បរទេស៖ លោក Sir David Beckham កំពុងស្ថិតក្នុងជម្លោះផ្លូវច្បាប់ ជាមួយក្រុមហ៊ុន Coty បន្ទាប់ពីទឹកអប់ម៉ាកយីហោ របស់លោកត្រូវបានគេប្រទះឃើញដាក់លក់នៅ តាមបណ្តាហាងលក់ទំនិញបញ្ចុះតម្លៃ និងស្ថានីយ៍ប្រេងឥន្ធនៈ។ ក្រុមហ៊ុនគ្រប់គ្រងយីហោ របស់លោកកំពុងទាមទារសំណងខូចខាតយ៉ាងហោចណាស់ ៤១លានដុល្លារ ប៉ុន្តែក្រុមហ៊ុនទឹកអប់ខ្នាតយក្សនេះ បានបដិសេធរាល់ការចោទប្រកាន់ ដោយស្នើសុំឱ្យតុលាការទម្លាក់ចោលសំណុំរឿងនេះ និងបានអះអាងថា ជម្លោះនេះគឺជារឿងចំបង ដែលបង្កឡើង ដោយការព្យាយាមផ្លាស់ប្តូរទៅរកក្រុមហ៊ុន គូប្រជែងមុនកាលកំណត់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក Sir David Beckham កំពុងជាប់ពាក់ព័ន្ធ ក្នុងវិវាទផ្លូវច្បាប់ជាមួយ Coty ដែលជាក្រុមហ៊ុនចែកចាយទឹកអប់ ម៉ាកយីហោរបស់លោក បន្ទាប់ពីផលិតផលទាំងនេះត្រូវបានរកឃើញថាមានដាក់លក់នៅតាមហាងបញ្ចុះតម្លៃ និងស្ថានីយ៍ប្រេងឥន្ធនៈ ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Athletic ឯកសារតុលាការ បានគូសបញ្ជាក់ពី “ភាពភ្ញាក់ផ្អើល និង ការខកចិត្តយ៉ាងខ្លាំង” របស់លោក Beckham នៅពេលដែលបានឃើញ ទឹកអប់ប្រភេទ Eau de Toilette និង Eau de Parfum របស់លោកស្ថិតក្នុងធុងទំនិញឡៃឡុងបញ្ចុះតម្លៃ។
បណ្តឹងដែលបានដាក់ចូលទៅកាន់តុលាការទីក្រុងញូវយ៉កនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន DB Ventures ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បង្កើតឡើងដោយប្រធាន និងជាសហម្ចាស់ក្លឹប Inter Miami រូបនេះផ្ទាល់ ដើម្បីគ្រប់គ្រងសិទ្ធិរូបភាព និងភាពជាដៃគូអាជីវកម្មរបស់លោក។ បណ្តឹងនេះកំពុងទាមទារប្រាក់សំណងខូចខាត “មិនតិចជាង ៤១លានដុល្លារ” និងទាមទារឱ្យមានការបញ្ចប់កិច្ចសន្យាថែមទៀតផង។
ក្រុមហ៊ុន DB Ventures ដែលបានពណ៌នាអតីតតារាបាល់ទាត់ក្រុម Manchester United និងជម្រើសជាតិអង់គ្លេសវ័យ ៥១ ឆ្នាំរូបនេះថាជា “បុគ្គលដ៏មានឥទ្ធិពល និងជានិមិត្តរូបដ៏លេចធ្លោបំផុតម្នាក់ក្នុងវិស័យម៉ូដកីឡា និងអាជីវកម្ម” បានបញ្ជាក់ថា “កេរ្តិ៍ឈ្មោះដ៏ប្រណិត” របស់លោកត្រូវបាន “កសាងឡើងយ៉ាងយកចិត្តទុកដាក់បំផុត” ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ឯកសារតុលាការរបស់ក្រុមហ៊ុននេះបានសរសេរថា៖ “ក្រុមហ៊ុន Coty បានចែកចាយទឹកអប់ David Beckham តាមរយៈហាងលក់រាយតម្លៃថោក Poundland ដែលជាការអនុញ្ញាតឱ្យផលិតផលនេះត្រូវបានលក់ក្នុងតម្លៃថោកដូចទំនិញនៅហាងលក់ទំនិញមួយដុល្លារ និងធ្វើឱ្យយីហោ David Beckham ភ្ជាប់ទៅនឹងផលិតផលដែលមានតម្លៃថោក និងបញ្ចុះតម្លៃ”។
ក្រុមហ៊ុននេះបានអះអាងថា ផលិតផលក្នុងស្តុកដែលប៉ាន់ស្មានថាមានតម្លៃប្រមាណ ២៤,២លានដុល្លារ (១៨,២លានផោន) ត្រូវបានលក់តាមរយៈ “បណ្តាញចែកចាយដែលមិនមានការអនុញ្ញាត និងក្នុងតម្លៃបញ្ចុះទាបបំផុតដូចទំនិញឡៃឡុង” ដោយចោទសួរថា៖ “តើរឿងនេះអាចកើតឡើងបានដោយរបៀបណា? គឺដោយសារតែភាពទាល់ច្រក និងភាពលោភលន់។” ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ការធ្វើសវនកម្ម បានរកឃើញថា Coty បានរាយការណ៍ពីការលក់សុទ្ធ ទាបជាងការពិតចំនួន ១២៣លានដុល្លារ (៩៣លានផោន) ដែលបណ្តាលឱ្យខាតបង់ប្រាក់សួយសារ (Royalties) ចំនួន ៦លានដុល្លារ (៤,៥លានផោន)។
ជាការឆ្លើយតប ក្រុមហ៊ុន Coty បានបដិសេធរាល់ការ ចោទប្រកាន់ទាំងអស់ និងបានដាក់ញត្តិទៅកាន់តុលាការ កំពូលរដ្ឋញូវយ៉ក ដោយស្នើសុំឱ្យសំណុំរឿងនេះ “ត្រូវបានទម្លាក់ចោលទាំងស្រុង”។ ក្រុមហ៊ុននេះបានលើកឡើងថា សំណុំរឿងនេះត្រូវបានយកមកប្តឹងនៅទីក្រុងញូវយ៉កដោយមិនត្រឹមត្រូវ និងបានអះអាងថា យុទ្ធនាការទីផ្សារដែលមិនមានការអនុញ្ញាតនោះ គឺជាព្រឹត្តិការណ៍ដែលកើតឡើងតែម្តងគត់ ហើយត្រូវបានដោះស្រាយភ្លាមៗ ព្រមទាំងបដិសេធថាមិនបានបំពានកិច្ចសន្យានោះទេ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា៖ “នេះមិនមែនជារឿងការពារម៉ាកយីហោរបស់ David Beckham នោះទេ”។
ប្រែសម្រួល៖ គីរី
