បរទេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការទទួលទានតែជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាម ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូងបាន។ យ៉ាងណាមិញ ប្រសិនបើអ្នកញ៉ាំតែក្តៅខ្លាំងពេក វាអាចផ្តល់ផលប៉ះពាល់ផ្ទុយមកវិញ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន euronews ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
អត្ថប្រយោជន៍នៃការផឹកតែ៖ អ្នកដែលទទួលទានតែ ៣ដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ មានការថយចុះហានិភ័យទូទៅនៃជំងឺសរសៃឈាមរហូតដល់ ១១,២%។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ វាជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទស្ទះ (Ischaemic stroke) ដល់ទៅ ៣៦,៦% និងជំងឺសរសៃឈាមខួរក្បាលទូទៅ ១៩,១%។
បរិមាណត្រឹមត្រូវ៖ ការផឹកតែពី ៦ ទៅ ៨ពែងក្នុងមួយថ្ងៃ ត្រូវបានរកឃើញថាមានហានិភ័យទាបបំផុតបើធៀបនឹងការផឹកត្រឹម ២ ទៅ ៣ពែង។
សីតុណ្ហភាពជាកត្តាសំខាន់៖ ការញ៉ាំតែដែល “ក្តៅខ្លាំងពេក” បង្កឱ្យមានការកើនឡើងហានិភ័យនៃជំងឺសរសៃឈាមដល់ទៅ ១៦%។ ការសិក្សាកន្លងមកក៏ធ្លាប់បានភ្ជាប់ការញ៉ាំភេសជ្ជៈក្តៅខ្លាំង ទៅនឹងហានិភ័យនៃជំងឺមហារីកបំពង់អាហារផងដែរ។ សីតុណ្ហភាពល្អបំផុត គឺតែក្តៅឧណ្ហៗល្មម។
ប្រភេទតែ៖ តែខ្មៅ (Black tea) ផ្តល់ការការពារជំងឺសរសៃឈាមបានល្អបំផុត បន្ទាប់មកគឺតែបៃតង។ អ្នកស្រាវជ្រាវជឿថា សមាសធាតុដែលបានមកពីការផ្អាប់ (ដូចជា theaflavins) នៅក្នុងតែខ្មៅ មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជួយគ្រប់គ្រងជាតិខ្លាញ់។
សារធាតុសកម្មនៅក្នុងតែ ដូចជា polyphenols និង flavonoids មានតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក ដែលជួយការពារស្រទាប់ខាងក្នុងនៃសរសៃឈាម និងរក្សាដំណើរការឈាមរត់បានល្អ។
លទ្ធផលនេះបានមកពីការតាមដានលើប្រជាជនចិនជិត ៥០ម៉ឺននាក់ ក្នុងរយៈពេលជាមធ្យម ៩ឆ្នាំ ដោយកត់ត្រាពីការញ៉ាំតែ និងការវិវឌ្ឍនៃជំងឺ។
ទោះបីជាការសិក្សានេះបង្ហាញពីលទ្ធផលវិជ្ជមានក្តី អ្នកនិពន្ធ និងអ្នកជំនាញខាងចំណីអាហារបានព្រមានថា ការផឹកតែតែមួយមុខ មិនមែនជាថ្នាំទិព្វ សម្រាប់ការពារជំងឺបេះដូងនោះទេ។ វាគួរតែត្រូវបានអនុវត្តស្របគ្នាជាមួយនឹងការរស់នៅដែលមានសុខភាពល្អ និងការបរិភោគអាហារត្រឹមត្រូវ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។ គួរបញ្ជាក់ថា ជំងឺសរសៃឈាមបេះដូងនៅតែជាមូលហេតុចម្បងនៃការស្លាប់នៅសហភាពអឺរ៉ុប ដោយបានសម្លាប់មនុស្សម្នាក់ក្នុងចំណោម៣នាក់ និងប៉ះពាល់ដល់មនុស្សប្រមាណ ៦២លាននាក់។
ប្រែសម្រួល៖ គីរី
