ម៉ាឌ្រីដ៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe ទើបតែបានសម្រេចសមិទ្ធផលស៊ុតបញ្ចូលទីគ្រាប់ទី១០០ របស់ខ្លួនសម្រាប់ក្លិបអធិរាជស Real Madrid នៅក្នុងការប្រកួតជំនួប El Clasico ដែលពួកគេបានយកឈ្នះលើគូប្រជែងដ៏ធំបំផុត Barcelona ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។

ការឈានដល់តួលេខ ៣ខ្ទង់នេះ គឺជាសមិទ្ធផលដ៏ធំធេងមួយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែសំណួរដែលអ្នកគាំទ្រតែងតែលើកឡើងគឺ តើកំណត់ត្រានេះមានភាពខុសគ្នាយ៉ាងណា បើប្រៀបធៀបជាមួយអតីត វីរបុរសរបស់ពួកគេគឺកីឡាករ Cristiano Ronaldo?
Mbappe ទល់នឹង Ronaldo៖ តើអ្នកណាដល់គោលដៅលឿនជាង? យោងតាមទិន្នន័យស្ថិតិ Kylian Mbappe បានប្រើប្រាស់ការបង្ហាញខ្លួនចំនួន ១១៦ ប្រកួត ទើបអាចសម្រេចបានគ្រាប់បាល់ទី១០០ របស់ខ្លួនក្នុងពណ៌អាវ Real Madrid។ ដោយឡែក សម្រាប់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo វិញ លោកបានប្រើប្រាស់ពេលត្រឹមតែ ១០៥ ប្រកួតប៉ុណ្ណោះ ក្នុងការឈានដល់កំណត់ត្រា ១០០គ្រាប់នេះ។ នេះមានន័យថា Ronaldo សម្រេចបានគោលដៅនេះលឿនជាង Mbappe ចំនួន ១១ប្រកួត។
ទោះបីជាប្រើពេលច្រើនជាងបន្តិចក៏ពិតមែន ប៉ុន្តែការដែល Mbappe អាចស្វែងរកគ្រាប់បាល់ទី១០០ នៅក្នុងការប្រកួតដ៏តានតឹងទល់នឹង Barcelona ដោយលោកជាអ្នកម៉ៅការស៊ុតបញ្ចូលទីទាំង២គ្រាប់ម្នាក់ឯង (នៅនាទីទី៤១ និង ៨៧) ដើម្បីធានាជ័យជម្នះឱ្យក្រុមនោះ វាបានបន្ថែមទំព័រប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុតមួយសម្រាប់អាជីពរបស់លោកនៅកីឡដ្ឋាន Santiago Bernabeu។
កំណត់ត្រាអ្នកលេងស៊ុត ១០០គ្រាប់លឿនបំផុតប្រចាំប្រវត្តិសាស្ត្រ Real Madrid
បើក្រឡេកមើលប្រវត្តិសាស្ត្រទាំងមូលរបស់ក្លិប Real Madrid កីឡាករដែលសម្រេចបាន ១០០គ្រាប់លឿនជាងគេបំផុតរួមមាន៖
១. Ferenc Puskas ប្រើពេល ១០០ ប្រកួត
២. Cristiano Ronaldo ប្រើពេល ១០៥ ប្រកួត
៣. Pahiño ប្រើពេល ១១១ ប្រកួត
៤. Alfredo Di Stefano ប្រើពេល ១១៤ ប្រកួត
៥. Kylian Mbappe ប្រើពេល ១១៦ ប្រកួត
ឥទ្ធិពលដែលមិនអាចប្រកែកបាន
ទោះបីជាមិនអាចបំបែកកំណត់ត្រាល្បឿនរបស់ស្ដេចបាល់ទាត់ Cristiano Ronaldo ក៏ដោយ ក៏ទម្រង់លេងរបស់ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ នៅតែបង្ហាញពីភាពមុតស្រួច និងឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ក្រុម។ កន្លងមក Mbappe ក៏ធ្លាប់បានតាមស្មើកំណត់ត្រាដ៏អស្ចារ្យមួយរបស់ Ronaldo ផងដែរ នោះគឺការស៊ុតបញ្ចូលទីបានរហូតដល់ ៥៩គ្រាប់ ក្នុងមួយឆ្នាំប្រតិទិន (Calendar year)។
ជារួម ទាំង Cristiano Ronaldo និង Kylian Mbappe សុទ្ធតែជាខ្សែប្រយុទ្ធដ៏ឆ្នើម ដែលបាន និងកំពុងសាងកំណត់ត្រា គួរឱ្យកត់សម្គាល់រៀងៗខ្លួនសម្រាប់ក្លិប Real Madrid។ ការប្រៀបធៀបនេះ គ្រាន់តែជាការបង្ហាញ ពីភាពអស្ចារ្យនៃខ្សែប្រយុទ្ធកំពូលទាំងពីរជំនាន់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបយក្សអេស្ប៉ាញមួយនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ គីរី
