កីឡា

លោក Jose Mourinho ឌឺដងដាក់អ្នកគាំទ្រក្លឹប Racing Santander បន្ទាប់ពី Real Madrid ឈ្នះ ៣-០

​បរទេស ៖ លោក Jose Mourinho បានវិលត្រឡប់មកប្រើទម្លាប់ឌឺដង របស់លោកជាថ្មី បន្ទាប់ពីក្រុមអធិរាជស Real Madrid ទទួលបានជ័យជម្នះ ៣-០ យ៉ាងល្អឥតខ្ចោះលើក្រុម Racing Santander កាលពីរសៀលថ្ងៃអាទិត្យ ។ ថ្វីត្បិតតែមានបរិយាកាសតានតឹង យ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ បានឆ្លៀតឱកាសចំអកដល់អ្នកគាំទ្រម្ចាស់ផ្ទះ ចំពោះការមិនយល់ដឹង អំពីច្បាប់ទម្លាប់នៃការប្រកួត នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

ក្រុម Real Madrid បានទទួល ៣ ពិន្ទុដ៏សំខាន់ សម្រាប់ការប្រកួតក្រៅដីរបស់ពួកគេ ប៉ុន្តែចំណងជើងព័ត៌មានក្រោយការប្រកួត ត្រូវបានគ្របដណ្ដប់ដោយសម្ដីឌឺដង និងការលេងសើចរបស់លោក Mourinho។ អតីតគ្រូបង្វឹកក្រុម Chelsea និង Inter Milan រូបនេះ មិនមានភាពតក់ស្លុត នឹងបរិយាកាសនៅក្នុងកីឡដ្ឋាន Estadio El Sardinero នោះទេ ដោយលោកបានជ្រើសរើសយកការវាយបកទៅ លើការតវ៉ាដោយសំឡេងឡូឡារបស់អ្នកគាំទ្រម្ចាស់ផ្ទះ នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។

​លោក Mourinho បានពន្យល់ថា៖ «ខ្ញុំស្រឡាញ់កីឡដ្ឋាននេះ ហើយខ្ញុំក៏ស្រឡាញ់អ្នកគាំទ្រ Racing ផងដែរ។ ពួកគេមិនមែនមកដើម្បីទស្សនាការសម្ដែង ឬមើលកុននោះទេ ពួកគេមកដើម្បីចូលរួមក្នុងការប្រកួត និងធ្វើឱ្យអ្វីៗមានការលំបាកខ្លាំងសម្រាប់គូប្រកួត»។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានប្រែប្រួល នៅពេលដែលលោកបានលើកឡើងពីសំឡេងផ្លុំកញ្ចែចំអកឥតឈប់ឈរពីលើកន្លែងអង្គុយទស្សនា។ លោកបានបន្ថែមដោយសម្ដីឌឺដងថា៖ «ពួកគេបានតវ៉ាប្រឆាំងនឹងរាល់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ជាពិសេសដោយសារតែពួកគេមិនសូវដឹងច្បាប់។ តែជាការពិតណាស់ ខ្ញុំយល់ ព្រោះច្បាប់មានការផ្លាស់ប្តូរច្រើន»។

​ភាពតានតឹងនៅក្នុងកីឡដ្ឋានបានឡើងដល់កម្រិតកំពូល នៅពេលដែលក្រុម Racing Santander គិតថាពួកគេមានឱកាសអាចវាយបកយកគ្រាប់បាល់វិញតាមរយៈការទាត់បាល់ប៉េណាល់ទី។ ទោះជាយ៉ាងណាក៏ដោយ ការអន្តរាគមន៍ពីប្រព័ន្ធ VAR បានធ្វើឱ្យការសម្រេចចិត្តនោះត្រូវបានលុបចោលវិញ ដែលទង្វើនេះបានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រម្ចាស់ផ្ទះ។

​មតិយោបល់របស់លោក Mourinho ភាគច្រើនបានផ្តោតទៅលើការលុបចោលបាល់ប៉េណាល់ទីនេះ ដែលលោកជឿជាក់ថា វាជាឧទាហរណ៍ដ៏ច្បាស់លាស់មួយដែលបង្ហាញថាបច្ចេកវិទ្យាកំពុងដំណើរការបានយ៉ាងត្រឹមត្រូវ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បានឈរយ៉ាងរឹងមាំលើជំនឿរបស់លោកថា ក្រុមម្ចាស់ផ្ទះមិនសមនឹងទទួលបានបាល់ប៉េណាល់ទីនោះឡើយ ក្រោមច្បាប់កំណត់បច្ចុប្បន្ន។

​លោក Mourinho បានបន្តទៀតថា៖ «ពួកគេបានតវ៉ាប្រឆាំងនឹងការលុបចោលបាល់ប៉េណាល់ទីនេះ ទាំងដែលវាច្បាស់ណាស់ថា ច្បាប់បានចែងថាវាមិនមែនជាបាល់ប៉េណាល់ទីនោះទេ។ វាជារឿងច្បាស់ណាស់ ប្រសិនបើ VAR មិនកំពុងដេកលក់។ ហើយសំណាងល្អ VAR មិនបានដេកលក់នោះទេ។ អាជ្ញាកណ្តាលពិតជាធ្វើបានល្អណាស់»។

ប្រែសម្រួល៖ គីរី

Most Popular

To Top