កីឡា

Paris Saint-Germain និង Barcelona Femení ឈ្នះពានរង្វាន់ក្លឹបបាល់ទាត់ឆ្នើមប្រចាំឆ្នាំ នៅមហោស្រព Ballon d’Or

បរទេស៖ ក្លឹបបាល់ទាត់ Paris Saint-Germain (ផ្នែកបុរស) និង FC Barcelona Femení (ផ្នែកនារី) ត្រូវបានទទួលស្គាល់ ជាផ្លូវការជាក្រុមបាល់ទាត់ឆ្នើមបំផុតលើពិភពលោក បន្ទាប់ពីបានឈ្នះពានរង្វាន់ «ក្លឹបឆ្នើមប្រចាំឆ្នាំ» (Club of the Year) នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or លើកទី៧០។ ជ័យជម្នះនេះ គឺជាការឆ្លុះបញ្ចាំងពីភាពលេចធ្លោ និងការគ្រងជើងឯកទ្វីបអឺរ៉ុបរបស់ក្លឹបយក្សទាំងពីរក្នុងរដូវកាលកន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។ ​Paris Saint-Germain បានឈានដល់ចំណុចកំពូលនៃបាល់ទាត់អឺរ៉ុបជាប្រវត្តិសាស្ត្រ តាមរយៈការឈ្នះពានរង្វាន់…

បរទេស៖ ក្លឹបបាល់ទាត់ Paris Saint-Germain (ផ្នែកបុរស) និង FC Barcelona Femení (ផ្នែកនារី) ត្រូវបានទទួលស្គាល់ ជាផ្លូវការជាក្រុមបាល់ទាត់ឆ្នើមបំផុតលើពិភពលោក បន្ទាប់ពីបានឈ្នះពានរង្វាន់ «ក្លឹបឆ្នើមប្រចាំឆ្នាំ» (Club of the Year) នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or លើកទី៧០។ ជ័យជម្នះនេះ គឺជាការឆ្លុះបញ្ចាំងពីភាពលេចធ្លោ និងការគ្រងជើងឯកទ្វីបអឺរ៉ុបរបស់ក្លឹបយក្សទាំងពីរក្នុងរដូវកាលកន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​Paris Saint-Germain បានឈានដល់ចំណុចកំពូលនៃបាល់ទាត់អឺរ៉ុបជាប្រវត្តិសាស្ត្រ តាមរយៈការឈ្នះពានរង្វាន់ UEFA Champions League ដែលជាក្តីស្រមៃរង់ចាំជាច្រើនឆ្នាំរបស់ក្លឹបយក្សបារាំងមួយនេះ។

​ដោយសារបញ្ហារបួសមិនអាចចូលរួមការប្រកួតលីគបាន ខ្សែប្រយុទ្ធ Ousmane Dembélé ត្រូវបានចាត់តាំងឱ្យឡើងទទួលពានរង្វាន់នេះលើវេទិកា តំណាងឱ្យក្លឹបទាំងមូល។ ថ្លែងនៅក្នុងពិធីទទួលពាន Dembélé បានលើកឡើងថា «ក្នុងនាមក្លឹប Paris Saint-Germain ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានក្លឹប នាយកកីឡា ក្រុមការងារបុគ្គលិកទាំងអស់ និងជាពិសេសលោកគ្រូបង្វឹក Luis Enrique។ អ្នកគាំទ្រតែងតែនៅពីក្រោយ និងផ្ដល់កម្លាំងចិត្តដល់ពួកយើងជានិច្ច។ យើងបានកសាងក្លឹបដ៏អស្ចារ្យមួយ ហើយពួកយើងតែងតែប្រយុទ្ធជាមួយគ្នានៅលើទីលាន។»

​សម្រាប់ផ្នែកនារី មិនមានអ្វីជាការភ្ញាក់ផ្អើលឡើយ ខណៈដែល FC Barcelona Femení បន្តគ្រងតំណែងជាក្លឹបនារីឆ្នើមប្រចាំឆ្នាំ ដោយសារទម្រង់លេងដ៏ល្អឥតខ្ចោះ និងការបន្តឈ្នះពានរង្វាន់ធំៗស្ទើរតែទាំងស្រុង ទាំងនៅលីគក្នុងស្រុកអេស្ប៉ាញ និងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Women's Champions League ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pere Romeu។

​លោក Joan Laporta ប្រធានក្លឹប FC Barcelona បានឡើងទទួលពានរង្វាន់នេះដោយផ្ទាល់ និងបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ «សូមអរគុណ France Football សម្រាប់ការផ្ដល់ពានរង្វាន់ក្លឹបនារីឆ្នើមប្រចាំឆ្នាំនេះ។ វាជាកិត្តិយសដ៏ធំធេងណាស់។ ខ្ញុំសូមថ្លែងអំណរគុណចំពោះកីឡាការិនីទាំងអស់ គ្រូបង្វឹក Pere Romeu ព្រមទាំងថ្នាក់ដឹកនាំ និងស្ថាប័នរៀបចំការប្រកួត UEFA, RFEF និង La Liga ដែលបានផ្ដល់ឱកាសឱ្យកីឡាការិនីរបស់យើងបង្ហាញសមត្ថភាព។»

​ពិធីប្រគល់ពានរង្វាន់នេះ បានបង្ហាញពីការផ្លាស់ប្តូរតុល្យភាពអំណាចក្នុងពិភពបាល់ទាត់អឺរ៉ុប។ សម្រាប់ PSG នេះជាសមិទ្ធផលដ៏ធំធេងដែលក្លឹបក្រៅពីអេស្ប៉ាញអាចដណ្តើមបានពានរង្វាន់ក្លឹបបុរសឆ្នើម។ ដោយឡែកសម្រាប់ Barcelona លោក Laporta បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ ទៅកាន់អ្នកគាំទ្រថា ក្លឹបនៅតែមិនទាន់ស្កប់ស្កល់ នឹងជោគជ័យបច្ចុប្បន្នឡើយ «គោលដៅរបស់យើងនៅរដូវកាលនេះ គឺការឈ្នះជើងឯក La Liga ៣ លើកជាប់ៗគ្នា និងបន្តគ្រងតំណែងជើងឯក Champions League ឱ្យបានទៀត ។ យើងនឹងបន្តក្លាយជាបេក្ខភាព ប្រជែងពានរង្វាន់កំពូលជានិច្ច។»

ប្រែសម្រួល៖ គីរី

Most Popular

To Top