កីឡា

Alonso ថានឹងអបអរ ប្រសិនបើ Chelsea ស៊ុតចូល Liverpool នៅទឹកដី Anfield

បរទេស៖ លោក Xabi Alonso អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងអបអរសាទរ ប្រសិនបើក្រុមតោខៀវអាចរកគ្រាប់បាល់បញ្ចូលទី លើអតីតក្លិបចាស់របស់លោក គឺហង្សក្រហម Liverpool ក្នុងការប្រកួតពានរង្វាន់ Carabao Cup នៅកីឡដ្ឋាន Anfield ។
ទោះជាយ៉ាងណា Chelsea ត្រូវប្រឈមមុខ នឹងការប្រកួតដ៏តានតឹងនេះ ដោយគ្មានវត្តមានខ្សែប្រយុទ្ធ ឆ្នើមសញ្ជាតិប្រេស៊ីល Joao Pedro ដែលរងរបួសសាច់ដុំភ្លៅ និងត្រូវសម្រាកព្យាបាលជាច្រើនសប្តាហ៍ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី28 ខែតុលា ឆ្នាំ២០២៦ ។

លោក Alonso មានប្រវត្តិនិងអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយ Liverpool ដោយធ្លាប់បានចំណាយពេល ៥ ឆ្នាំក្នុងនាមជាកីឡាករនៅទីនោះ ព្រមទាំងបានឈ្នះពានរង្វាន់ FA Cup និងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ ២០០៥ (ដែលរូបលោកជាអ្នកស៊ុតគ្រាប់បាល់តាមស្មើទល់នឹង AC Milan ក្នុងទីក្រុង Istanbul)។

​ទោះបីជាយ៉ាងណាក៏ដោយ មុនជំនួបពានរង្វាន់ Carabao Cup លោកបានបញ្ជាក់ច្បាស់ៗថា នឹងមិនធ្វើតាមទម្លាប់របស់អ្នកចាត់ការ ឬកីឡាករមួយចំនួនដែលមិនហ៊ានអបអរ ពេលប្រកួតទល់នឹង ក្រុមចាស់របស់ខ្លួននោះឡើយ «ពិតណាស់ ខ្ញុំនឹងអបអរជាក់ជាមិនខាន ប៉ុន្តែគឺដោយការគោរពពេញលេញ។ ទំនាក់ទំនងនិងភាពកក់ក្តៅរបស់ខ្ញុំចំពោះ Liverpool គឺនៅតែមានតាំងពីកាលខ្ញុំនៅជាកីឡាករ។ ប៉ុន្តែពេលនេះ ខ្ញុំស្ថិតក្នុងតួនាទីផ្សេងមួយទៀត។ ខ្ញុំត្រូវតែគាំទ្រក្រុមរបស់ខ្ញុំ ខ្ញុំត្រូវគាំទ្រ និងប្រយុទ្ធដើម្បីក្លិបរបស់ខ្ញុំ ហើយប្រសិនបើយើងរកគ្រាប់បាល់បាន ខ្ញុំនឹងអបអរដោយការគោរពយ៉ាងពេញទំហឹង»។

​ខ្សែប្រយុទ្ធ Joao Pedro វ័យ ២៥ ឆ្នាំ នឹងត្រូវអវត្តមានពីការប្រកួតនៅកីឡដ្ឋាន Anfield ក៏ដូចជាការប្រកួត Premier League ទល់នឹង Manchester United និង Sunderland ដោយសារតែបញ្ហារបួសសាច់ដុំភ្លៅ អំឡុងពេលហ្វឹកហាត់មុនជំនួបដែល Chelsea រងបរាជ័យក្រោមថ្វីជើង Tottenham Hotspur ២-០ នៅកីឡដ្ឋាន Stamford Bridge។ រូបគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់រហូតដល់ផុតពេលសម្រាកលក្ខណៈអន្តរជាតិ (International Break)។

​កាលពីការប្រកួតទល់នឹង Spurs លោក Alonso បានសាកល្បងដាក់ Geovany Quenda និងប្រើប្រាស់ Morgan Rogers ក្នុងតួនាទីជាខ្សែប្រយុទ្ធមិនពិត (False Nine) ប៉ុន្តែតាក់ទិកនេះមិនទទួលបានជោគជ័យឡើយ ដោយ Chelsea ពិបាកបង្កើតឱកាស និងឧស្សាហ៍ប្រើការទាត់បាល់វែងបែបផ្សងសំណាង។

​លើសពីនេះ លោក Alonso ក៏បានចេញមុខគាំទ្រអតីតកូនក្រុមរបស់លោកគឺ Florian Wirtz ដែលបានផ្ទេរមកកាន់ Liverpool ក្នុងតម្លៃខ្លួនខ្ពស់រហូតដល់ ១១៦ លានផោន ហើយកំពុងរងការរិះគន់លើទម្រង់លេង។ Alonso បានបញ្ជាក់ថា Wirtz គឺជាកីឡាករពិសេសម្នាក់ដែលបានជួយលោកយ៉ាងច្រើនកាលនៅ Leverkusen ហើយការបោះជំហានមកកាន់បរិយាកាសថ្មីតែងតែត្រូវការពេលវេលាដើម្បីសម្របខ្លួន។
​Chelsea កំពុងសម្លឹងរកជ័យជម្នះនៅ Anfield ដើម្បីស្រោចស្រង់ទំនុកចិត្តឡើងវិញក្រោយការបរាជ័យក្នុងជំនួប Derby ក្រុងឡុងដ៍។ ក្រោយចប់ការប្រកួតពាន Carabao Cup នេះ ក្រុមតោខៀវត្រូវបន្តដំណើរទៅជួប Manchester United និង Sunderland ក្នុងក្របខ័ណ្ឌ Premier League ដែលលោក Alonso ត្រូវប្រឈមនឹងការស្វែងរកគ្រាប់បាល់ ដោយគ្មានវត្តមាន Joao Pedro ទាំង ៣ ប្រកួត។

ប្រែសម្រួល៖ គីរី

Most Popular

To Top