ផ្សេងៗ

Nathaniel Brown តាមស្មើឱ្យ Bayern Munich ចែកគ្នា  ជាមួយ Koln ខណៈ Kane រងរបួសក្នុងពេលប្រកូត

បរទេស៖ ​ក្រុម Bayern Munich ត្រូវបានក្រុមភ្ញៀវ Koln តាមស្មើក្នុងលទ្ធផល ១-១ យ៉ាងគួរឱ្យខកចិត្តនៅឯកីឡដ្ឋាន Allianz Arena ដែលជាលទ្ធផលមួយត្រូវបានគ្របដណ្ដប់ដោយបញ្ហារបួសធ្ងន់ធ្ងររបស់ខ្សែប្រយុទ្ធ Harry Kane។ ទោះបីជាគ្រប់គ្រងបាល់បានលើសលប់ក៏ដោយ ក៏ក្រុមម្ចាស់ផ្ទះជួបការលំបាកក្នុងការបំប្លែងឧត្តមភាពលើទីលានទៅជាគ្រាប់បាល់បន្ថែម បន្ទាប់ពីគ្រាប់បាល់តាមស្មើរបស់កីឡាករ Nathaniel Brown នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២១ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​ផែនការយុទ្ធសាស្ត្ររបស់ក្រុម Bayern Munich ត្រូវបានរង្គោះរង្គើតាំងពីដើមតង់នៅឯកីឡដ្ឋាន Allianz Arena បន្ទាប់ពីកីឡាករ Harry Kane ត្រូវបានបង្ខំចិត្តប្តូរចេញពីទីលានដោយសាររបួសជើង នៅត្រឹមនាទីទី ២០ នៃការប្រកួតប៉ុណ្ណោះ។ ការផ្លាស់ប្តូរដោយមិនបានរំពឹងទុកនេះ បានតម្រូវឱ្យក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះ ត្រូវលេងដោយគ្មានខ្សែប្រយុទ្ធគោលដ៏សំខាន់របស់ខ្លួន ទល់នឹងទម្រង់លេងការពារដ៏រឹងមាំរបស់ក្រុម Koln។ មុននេះបន្តិច ក្រុមភ្ញៀវបានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅនាទីទី ១២ នៅពេលដែលកីឡាករ Mikey Moore បញ្ចប់ទីយ៉ាងមុតស្រួចពីការវាយបកយ៉ាងរហ័ស ដោយឆ្លៀតឱកាសពីកំហុសឆ្គងដ៏កម្រនៃការផ្លាស់ប្តូរតំបន់ការពាររបស់ Bayern។

​ការវាយបកតាមស្មើរបស់ Bayern ត្រូវបានដឹកនាំដោយកីឡាករ Nathaniel Brown ដែលបានរកគ្រាប់បាល់តាមស្មើនៅនាទីទី ៣៧ តាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អពីខាងក្រៅប្រអប់គ្រោះថ្នាក់។ ទោះបីជា Bayern គ្រប់គ្រងបាល់បានរហូតដល់ ៧១% និងបញ្ជូនបាល់បានត្រឹមត្រូវចំនួន ៧៤៧ លើកយ៉ាងណាក្តី ក៏ពួកគេនៅតែខ្វះភាពច្នៃប្រឌិតនៅតំបន់ប្រយុទ្ធចុងក្រោយ ដើម្បីទម្លុះទម្រង់លេង ៣-៥-១-១ របស់ក្រុមរហស្សនាម «ពពែព្រៃ» (Billy Goats) នេះ។ ជាក់ស្តែង ក្រុម Koln បានបញ្ចប់ការប្រកួតជាមួយនឹងសន្ទស្សន៍គ្រាប់បាល់រំពឹងទុក (Expected Goals – xG) ខ្ពស់ជាង គឺរហូតដល់ ១.៩៨ បើធៀបនឹង Bayern ដែលមានត្រឹមតែ ០.៩៤ ប៉ុណ្ណោះ ដែលនេះបង្ហាញឱ្យឃើញថា ខណៈដែលក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែក្រុមភ្ញៀវគឺជាអ្នកបង្កគ្រោះថ្នាក់ពិតប្រាកដនៅលើទីលាន។

ប្រែសម្រួល៖ គីរី

Most Popular

To Top