មែនឆេស្ទើ៖ យុវជន ខៃ រ៉ូនី (Kai Rooney) បានធ្វើឱ្យអ្នកគាំទ្រមានការស្ញប់ស្ញែងយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទី ៤ គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ (U18) របស់ក្លឹបបិសាចក្រហម Manchester United លត់ក្រុមយុវជន Burnley យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃអង្គារកន្លងទៅ នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។
កូនប្រុសរបស់អតីតវីរបុរស និងជាម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រ Man Utd លោក Wayne Rooney រូបនេះ បានក្លាយជាតួអង្គដ៏លេចធ្លោបំផុតក្នុងការប្រកួត ដោយបានជួយឱ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Darren Fletcher ទទួលបានជ័យជម្នះយ៉ាងផាសុកភាព នៅក្នុងក្របខ័ណ្ឌ Under-18 Premier League North។
ក្រៅពីការស៊ុត ៤គ្រាប់របស់ Kai, កីឡាករ Jaume Camacho និងកីឡាករបម្រុង Noah Ajayi ក៏បានបន្ថែមគ្រាប់បាល់នៅចុងម៉ោងរៀងៗខ្លួន ដើម្បីបិទបញ្ចប់ជ័យជម្នះ ៦-០ នេះផងដែរ។ លទ្ធផលនេះបានជួយរុញច្រានក្រុមយុវជន U18 United ឱ្យឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង ដោយដណ្តើមបានជ័យជម្នះ ៦ ដង ក្នុងការប្រកួត ៨ លើកដំបូងរបស់ពួកគេក្នុងលីគ។
តាមរយៈទម្រង់លេងដ៏អស្ចារ្យកម្រិតនេះ យុវជន Kai Rooney កំពុងបង្ហាញសញ្ញាណយ៉ាងច្បាស់ក្នុងការសម្លឹងមើលការដើរតាមគន្លងជោគជ័យរបស់ឪពុកគេ ដែលធ្លាប់ជាកីឡាករដ៏មានឥទ្ធិពលបំផុតមួយរូបនៅលើពិភពលោក និងជាវីរបុរសពិតប្រាកដរបស់ក្លឹប Manchester United។
ប្រែសម្រួល៖ គីរី
