ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសរៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ អបអរសាទរក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ វិញ នៅទីតាំងទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំ ឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ អបអរសាទរក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ដំណើរការទៅបានដោយមានការជួយគាំទ្រ និសហការរវាង សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អាជ្ញាកណ្តាលខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយវិស័យកីឡាទាញព្រ័ត្រ គឺជាកីឡាប្រពៃណីជាតិដ៏ពេញ និយមមួយរបស់កម្ពុជា ដែលត្រូវបានអនុម័ត និងបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ហើយត្រូវបានរៀបចំ និងពង្រីកវិសាលភាព ជាផ្លូវការក្រោមការគ្រប់គ្រងរបស់ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។

កីឡាទាញព្រ័ត្រត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក ដែលត្រូវបានអបអរសាទរខួបផ្សេងៗ និងជំរុញការអភិរក្ស និងអភិវឌ្ឍន៍ជាលក្ខណៈកីឡាជាតិ និងអន្តរជាតិ ។ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាតែងតែមានការរៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសឱ្យកីឡាករឥកីឡាការិនីបានវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព (ដូចជាវិញ្ញាសាផ្នែកបុរស ៨នាក់ទល់៨នាក់)។

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតកីឡា ទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ អបអរសាទរ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ “គុណតម្លៃសមុទ្រសេដ្ឋកិច្ចខៀវ ផ្សារភ្ជាប់ចីរភាពជីវៈចម្រុះតំបន់ឆ្នេរសមុទ្រ” ដែលគ្រោងរៀបចំចាប់ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ សហព័ន្ធបានសម្រេចកាលបរិច្ឆេទជាថ្មីមករៀបចំចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ វិញ នៅទីតាំងទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ដោយ៖លី ភីលីព

