ឡូសអាន់ជ័រឡេស៖ ខ្សែប្រយុទ្ធស្លាបឆ្នើមរបស់ក្លឹប Los Angeles FC (LAFC) កីឡាករ សុន ហុងមីន (Son Heung-min) បានរងនូវទង្វើរើសអើង និងប្រមាថពូជសាសន៍ ពីសំណាក់អ្នកគាំទ្រម្នាក់ បន្ទាប់ពីការប្រកួតដ៏តានតឹង ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់នឹងក្រុមគូប្រជែងរួមទីក្រុង LA Galaxy នៅក្នុងក្របខ័ណ្ឌ Major League Soccer (MLS)។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានថតជាប់ក្នុងវីដេអូ និងបានបង្កជារលកកំហឹងយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដោយអ្នកគាំទ្រ ទាមទារឱ្យមានចំណាត់ការវិន័យជាបន្ទាន់ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន GOAal ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅកីឡដ្ឋាន BMO Stadium ស្របពេលដែលប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ កំពុងដើរជុំវិញទីលានដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រក្រោយការផ្លុំកញ្ចែបញ្ចប់ការប្រកួត។ យោងតាមសារព័ត៌មាន Daily Mail អ្នកទស្សនាម្នាក់ដែលពាក់សំលៀកបំពាក់ពណ៌ខ្មៅ និងមាសតំណាងក្លឹប LAFC បានស្រែកពាក្យ «Nihao» (ពាក្យស្វាគមន៍ជាភាសាចិនកុកងឺ) ដដែលៗសំដៅទៅកាន់រូបគេ។
ពាក្យស្លោកនេះត្រូវបានចាត់ទុកជាទូទៅថាជាទម្រង់នៃការរើសអើងពូជសាសន៍បែបប្រមាថមើលងាយ (Microaggression) នៅពេលដែលយកមកប្រើប្រាស់សំដៅលើជនជាតិកូរ៉េ។ វីដេអូដែលត្រូវបានចែកចាយលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា Son Heung-min បានងាកទៅសម្លឹងមើលអ្នកគាំទ្រនោះដោយភាពហួសចិត្តចំពោះសម្តីប្រមាថបែបនេះ។
អ្នកដែលបានបង្ហោះវីដេអូនោះដំបូងគេបានបញ្ជាក់ថា ខ្លួនបានរាយការណ៍ករណីនេះទៅកាន់ផ្នែកសន្តិសុខពហុកីឡដ្ឋានភ្លាមៗ ប៉ុន្តែដោយសារបុគ្គលបង្កបានចាកចេញពីតំបន់ Section 111 បាត់ទៅហើយ ទើបមិនអាចឃាត់ខ្លួនបានទាន់ពេល។ ស្ថានភាពនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនខឹងសម្បារ និងបានស៊ើបអង្កេតរហូតកំណត់អត្តសញ្ញាណជនបង្កថា ជាម្ចាស់សំបុត្រទស្សនាប្រចាំរដូវកាល (Season ticket holder) របស់ក្លឹប។
នៅលើបណ្តាញសង្គម អ្នកគាំទ្របានទាមទារឱ្យក្លឹប LAFC និងគណៈកម្មការលីគ MLS ចាត់វិធានការច្បាប់តឹងរ៉ឹងជាទីបំផុត ដោយទាមទារឱ្យដកហូតសំបុត្រប្រចាំរដូវកាល និងដាក់បម្រាមហាមឃាត់ការចូលទស្សនាកីឡដ្ឋានអស់មួយជីវិត (Lifetime ban)។ ទន្ទឹមនឹងនេះ អ្នកគាំទ្រក៏បានចោទសួរអំពីវិធានការការពារសុវត្ថិភាព និងទំនួលខុសត្រូវរបស់ក្លឹបចំពោះកីឡាកររបស់ខ្លួនផងដែរ។
បរិយាកាសនៃជំនួប LA Derby កាលពីចុងសប្តាហ៍កន្លង ទៅកាន់តែមានភាពអាប់អួរ ខណៈដែលមានវីដេអូដាច់ ដោយឡែកមួយទៀតបានបង្ហាញពីអ្នកគាំទ្រម្នាក់បានស្តោះទឹកមាត់ដាក់អ្នកគាំទ្រនារីរបស់ក្រុម LA Galaxy នៅក្នុងការប្រកួតនោះដូចគ្នា។
Son Heung-min បានរួមរស់ជាមួយក្លឹបអាមេរិកមួយនេះអស់រយៈពេល ២ ឆ្នាំមកហើយ ដោយរកគ្រាប់បាល់បាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ៥២ ប្រកួត ។ ថ្នាក់ដឹកនាំក្លឹប LAFC និងមន្ត្រីលីគ MLS ត្រូវបានគេរំពឹងថានឹងពិនិត្យ មើលវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងកីឡដ្ឋានឡើងវិញ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ និងចាត់វិធានការវិន័យ ខណៈដែល Son នឹងបន្តការហ្វឹកហាត់ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតបន្ទាប់របស់ក្លឹបនៅសប្តាហ៍ក្រោយ។
ប្រែសម្រួល៖ គីរី
