បរទេស៖ កីឡាករ Virgil van Dijk បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីក្រុមហង្សក្រហម Liverpool ត្រូវបានបដិសេធមិនផ្តល់បាល់ ប៉េណាល់ទីនៅវគ្គទីមួយ ជុំវិញករណីទាញអាវលើកីឡាករ Alexander Isak ក្នុងការប្រកួតដែលពួកគេបានចាញ់ ក្រុមកាំភ្លើងធំ Arsenal ១-០ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ។ ខ្សែការពារសញ្ជាតិហូឡង់រូបនេះ បានចោទសួរថា ហេតុអ្វីបានជាខ្សែប្រយុទ្ធត្រូវទាមទារ ឬតវ៉ា ខណៈដែលមានកាមេរ៉ាជាច្រើន កំពុងថតនៅលើទីលាន បន្ទាប់ពីគ្រាប់បាល់នាំមុខតាំងពីដើមតង់របស់កីឡាករ Kai Havertz គឺគ្រប់គ្រាន់ក្នុងការជួយឱ្យក្រុម Arsenal ទទួលបាន ៣ ពិន្ទុ និងឈរនៅកំពូលតារាងដាច់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុម Liverpool យល់ថាពួកគេគួរតែទទួលបានការទាត់បាល់ប៉េណាល់ទី នៅពេលដែលខ្សែការពារ Jurrien Timber បានទាញអាវរបស់ Isak ខណៈដែលមានការបញ្ជូនបាល់កាត់ខ្វែងចូលទៅក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែទាំងអាជ្ញាកណ្តាលលោក Andy Madley និងប្រព័ន្ធ VAR សុទ្ធតែមិនបានធ្វើអន្តរាគមន៍លើករណីនេះទេ។
ថ្លែងប្រាប់សារព័ត៌មាន Sky Sports ដែលត្រូវបានដកស្រង់បន្តដោយកាសែត Express កីឡាករ Van Dijk បាននិយាយថា៖ “ខ្ញុំគិតថាវាគឺជាបាល់ប៉េណាល់ទីយ៉ាងច្បាស់។ ខ្ញុំបានមើលវីដេអូឡើងវិញ ហើយខ្ញុំក៏ធ្លាប់ឃើញករណីបែបនេះគេផ្តល់បាល់ប៉េណាល់ទីឱ្យដែរ។ ប៉ុន្តែថ្ងៃនេះ វាមិនត្រូវបានផ្តល់ឱ្យនោះទេ។”
នៅពេលសួរថា តើ Isak គួរតែបញ្ចេញប្រតិកម្មឱ្យខ្លាំងជាងនេះដើម្បីបញ្ចុះបញ្ចូលអាជ្ញាកណ្តាលដែរឬទេ Van Dijk បានឆ្លើយតបថា៖ “យើងមានកាមេរ៉ាដល់ទៅ ៥០ គ្រឿង។
ហេតុអ្វីបានជាគាត់ត្រូវតវ៉ាទៀត ខណៈដែលមានកាមេរ៉ាច្រើនបែបនេះ? មនុស្សគ្រប់គ្នាបានឃើញវាហើយ។ ទីបំផុត វាមិនត្រូវបានផ្តល់ឱ្យ ហើយយើងក៏ចាញ់ការប្រកួតនេះជាអកុសល ដូច្នេះសូមអបអរសាទរចំពោះ Arsenal។”
Van Dijk បានសារភាពថា Liverpool ដែលមានឱកាសស៊ុតបុករបាទីដោយ Florian Wirtz និងការតែតរំលងរបារទីយ៉ាងគួរឱ្យស្តាយដោយ Alexis Mac Allister មុនពេលសម្រាកតង់នោះ គួរតែអាចធ្វើបានល្អជាងនេះនៅតំបន់ប្រយុទ្ធ (Final third)៖ “ពិតជាខកចិត្តណាស់។ យើងលេងក្នុងដីខ្លួនឯង យើងមានឱកាសខ្លះៗដែរ។ យើងបានព្យាយាមអស់ពីសមត្ថភាព។ យើងគួរតែអាចធ្វើបានល្អជាងនេះបន្តិចនៅ ១៥ នាទីចុងក្រោយ ដើម្បីបញ្ជូនបាល់ចូលទៅក្នុងប្រអប់ទីឱ្យបានច្រើន។”
គាត់បានបន្តថា៖ “វាមិនទាន់គ្រប់គ្រាន់ទេសម្រាប់ថ្ងៃនេះ ហើយនោះហើយជាមូលហេតុដែលខ្ញុំមានអារម្មណ៍ខកចិត្ត។ នៅពេលដែលយើងរបូតគ្រាប់បាល់ យើងបែរជាលេងបានល្អជាងមុនទៅវិញ។ Alexis គួរតែអាចផ្លាស់ប្តូរលទ្ធផលនៃការប្រកួតនេះបាន។”
អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Andoni Iraola ក៏បានបញ្ជាក់យ៉ាងដាច់អហង្ការផងដែរអំពីហេតុការណ៍របស់ Isak នេះថា៖ “វាជាបាល់ប៉េណាល់ទីយ៉ាងច្បាស់។ ការទាញអាវ យើងទាំងអស់គ្នាអាចមើលឃើញថាគាត់ពិតជាបានទាញអាវមែន។ បាល់បានរំលងពីមុខ Alex ត្រឹមតែមួយសង់ទីម៉ែត្រប៉ុណ្ណោះ។ Alex រៀបនឹងស៊ុតបាល់នៅមុខទីទៅហើយ។ ការដែលអ្នកសួរខ្ញុំថា គាត់គួរតែដួលទៅលើទីលាន នោះទើបជារឿងចម្លែក។ ប្រសិនបើគាត់ដួល ពួកគេច្បាស់ជាផ្តល់ប៉េណាល់ទីឱ្យខ្ញុំ។ ពួកគេនឹងផ្តល់ប៉េណាល់ទី ១០០ ភាគរយ។”
ប្រែសម្រួល៖ គីរី
