ឡុងដ៍៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane បានកត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ក្នុងពិភពបាល់ទាត់ ដោយបានឈ្នះពានរង្វាន់ ឯកត្តជនដ៏មានកិត្យានុភាពបំផុត «Ballon d’Or» លើកទី៧០ សម្រាប់ឆ្នាំ២០២៦ យកឈ្នះលើគូប្រជែងសំខាន់ៗ Kylian Mbappé និងកីឡាករវ័យក្មេង Lamine Yamal។ ជ័យជម្នះនេះបានធ្វើឱ្យរូបលោកក្លាយជាកីឡាករសញ្ជាតិអង់គ្លេសដំបូងគេបង្អស់ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ ដែលបានគ្រងពាននេះ បន្ទាប់ពី Michael Owen ធ្វើបានកាលពីឆ្នាំ២០០១ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

ពិធីប្រគល់ពានរង្វាន់ដែលរៀបចំដោយទស្សនាវដ្តី France Football និងជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកសារព័ត៌មានកីឡាចំនួន ១០០ រូបជុំវិញពិភពលោក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅរោងមហោស្រព London Palladium ទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃចន្ទ។
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ ទទួលបានការគាំទ្រយ៉ាងលើសលប់ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងលេចធ្លោបំផុតទាំងក្នុងកម្រិតក្លឹប និងក្រុមជម្រើសជាតិ គ្រាប់បាល់សរុប ស៊ុតបញ្ចូលទីបាន ៧៣ គ្រាប់ ក្នុងការប្រកួតផ្លូវការទាំងអស់។
Harry Kane ជាកម្លាំងស្នូលដ៏សំខាន់របស់ Bayern Munich ទាំងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga និងពានរង្វាន់អឺរ៉ុប UEFA Champions League និង ដឹកនាំក្រុមតោកំណាចអង់គ្លេសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup)។
ទោះបីជា Kylian Mbappé បានបំបែកកំណត់ត្រាក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup (សរុប ២២ គ្រាប់ ដោយក្នុងនោះ ១០ គ្រាប់រកបាននៅឆ្នាំ២០២៦ នេះ) ហើយ Lamine Yamal បានរួមចំណែកជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯកពិភពលោកក៏ដោយ ក៏ពិន្ទុបោះឆ្នោតរួមរបស់ Kane នៅតែនាំមុខគេ។
ថ្លែងនៅលើវេទិកាទទួលពានរង្វាន់ទាំងក្តុកក្តួល Harry Kane បានរៀបរាប់ថា «ការឈ្នះពាននៅទីក្រុងឡុងដ៍នេះ គឺពិតជាពិសេសខ្លាំងណាស់ វាដូចជាប្រផ្នូលដ៏ល្អមួយ។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានបោះឆ្នោតគាំទ្ររូបខ្ញុំ។»
លោកបានបន្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមជម្រើសជាតិអង់គ្លេស ក្លឹប Bayern Munich និងក្លឹបចាស់ Tottenham Hotspur ព្រមទាំងភរិយារបស់លោក គឺលោកស្រី Kate «ជូនចំពោះ Kate ភរិយា និងជាមិត្តដ៏ល្អបំផុតរបស់បង។ យើងធ្លាប់ឆ្លងកាត់ទាំងគ្រាលំបាក និងភាពជោគជ័យ។ អូនជាការគាំទ្រដ៏ធំបំផុត ហើយអូនបានលះបង់គ្រប់បែបយ៉ាងដើម្បីឱ្យបងសម្រេចក្តីស្រមៃមួយនេះ។ នេះជាជោគជ័យដែលយើងត្រូវអបអរជាមួយគ្នា ពួកយើងគឺជាក្រុមតែមួយ។»
ជាមួយគ្នានេះ Kane ក៏បានផ្ញើសារលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយផងដែរ «ដំណើរជីវិតរបស់ខ្ញុំមិនមែនងាយស្រួល ឬដើរឡើងទៅកំពូលភ្លាមៗនោះទេ ខ្ញុំធ្លាប់ត្រូវបានគេដាក់ ឱ្យខ្ចីជើងជាច្រើនលើក និងត្រូវតស៊ូយ៉ាងស្វិតស្វាញ រហូតមកដល់ចំណុចនេះ ។ ខ្ញុំសង្ឃឹមថា រឿងរ៉ាវរបស់ខ្ញុំអាចក្លាយ ជាការបំផុសគំនិតមួយ សម្រាប់ក្មេងៗប្រុសស្រីទាំងអស់ថា៖ ឱ្យតែមានការតស៊ូ អ្វីៗគឺសុទ្ធតែអាចទៅរួច។»
ប្រែសម្រួល៖ គីរី
