ខេត្តកណ្តាល៖កីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយចំនួន ១៤ គ្រឿងគិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ Southeast Asia Finswimming Championship 2026 និង Southeast Asia Age Group Finswimming Championship 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

លោក ហែម ថុនពន្លឺ គ្រូបង្វឹក បានប្រាប់ពីម៉ាឡេស៊ីថា កីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង។ លោក ហែមថុន ពន្លឺ បន្ថែមថា នៅសល់ការប្រកួត២ថ្ងៃទៀត លោករំពឹងថា កីឡាករ កីឡាការិនីកម្ពុជានឹងធ្វើបានល្អជាមួយក្តីរំពឹងដណ្តើមបានមេដាយបន្ថែមទៀត។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកម្ពុជាតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានប្រាប់ឲ្យដឹងថា ការចូលរួមប្រកួតនេះ គឺជាឱកាសដ៏សំខាន់សម្រាប់កីឡាករ–កីឡាការិនីកម្ពុជាក្នុងការបង្ហាញពីសមត្ថភាព បច្ចេកទេស និងការត្រៀមខ្លួនរបស់ខ្លួន ព្រមទាំងដណ្តើមយកលទ្ធផលល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពកីឡាក្នុងទឹកកម្ពុជានៅលើឆាកអន្តរជាតិ។

សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាហែលទឹកពាក់ជើងទាកម្ពុជាចំនួន ១៩ រូប រួមមាន៖លោក ហែម ថុនពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី លឹម សុខគន្ធពណ៍ កីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី អ៊ុង សែននី កីឡាការិនី មូល សុនីតា និង កីឡាការិនី ទួន ទិត្យសត្យា។

កីឡាករ ឆោម ចន្ទថន កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ លឹម សុខវារៈស័ក្តិ កីឡាករ ប៊ុនសាន សុនបញ្ញារិទ្ធ កីឡាករ ទូ ថានៈ កីឡាករ ឌឿន ឧត្តម កីឡាករ លឹម នរវិទូ កីឡាករ ម៉េង សុភក្ត្រា កីឡាករ សុង អង្គារ និងកីឡាករ មូល វឌ្ឍនៈ៕
ដោយ៖លី ភីលីព








