កីឡា

អេស្ប៉ាញ គ្រោងកែលម្អផ្លូវប្រណាំង F1 Madring បន្ទាប់ពីការប្រកួត បង្ហាញខ្លួនដំបូង ខ្វះភាពស្វិតស្វាញ

​ទីក្រុងឡុងដ៍ ៖ អ្នករៀបចំការប្រកួត Formula One ពានរង្វាន់ Spanish Grand Prix កំពុងរៀបចំផែនការកែប្រែផ្លូវប្រណាំង Madring បន្ទាប់ពីមានការរិះគន់អំពីកង្វះខាតការប្រដេញវ៉ា ជែងគ្នា និងភាពរំភើបនៅលើទីលាន នៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួន លើកដំបូងរបស់ខ្លួន កាលពីពេលថ្មីៗនេះ នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​ថ្លែងនៅក្នុងសន្និសីទធុរកិច្ចកីឡា Leaders Week London នៅកីឡដ្ឋាន Stamford Bridge អ្នកនាំពាក្យទីលាន Madring លោកស្រី Nira Juanco បានទទួលស្គាល់ថា ក្រុមការងារពិតជាមានកិច្ចការជាច្រើនដែលត្រូវកែលម្អ។

ថ្វីបើមុនការប្រកួតមានការរំពឹងខ្ពស់ទៅលើផ្លូវកោងចំណោត «La Monumental» ក៏ដោយ ប៉ុន្តែការប្រកួតជាក់ស្តែងបែរជាមានសភាពស្ងប់ស្ងាត់ រហូតដល់អ្នកបើកបរមួយចំនួន លើកឡើងថាស្ទើរតែធ្វើឱ្យពួកគេងងុយគេង។ លោកស្រី Juanco បានបញ្ជាក់ថា ក្រុមការងារកំពុងពិនិត្យលើការ កែប្រែបន្តិចបន្តួចនៅតាមជ្រុងកាច់មួយចំនួនដើម្បីបង្កើនសកម្មភាពប្រកួត ប៉ុន្តែការងារនេះត្រូវរង់ចាំការ យល់ព្រមជាផ្លូវការពីសហព័ន្ធរថយន្តអន្តរជាតិ (FIA) ជាមុនសិន។

កីឡាករ Lando Norris របស់ក្រុម McLaren បានលើកឡើងក្រោយចប់ការប្រកួតថា ផ្លូវប្រណាំងគួរតែកាត់បន្ថយ ឬលុបចោលជ្រុងកាច់ទី ១៨ និង ១៩ (Turns 18 & 19) ហើយជំនួសមកវិញនូវផ្លូវត្រង់វែងឆ្ពោះទៅកាន់ជ្រុងបត់កោងរាងស្នៀតសក់ (hairpin) ដើម្បីបង្កើនឱកាសវ៉ាជែងគ្នា។ លោកបានបន្ថែមថា ទីលាននេះនឹងក្លាយជាកន្លែងដ៏អស្ចារ្យសម្រាប់ការប្រកួតប្រជែង ប្រសិនបើមានការកែសម្រួលទាំងនេះ។
លោកស្រី Juanco បានពន្យល់ផងដែរថា ភាពស្ងប់ស្ងាត់នៅលើទីលានមួយផ្នែកបណ្តាលមកពីការប្រុងប្រយ័ត្នហួសហេតុរបស់ក្រុម និងអ្នកបើកបរ បន្ទាប់ពីមានឧបទ្ទវហេតុបុកគ្នាញឹកញាប់នៅក្នុងការប្រណាំងកម្រិតយុវជនអំឡុងពេលហ្វឹកហាត់ រួមផ្សំនឹងការបារម្ភលើការគ្រប់គ្រងថាមពលរបស់រថយន្តកូនកាត់ (Hybrid) ជំនាន់ថ្មីផងដែរ។
​ក្រៅពីបញ្ហាបច្ចេកទេស លើផ្លូវប្រណាំង អ្នករៀបចំក៏គ្រោងនឹងផ្លាស់ប្តូរទីតាំងស្ពានថ្មើរជើងមួយចំនួនផងដែរ ដោយសារតែវាបានបាំងការ មើលឃើញរបស់អ្នកទស្សនានៅតាមកន្លែងអង្គុយមួយចំនួន ព្រមទាំងដោះស្រាយបញ្ហាការតម្រង់ជួររង់ចាំទិញម្ហូបអាហារ និងភេសជ្ជៈយូរនៅក្នុងតំបន់អ្នកគាំទ្រ (fan zone) សម្រាប់រដូវកាលបន្ទាប់។

ប្រែសម្រួល៖ គីរី

Most Popular

To Top