ព័ត៌មានអន្តរជាតិ

Disney រក្សាតម្លៃសំបុត្រមួយចំនួន និងដំឡើងក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន សម្រាប់រដូវកាល ២០២៦-២០២៧

បរទេស៖ ជារៀងរាល់ខែតុលា ស្របពេលពិធីបុណ្យ Halloween និងព្រឹត្តិការណ៍កីឡា World Series ឈានមកដល់ ក្រុមហ៊ុន Disney តែងតែប្រកាសកែសម្រួលតម្លៃសំបុត្រចូលកម្សាន្តនៅសួនកម្សាន្តនានារបស់ខ្លួនក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែសម្រាប់រដូវកាលឆ្នាំ ២០២៦-២០២៧ តម្លៃសំបុត្រជាច្រើនកម្រិតនៅតែរក្សាដដែល រីឯសំបុត្រដែលត្រូវឡើងថ្លៃវិញ គឺឡើងក្នុងកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Deadline ថ្ងៃទី៨ តុលា ឆ្នាំ២០២៦។

​ការសម្រេចចិត្តនេះកើតឡើងស្របពេលទីផ្សារសួនកម្សាន្តជួបសម្ពាធមួយចំនួន៖

• ​ក្រុមហ៊ុន Comcast បានរាយការណ៍ពីការថយចុះចំនួនភ្ញៀវចូលទស្សនាសួនកម្សាន្តក្នុងស្រុករបស់ខ្លួន បើទោះបីជាទើបតែបើកដំណើរការសួនកម្សាន្ត Epic Universe នៅទីក្រុង Orlando ក៏ដោយ។

• ​ដោយឡែក Disney ទទួលបានកំណើនភ្ញៀវសរុបទូទាំងពិភពលោក ៤% និងភ្ញៀវក្នុងស្រុកកើន ៣%។ ចំណូលជាមធ្យមពីសំបុត្រក្នុងមនុស្សម្នាក់នៅតែកើនឡើង ៥% ហើយការកក់ទុកមុននៅតែរឹងមាំ ដោយសារកំណើនភ្ញៀវក្នុងស្រុក និងសមាជិកកាតប្រចាំឆ្នាំ (Annual Passholders)។

• ​ទោះជាយ៉ាងណា Disney យល់ច្បាស់ពីបន្ទុកហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ ជាពិសេសការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយលើការធ្វើដំណើររបស់ក្រុមគ្រួសារនានា។

​តារាងតម្លៃសំបុត្រថ្មីនៅ Disneyland (រដ្ឋ California) សំបុត្រចូលទស្សនាក្នុងកម្រិតទាបបំផុត (Tier 0) នៅតែរក្សាតម្លៃ ១០៤ ដុល្លារ ដដែល ដោយពុំមានការកើនឡើងតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ (មានសុពលភាពចំនួន ៨ ថ្ងៃក្នុងខែវិច្ឆិកា)។ លើសពីនេះ Disney បានបន្ថែមការសម្គាល់ពណ៌បៃតងនៅលើប្រតិទិនសម្រាប់ថ្ងៃដែលមានតម្លៃទាបបំផុតប្រចាំខែនីមួយៗ ដើម្បីជួយសម្រួលដល់ការគ្រោងទុករបស់ភ្ញៀវ។

​កម្រិតតម្លៃសំបុត្រសម្រាប់ចូលទស្សនា ១ ថ្ងៃ មានដូចខាងក្រោម៖

•  ​Tier 0៖ តម្លៃ ១០៤ ដុល្លារ (នៅថេរ) 

•  ​Tier 1៖ ឡើងពី ១២៩ ដុល្លារ មក ១៣៤ ដុល្លារ (ឡើង ៥ ដុល្លារ) 

•  ​Tier 2៖ ឡើងពី ១៤៩ ដុល្លារ មក ១៥៤ ដុល្លារ (ឡើង ៥ ដុល្លារ) 

•  ​Tier 3៖ ឡើងពី ១៦៩ ដុល្លារ មក ១៧៤ ដុល្លារ (ឡើង ៥ ដុល្លារ) 

•  ​Tier 4៖ ឡើងពី ១៨៤ ដុល្លារ មក ១៨៩ ដុល្លារ (ឡើង ៥ ដុល្លារ) 

•  ​Tier 5៖ តម្លៃ ១៩៩ ដុល្លារ (នៅថេរ) 

•  ​Tier 6 (រដូវកាលមមាញឹកបំផុត/បុណ្យធំៗ)៖ តម្លៃ ២២៤ ដុល្លារ (នៅថេរ សម្រាប់សប្តាហ៍ Thanksgiving, បុណ្យណូអែល និងឆ្លងឆ្នាំសកល) 

​តម្លៃសំបុត្រចូលទស្សនាច្រើនថ្ងៃ (Multiday tickets), ថ្លៃចំណតយានយន្ត និងតម្លៃកាតប្រចាំឆ្នាំ សុទ្ធតែនៅរក្សាដដែល។

​នៅ Walt Disney World ទីក្រុង Orlando តម្លៃសំបុត្រជាទូទៅខ្ពស់ជាងបន្តិច ដោយសារភ្ញៀវភាគច្រើនត្រូវធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ៖

• ​សំបុត្រតម្លៃទាបបំផុតសម្រាប់ចូលទស្សនា Magic Kingdom (១ ថ្ងៃ, ១ សួន) នៅតែរក្សាតម្លៃ ១១៩ ដុល្លារ។

• ​សំបុត្រថ្លៃបំផុត (Tier 6) នៅរក្សាត្រឹម ២០៩ ដុល្លារ ដដែល។

• ​តម្លៃសំបុត្រសម្រាប់ចូលច្រើនថ្ងៃ ពុំមានការឡើងថ្លៃនោះទេ។

​លោក Thomas Mazloum ប្រធានផ្នែក Disney Experiences បានគូសបញ្ជាក់ថា គោលដៅចម្បងរបស់ Disney គឺការតម្កល់ភ្ញៀវទេសចរជាចម្បង និងការស្តាប់មតិរបស់ពួកគេ ជាពិសេសក្នុងកាលៈទេសៈដែលក្រុមគ្រួសារជាច្រើនកំពុងរឹតបន្តឹងការចំណាយ។

​លោកបានបន្ថែមថា ក្រុមហ៊ុនកំណត់យុទ្ធសាស្ត្រតម្លៃទៅតាមទីផ្សារជាក់ស្តែងនីមួយៗ ដោយសារ Disneyland ទទួលភ្ញៀវក្នុងតំបន់ច្រើន ខណៈ Walt Disney World ទទួលភ្ញៀវដែលធ្វើដំណើរពីចម្ងាយ។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងពិចារណាលើការផ្តល់ជូនកម្មវិធីពិសេសៗជាបន្តទៀត ដូចជា «សំបុត្រពេលល្ងាច» (Evening Ticket) ក្នុងតម្លៃ ៥៩ ដុល្លារ សម្រាប់អ្នករស់នៅមូលដ្ឋានដូចកាលពីរដូវក្តៅកន្លងទៅផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top