កីឡា

ក្រុមក្រុមកំពូលតារាង ប៉ះក្រុមបាតតារាង! ក្លិប PSG ត្រៀមពង្រឹងតំណែងកំពូល ខណៈ Le Havre ប្រឹងប្រយែងដើម្បីរស់រានមានជីវិត

​ទីក្រុងប៉ារីស៖ ក្រុម Paris Saint-Germain (PSG) នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stade Oceane នៅរាត្រីថ្ងៃសុក្រនេះ ក្នុងគោលបំណងបន្តកំណត់ត្រាឈ្នះ ៥ប្រកួតជាប់គ្នារបស់ខ្លួននៅក្នុងក្របខណ្ឌលីគកំពូលបារាំង Ligue 1 នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។

យ៉ាងណាមិញ អ្នកចាត់ការទូទៅ លោក Luis Enrique បានព្រមានកូនក្រុមរបស់លោកកុំឱ្យមានការធ្វេសប្រហែស ឬមើលស្រាលគូប្រកួតឱ្យសោះ នៅពេលដែលពួកគេត្រូវប្រកួតទល់នឹងក្រុមបាតតារាង Le Havre។

ក្រុមក្រុមកំពូលតារាង Ligue 1, PSG នឹងត្រូវធ្វើដំណើរទៅតទល់ជាមួយក្រុមបាតតារាង Le Havre នៅកីឡដ្ឋាន Stade Oceane នាថ្ងៃសុក្រនេះ។ ក្រុមរបស់លោក Luis Enrique ធ្វើដំណើរទៅកាន់ការប្រកួតនេះ ដោយនាំយកនូវភាពជឿជាក់យ៉ាងខ្លាំង បន្ទាប់ពីទទួលបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នានៅគ្រប់កម្មវិធីប្រកួតទាំងអស់ ដែលក្នុងនោះរួមមានទាំងការយកឈ្នះលើក្រុម Barcelona ក្នុងលទ្ធផល ៤-២ ក្នុងក្របខណ្ឌ Champions League និងការយកឈ្នះលើក្រុម Lyon ក្នុងលទ្ធផល ២-០ ក្នុងក្របខណ្ឌលីគ។

​បច្ចុប្បន្ន PSG កំពុងឈរនៅកំពូលតារាង Ligue 1 ដោយមាន ១៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតបាន ៨លើក។ ចំណែកឯក្រុមម្ចាស់ផ្ទះ Le Havre វិញ នៅមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ដោយកំពុងឈរនៅបាតតារាង ក្រោយពីបានរងបរាជ័យយ៉ាងប្រផិតប្រផើយក្នុងលទ្ធផល ៤-៣ ក្រោមថ្វីជើងក្រុម Marseille ថ្មីៗនេះ។

​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Enrique បានសង្កត់ធ្ងន់ថា កូនក្រុមរបស់លោកនឹងមិនចាត់ទុកក្រុមរបស់លោកគ្រូបង្វឹក Didier Digard ជាគូប្រជែងងាយស្រួលនោះទេ។

​លោក Enrique បានប្រកាសថា៖ “ការឈរនៅកំពូលតារាង គឺជាការលើកទឹកចិត្តមួយដើម្បីបន្តការឈ្នះ។ រាល់ពេលដែលយើងបានប្រកួតជាមួយក្រុមដែលត្រូវបានគេចាត់ទុកថាជាក្រុមខ្សោយជាង យើងតែងតែជួបប្រទះបញ្ហាជានិច្ច។ ទោះបីជាយើងឈរនៅកំពូលតារាង ហើយពួកគេនៅបាតតារាងក៏ដោយ ក៏នៅតែមានពេលវេលាលំបាកៗជាច្រើនដែលយើងត្រូវគ្រប់គ្រង។”

​គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្ថែមទៀតថា៖ “វាគឺជាការសាកល្បង និងជាបញ្ហាប្រឈមមួយសម្រាប់ពួកយើង… ពួកគេតែងតែបង្កើតបញ្ហា តាមរយៈខ្សែប្រយុទ្ធកណ្តាល និងខ្សែបម្រើស្លាបរបស់ពួកគេ។”

ក្លិប PSG កំពុងជួបប្រទះបញ្ហារបួសកីឡាករសំខាន់ៗជាច្រើន ដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ កីឡាករ Khvicha Kvaratskhelia ដែលត្រូវអវត្តមានពេញមួយរដូវកាល ដោយសាររបួសដាច់សរសៃពួរជង្គង់ (ACL) ក្នុងការប្រកួតទល់នឹង Barcelona។ ខ្សែការពារ Marquinhos ក៏នឹងអវត្តមានដោយសារបញ្ហារបួសភ្លៅផងដែរ ប៉ុន្តែលោក Enrique បានច្រានចោលនូវលទ្ធភាពនៃការទិញកីឡាករថ្មីជាបន្ទាន់។

​ងាកមកមើលក្រុម Le Havre វិញ ក៏មានបញ្ហាកីឡាកររបួសធ្ងន់ធ្ងរមិនចាញ់គ្នាដែរ ដោយកីឡាករដូចជា Stephan Zagadou, Lionel Mpasi-Nzau, Timothee Pembele, និង Elias Jelert សុទ្ធតែត្រូវអវត្តមានទាំងអស់។

​លោក Enrique បានលើកឡើងពីការផ្លាស់ប្តូរកីឡាករក្នុងក្រុម (Squad rotation) ដោយបានកោតសរសើរដល់កីឡាករបម្រុងដូចជា Senny Mayulu និង Mika Godts ដែលបានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងការប្រកួតថ្មីៗនេះ។
​
ប្រសិនបើទទួលបានជ័យជម្នះនៅឯកីឡដ្ឋានរបស់ Le Havre នោះ វានឹងជួយពង្រឹងតំណែងរបស់ PSG ឱ្យកាន់តែរឹងមាំនៅកំពូលតារាង Ligue 1 ។ ក្រុមការពារតំណែងជើងឯកមួយនេះ កំពុងកំណត់គោលដៅពង្រីកគម្លាតពិន្ទុនាំមុខ ពីលើក្រុមលេខ២ Rennes មុនពេលពួកគេត្រូវបង្វែរការយកចិត្តទុកដាក់ ត្រឡប់ទៅកាន់ការប្រកួតពានរង្វាន់អឺរ៉ុបវិញ ។
​ការប្រកួតនេះ នឹងចាប់ផ្តើមទាត់បាល់ជាផ្លូវការ នៅកីឡដ្ឋាន Stade Oceane នារាត្រីថ្ងៃសុក្រ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top