បរទេស៖ Jude Bellingham បានសាងប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្លឹបអធិរាជស Real Madrid បន្ទាប់ពីសម្រេចបានកំណត់ត្រា ផ្ទាល់ខ្លួនដ៏អស្ចារ្យ កាលពីថ្ងៃអាទិត្យ ។ ខ្សែបម្រើឆ្នើមរូបនេះបានស៊ុតបញ្ចូលទីជួយឱ្យក្រុមរបស់លោក Jose Mourinho ទទួលបានជ័យជម្នះយ៉ាង ងាយស្រួលក្នុងលទ្ធផល ៣-០ លើក្រុម Racing Santander ខណៈដែលពួកគេកំពុងបន្តប្រដេញតាមគូប្រជែងនៅកំពូលតារាង La Liga នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
Bellingham បានក្លាយជាកីឡាករសញ្ជាតិអង់គ្លេសដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលរកគ្រាប់បាល់បាន ៥០ គ្រាប់សម្រាប់ក្រុម Real Madrid។ អតីតកីឡាកររបស់ក្រុម Borussia Dortmund រូបនេះសម្រេចបានកំណត់ត្រា ៥០ គ្រាប់ ក្នុងជ័យជម្នះ ៣-០ លើក្រុម Racing Santander កាលពីរសៀលថ្ងៃអាទិត្យ ដែលកាន់តែបញ្ជាក់យ៉ាងច្បាស់ ពីឋានៈរបស់ខ្លួន ក្នុងនាមជាកីឡាករចំណូលថ្មី ដ៏មានឥទ្ធិពលបំផុតមួយក្នុងយុគសម័យ ទំនើបរបស់ក្លឹប។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានចូលរួមការប្រកួតដោយសង្ឃឹមថានឹងអាចស្វែងរកទម្រង់លេងស៊ុតបញ្ចូលទីដ៏មុតស្រួចរបស់ខ្លួនឡើងវិញ បន្ទាប់ពីខកខានរកគ្រាប់បាល់ (Goal drought) ចំនួន ៧ ប្រកួតជាប់ៗគ្នា ដែលជារឿងកម្រនឹងកើតមានសម្រាប់រូបគេ។ គាត់បានបញ្ចប់ការរាំងស្ទះនោះយ៉ាងអស្ចារ្យ ដោយការស៊ុតបញ្ចូលទីគ្រាប់ទីពីរឱ្យក្រុម Real Madrid ក្នុងការប្រកួតនេះ បន្ទាប់ពីគ្រាប់បាល់ប៉េណាល់ទីបើកឆាកតាំងពីដើមតង់ដោយកីឡាករ Kylian Mbappe ដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់ក្រុមភ្ញៀវ។ គ្រាប់បាល់នេះបានធានាថា Bellingham នៅតែជាកីឡាករឈានមុខគេដែលមិនអាចប្រកែកបាន ក្នុងចំណោមកីឡាករអង់គ្លេស ដែលធ្លាប់ពាក់ឯកសណ្ឋានពណ៌សដ៏ល្បីល្បាញនេះ។
ដោយបានវ៉ាដាច់កំណត់ត្រារបស់អតីតកីឡាករល្បីៗជាច្រើនដូចជា David Beckham និង Laurie Cunningham ដែលអ្នកទាំងពីររកបានត្រឹមតែ ២០ គ្រាប់រៀងៗខ្លួន មុនពេលបញ្ចប់អាជីពនៅរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ ពេលនេះ Bellingham កំពុងឈរនៅកម្រិតមួយដាច់តែឯង។
តាមរយៈការរកបាន គ្រាប់បាល់ទី ៥០ ឱ្យ Real Madrid ក្នុងការបង្ហាញខ្លួនលើកទី ១៥៤ គ្រប់កម្មវិធីប្រកួតទាំងអស់ ក៏បានធ្វើឱ្យរូបគេកត់ត្រា ឈ្មោះចូលក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបយក្សអេស្ប៉ាញមួយនេះ ក្នុងនាមជាកីឡាករទី ៥០ ដែលសម្រេចបានកំណត់ត្រាដ៏សំខាន់នេះផងដែរ។
ប្រែសម្រួល៖ គីរី
