កីឡា

«ជោគជ័យជាកម្លាំងចិត្ត មិនមែនជាគោលដៅបញ្ចប់នោះទេ»៖ លោក Luis de la Fuente ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមពិភពលោក Johan Cruyff Trophy

បរទេស៖ លោក Luis de la Fuente គ្រូបង្វឹក នៃក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានប្រកាសជាគ្រូបង្វឹកឆ្នើមបំផុត លើពិភពលោក (Men’s Coach of the Year) ដោយបានឈ្នះពានរង្វាន់ Johan Cruyff Trophy នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២៦។ ការគ្រងពានរង្វាន់នេះបានកើតឡើង បន្ទាប់ពីលោកបានដឹកនាំក្រុមគោជល់ អេស្ប៉ាញឈានដល់ចំណុចកំពូល តាមរយៈការគ្រងជើងឯកពានរង្វាន់ បាល់ទាត់ពិភពលោក (FIFA World Cup) យ៉ាងត្រចះត្រចង់ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​ទោះបីជាទទួលបានការគាំទ្រយ៉ាងលើសលប់បន្ទាប់ពីជោគជ័យជាប្រវត្តិសាស្ត្រនៅ World Cup ក៏ដោយ គ្រូបង្វឹកវ័យ ៦៥ ឆ្នាំរូបនេះ នៅតែរក្សាភាពរាបទាបនៅលើវេទិកាទទួលពាន ដោយបានថ្លែងទៅកាន់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានថា «រាត្រីសួស្តី វាពិតជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំក្នុងការទទួលបានពានរង្វាន់នេះ។ គ្រាន់តែមានឈ្មោះក្នុងបញ្ជីបេក្ខភាពចុងក្រោយ ក៏ជាកិត្តិយសមួយរួចទៅហើយ ដូច្នេះខ្ញុំសូមអបអរសាទរ ចំពោះបេក្ខភាពទាំងអស់ដែលស័ក្តិសមមានវត្តមាននៅទីនេះ។ ខ្ញុំចាត់ទុកថានេះជាជោគជ័យរួមរបស់ក្រុមទាំងមូល គឺក្រុមដែលមានកីឡាករដ៏អស្ចារ្យ និងក្រុមការងារបច្ចេកទេសដ៏ល្អបំផុតលើពិភពលោក»។

​លោក de la Fuente បានបន្ថែមនូវ ទស្សនវិជ្ជាដឹកនាំរបស់លោកយ៉ាងមានអត្ថន័យថា «ជោគជ័យមិនមែនជា គោលដៅបញ្ចប់នោះទេ។ ពានរង្វាន់នេះមិនមែនជាការបញ្ចប់នៃដំណើរនោះឡើយ ប៉ុន្តែវាជាកម្លាំងចិត្ត និងជាថាមពលសម្រាប់បន្តទៅមុខទៀត ។ សមិទ្ធផលបុគ្គល គឺគ្រាន់តែជាការឆ្លុះបញ្ចាំងពីជោគជ័យ របស់សមូហភាពប៉ុណ្ណោះ»។

​ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ថ្នាក់ដឹកនាំ ក្រុមការងារ និងជាពិសេសក្រុមគ្រួសាររបស់លោក ទាំងអ្នកដែលមានវត្តមាន និងអ្នកដែលបានចែកឋានទៅ រួមមានឪពុកម្តាយ និងបងប្រុសរបស់លោក។

​ការដណ្តើមពានរង្វាន់ Johan Cruyff Trophy ឆ្នាំនេះ មានការប្រកួតប្រជែងយ៉ាងតឹងតែង ដោយលោក de la Fuente បានយកឈ្នះលើគ្រូបង្វឹកឆ្នើមៗជាច្រើនរូប៖

  • ​លោក Luis Enrique (Paris Saint-Germain)៖ ម្ចាស់ជើងឯក UEFA Champions League
  • ​លោក Mikel Arteta (Arsenal)៖ បង្ហាញទម្រង់លេងលេចធ្លោនៅ Premier League
  • ​លោក Unai Emery (Aston Villa)៖ ដឹកនាំក្រុមឈ្នះពានរង្វាន់ UEFA Europa League
  • ​លោក Vincent Kompany (Bayern Munich)៖ ដឹកនាំ Bayern ឈ្នះជើងឯកក្នុងស្រុក (អវត្តមានក្នុងកម្មវិធីដោយសារបញ្ហាសុខភាព)
    ​កាលពីឆ្នាំ២០២៤ លោក de la Fuente ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការបោះឆ្នោត បន្ទាប់ពីដឹកនាំអេស្ប៉ាញឈ្នះពានរង្វាន់ Euro ២០២៤។ ប៉ុន្តែជោគជ័យក្នុងការឈ្នះពានរង្វាន់ World Cup ឆ្នាំ២០២៦ នេះ បានក្លាយជាកត្តាសម្រេចជោគវាសនាដែលធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកឆ្នើមផ្តាច់គេលើពិភពលោក។

​នៅក្នុងកម្មវិធីរាត្រីនោះផងដែរ លោក Pere Romeu គ្រូបង្វឹករបស់ក្លឹប FC Barcelona Femení ត្រូវបានជ្រើសរើសជាគ្រូបង្វឹកក្រុមនារីឆ្នើមប្រចាំឆ្នាំ (Women’s Coach of the Year) បន្ទាប់ពីដឹកនាំក្រុមនារីកាតាឡាន់បន្តគ្រងភាពលេចធ្លោនៅអឺរ៉ុប។

​ថ្លែងក្នុងសុន្ទរកថាទទួលពាន លោក Romeu បានបញ្ជាក់ថា នេះជាពានរង្វាន់សម្រាប់ក្រុមទាំងមូល ដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កីឡាការិនីឆ្នើមៗទាំងអស់នៅក្នុងក្លឹប ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការឈ្នះពានរង្វាន់ជាបន្តបន្ទាប់នារដូវកាលកន្លងទៅ។

ប្រែសម្រួល៖ គីរី

Most Popular

To Top