បរទេស៖ ក្លឹបបាល់ទាត់ Paris Saint-Germain (ផ្នែកបុរស) និង FC Barcelona Femení (ផ្នែកនារី) ត្រូវបានទទួលស្គាល់ ជាផ្លូវការជាក្រុមបាល់ទាត់ឆ្នើមបំផុតលើពិភពលោក បន្ទាប់ពីបានឈ្នះពានរង្វាន់ «ក្លឹបឆ្នើមប្រចាំឆ្នាំ» (Club of the Year) នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or លើកទី៧០។ ជ័យជម្នះនេះ គឺជាការឆ្លុះបញ្ចាំងពីភាពលេចធ្លោ និងការគ្រងជើងឯកទ្វីបអឺរ៉ុបរបស់ក្លឹបយក្សទាំងពីរក្នុងរដូវកាលកន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។
Paris Saint-Germain បានឈានដល់ចំណុចកំពូលនៃបាល់ទាត់អឺរ៉ុបជាប្រវត្តិសាស្ត្រ តាមរយៈការឈ្នះពានរង្វាន់ UEFA Champions League ដែលជាក្តីស្រមៃរង់ចាំជាច្រើនឆ្នាំរបស់ក្លឹបយក្សបារាំងមួយនេះ។
ដោយសារបញ្ហារបួសមិនអាចចូលរួមការប្រកួតលីគបាន ខ្សែប្រយុទ្ធ Ousmane Dembélé ត្រូវបានចាត់តាំងឱ្យឡើងទទួលពានរង្វាន់នេះលើវេទិកា តំណាងឱ្យក្លឹបទាំងមូល។ ថ្លែងនៅក្នុងពិធីទទួលពាន Dembélé បានលើកឡើងថា «ក្នុងនាមក្លឹប Paris Saint-Germain ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានក្លឹប នាយកកីឡា ក្រុមការងារបុគ្គលិកទាំងអស់ និងជាពិសេសលោកគ្រូបង្វឹក Luis Enrique។ អ្នកគាំទ្រតែងតែនៅពីក្រោយ និងផ្ដល់កម្លាំងចិត្តដល់ពួកយើងជានិច្ច។ យើងបានកសាងក្លឹបដ៏អស្ចារ្យមួយ ហើយពួកយើងតែងតែប្រយុទ្ធជាមួយគ្នានៅលើទីលាន។»
សម្រាប់ផ្នែកនារី មិនមានអ្វីជាការភ្ញាក់ផ្អើលឡើយ ខណៈដែល FC Barcelona Femení បន្តគ្រងតំណែងជាក្លឹបនារីឆ្នើមប្រចាំឆ្នាំ ដោយសារទម្រង់លេងដ៏ល្អឥតខ្ចោះ និងការបន្តឈ្នះពានរង្វាន់ធំៗស្ទើរតែទាំងស្រុង ទាំងនៅលីគក្នុងស្រុកអេស្ប៉ាញ និងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Women's Champions League ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pere Romeu។
លោក Joan Laporta ប្រធានក្លឹប FC Barcelona បានឡើងទទួលពានរង្វាន់នេះដោយផ្ទាល់ និងបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ «សូមអរគុណ France Football សម្រាប់ការផ្ដល់ពានរង្វាន់ក្លឹបនារីឆ្នើមប្រចាំឆ្នាំនេះ។ វាជាកិត្តិយសដ៏ធំធេងណាស់។ ខ្ញុំសូមថ្លែងអំណរគុណចំពោះកីឡាការិនីទាំងអស់ គ្រូបង្វឹក Pere Romeu ព្រមទាំងថ្នាក់ដឹកនាំ និងស្ថាប័នរៀបចំការប្រកួត UEFA, RFEF និង La Liga ដែលបានផ្ដល់ឱកាសឱ្យកីឡាការិនីរបស់យើងបង្ហាញសមត្ថភាព។»
ពិធីប្រគល់ពានរង្វាន់នេះ បានបង្ហាញពីការផ្លាស់ប្តូរតុល្យភាពអំណាចក្នុងពិភពបាល់ទាត់អឺរ៉ុប។ សម្រាប់ PSG នេះជាសមិទ្ធផលដ៏ធំធេងដែលក្លឹបក្រៅពីអេស្ប៉ាញអាចដណ្តើមបានពានរង្វាន់ក្លឹបបុរសឆ្នើម។ ដោយឡែកសម្រាប់ Barcelona លោក Laporta បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ ទៅកាន់អ្នកគាំទ្រថា ក្លឹបនៅតែមិនទាន់ស្កប់ស្កល់ នឹងជោគជ័យបច្ចុប្បន្នឡើយ «គោលដៅរបស់យើងនៅរដូវកាលនេះ គឺការឈ្នះជើងឯក La Liga ៣ លើកជាប់ៗគ្នា និងបន្តគ្រងតំណែងជើងឯក Champions League ឱ្យបានទៀត ។ យើងនឹងបន្តក្លាយជាបេក្ខភាព ប្រជែងពានរង្វាន់កំពូលជានិច្ច។»
ប្រែសម្រួល៖ គីរី
