ខេត្តក្រចេះ ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ និងជាប្រធានអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងបិទវគ្គបណ្តុះបណ្តាលស្ប៉េស្យាល់អូឡាំពិកជាផ្លូវការ នៅខេត្តក្រចេះ ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការជាតិយ៉េស្យាល់អូឡាំពិកខេត្តក្រចេះបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកដល់សិក្ខាកាមចំនួន ២៥ នាក់ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រីក ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកអូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការ ជ្រើសរើសកីឡាករ-កីឡាការិនី ពិការខ្សោយសតិបញ្ញា មកហ្វឹកហាត់ ដែលជាការផ្តល់ឱកាស ឲ្យពួកគាត់បានចូលរួម សកម្មភាពកីឡាទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។

លោក សែម សុខា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍ ចលនាកីឡាជនពិការសតិបញ្ញា ទាំងក្មេង ទាំងចាស់ នៅទូទាំងប្រទេសម្ពុជា។ ទន្ទឹមនោះយើងបានយកចិត្តទុដាក់ជួយជនពិការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្ម ភាពសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឲ្យពួកគាត់ទទួលបាន នូវសុខុមាលភាព មានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និងជៀសផុតពីការរើសអើងផ្សេងៗក្នុងសង្គម។ ក្រៅពីនេះយើងបានសហការជាមួយស្ថាប័ន អង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីលើកទឹកចិត្តដល់ក្មួយៗជនពិការខ្សោយសតិបញ្ញា បានចូលរួមលេងកីឡាឲ្យបានផុលផុស នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនពិការ។

លោកអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបន្តថា យើងជានិច្ចកាលតែងតែបានយក ចិត្តទុដាក់ក្នុងការពង្រីកចលនា កីឡាស្ប៉េស្យាល់អូឡាំពិកនៅតាមរាជធានី ខេត្ត និងបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាស្ប៉េស្យាល់អូឡាំពិកដល់ អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកចំនួន២០ រាជធានី ខេត្ត រួចហើយ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកែប និងខេត្តត្បូងឃ្មុំ ។

សម្រាប់ឆ្នាំ២០២៦នេះយើងបានបង្កើតអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តចំនួន ៦ទៀត គឺ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងបន្តបើក វគ្គបណ្តុះបណ្តាលនេះឲ្យបានគ្រប់បណ្តាខេត្តទូទាំងប្រទេសក្នុង ឆ្នាំ២០២៦-២០២៧ ដើម្បីឲ្យអនុគណៈកម្មាធិការជាតិនីមួយៗ ដំណើរការបានចាំបាច់ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាត្រូវបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីពាក់ ព័ន្ធឲ្យបានយល់ពីបញ្ហាពិការភាព និងបច្ចេកទេសកីឡានានា ដូចនាពេលនេះស្រាប់។

លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានបន្ថែមថា ជាពិសេស ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់ៗ ដូចជាផ្តល់ចំណេះដឹងអំពីលក្ខណៈសម្បត្តិជនពិការសតិបញ្ញា និងវិញ្ញាសាកីឡា ដែលពួកគាត់អាចលេងបាន និងវិញ្ញាសាត្រូវហាមឃាត់ ការបង្ហាញ ពីភាពខុសគ្នារវាងកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងស្ប៉េស្យាល់អូឡាំពិក ដែលសិក្ខាកាមអាចយកទៅអនុវត្តក្នុងការហ្វឹក ហាត់នៅតាមអង្គភាពមូលដ្ឋានរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ វេទិកាអាណា យើងមានកម្មវិធីផ្សេងៗជាច្រើនទៀតដូចជា ព្យាបាល សុខភាពសហគមន៍ ការត្រួតពិនិត្យសុខភាពកីឡាករ-កីឡាការិនី និងការហ្វឹកហាត់ផ្សេងៗរួមបញ្ចូលគ្នា ដើម្បីបំពេញ តម្រូវការក្នុងសហគមន៍របស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការវិវឌ្ឍន៍នៅមានកម្រិត ដូច្នេះចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺត្រូវពឹងផ្អែកលើការ ជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា៕


