ភ្នំពេញ៖លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានប្រាប់ឲ្យដឹងដថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាគឺជាសមាជិកពេញសិទ្ធិនៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក មានឈ្មោះជាភាសា អង់គ្លេសថា (WBPF) ហើយពុំមែនជាសមាជិករបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (IFBB) ឡើយ ដោយមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនក្នុងស្រុក បានបង្កឲ្យមានការយល់ច្រឡំដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជនចំពោះសហព័ន្ធ។
លោកប្រធានបានបន្តថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ហើយគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៤ (ឆ្នាំ២០២៤-២០២៨) មានសិទ្ធិអំណាចពេញលេញក្នុងការតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ដើម្បី គ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ប្រភេទកីឡានេះទាំងក្នុង និងក្រៅប្រទេស។ សហព័ន្ធបានគោរពតាមច្បាប់ តម្លាភាព និងការអភិវឌ្ឍវិស័យកីឡាកាយវប្បកម្មឲ្យស្របតាមបទបញ្ញត្តិ និង គោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារជាតិប្រឆាំងដូប៉ាកម្ពុជា។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាស្ថិតនៅក្រោមឆ័ត្ររបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក មានឈ្មោះជាភាសា អង់គ្លេសថា (WBPF) មិនមែនជាសមាជិករបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (IFBB) ឡើយ សូមស្ថាប័នពាក់ព័ន្ធនឹងកីឡា និងសាធារណជនសូមមេត្តាជ្រាបជាដំណឹង។
លោកអតីតកីឡាករកាយវប្បកម្មជើងចាស់ដ៏ឆ្នើមរបស់កម្ពុជា បានបន្ថែមថា រាល់ការចេញប្រកួតក្រៅប្រទេសកមិ្រតអន្តរជាតិផ្លូវការរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំ ហាត់ប្រាណកម្ពុជា តែងតែងចូលរួមជាការប្រកួតដែលរៀបចំឡើងក្រោមឆ័ត្រ និងការទទួលស្គាល់របស់ WBPF តែមួយគត់ប៉ុណ្ណោះ។ ចំណែកកីឡាករមួយចំនួនចេញទៅប្រកួតលក្ខណឯកជននោះ មិនពាក់ព័ន្ធនឹងសហព័ន្ធ ដូច្នេះសូមស្ថាប័នពាក់ព័ន្ធនឹងកីឡា និងសាធារណជនសូមមេត្តាជ្រាបជាដំណឹង។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មិនបានទទួលលិខិតណាមួយរបស់ទីភ្នាក់ងារប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡាពិភពលោក “WADA” ធ្វើការហាមឃាត់ និងផ្អាកសកម្មភាពកីឡាកាយវប្បកម្មកម្ពុជាឡើយ។ដោយឡែក WADA បានដាក់ពិន័យ និងផ្អាកសកម្មភាព លើសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (IFBB) មិនមែនសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាឡើយ សូមស្ថាប័នពាក់ព័ន្ធនឹងកីឡា និងសាធារណជនសូមមេត្តាជ្រាបជាដំណឹង។
បញ្ជាក់៖សហព័ន្ធបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ហាមឃាត់ និងដាក់ពិន័យចំពោះកីឡាករ-កីឡាការិនីទាំងឡាយណាដែលល្មើសនឹងបទបញ្ញត្តិប្រឆាំងដូប៉ា។ សហព័ន្ធបានសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារជាតិប្រឆាំងដូប៉ាកម្ពុជា (CADA) ក្នុងការបញ្ជូនមន្ត្រី គ្រូបង្វឹក និងអត្តពលិកទៅទទួលការអប់រំ ធ្វើតេស្ត និងអនុវត្តទណ្ឌកម្មចំពោះបុគ្គលដែលមានសារ ធាតុហាមឃាត់ប្រកបដោយភាពតឹងរ៉ឹង៕

