កីឡា

លោក វ៉ាត់ ចំរើន ដឹកនាំកិច្ចប្រជុំត្រៀម ពិធីបើកព្រឹត្តិការណ៍ កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នាថ្ងៃ៧ វិច្ឆិកា

ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្តីពីការត្រៀមរៀបចំ ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីបើកការប្រកួតខាងលើកនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោកស្រី ញ៉ែម មរកត ប្រធានសមាគមបវរកញ្ញាកម្ពុជា លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងអង្គភាពពាក់ព័ន្ធនានា ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការរៀបរយក្នុងពិធីបើកព្រឹត្តការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ។នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ប្រកួតឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមប្រមាណជា ៤,៦៨០នាក់ ដែលអញ្ជើញមកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៣២ប្រភេទកីឡា លើ២៥៨ វិញ្ញាសា។ អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ។

ដោយឡែក សម្រាប់កីឡាជាតិជនពិការមាន ១០ប្រភេទកីឡា លើ៤៦វិញ្ញាសាប្រកួត៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ កូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ៕

Most Popular

To Top