសផងដែរ៕

Most Popular

To Top