បរទស៖ ខ្សែប្រយុទ្ធ Harry Kane បានបង្ហាញពីគម្រោងរបស់លោក ក្នុងការទិញកាដូដ៏ពិសេសសម្រាប់មិត្តរួមក្រុមទាំងនៅក្លិប Bayern Munich និងក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីលោកទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅទីក្រុងឡុងដ៍។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ បានឆ្លងកាត់ឆ្នាំ២០២៦ ដ៏អស្ចារ្យបំផុត ដោយបានស៊ុតបញ្ចូលទីសរុប ៧៣គ្រាប់ ទាំងនៅក្លិប និង ជម្រើសជាតិ ដើម្បីគ្រងពានរង្វាន់ឯកត្តជន ដ៏មានកិត្យានុភាពបំផុតក្នុងពិភពបាល់ទាត់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
Kane បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកដំបូងរបស់ខ្លួនកាលពីរាត្រីថ្ងៃចន្ទ ដោយបានយកឈ្នះលើខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករវ័យក្មេង Lamine Yamal ដើម្បីទទួលបានពានរង្វាន់ដ៏មានតម្លៃនេះ។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ត្រូវបានផ្តល់កិត្តិយសនៅក្នុងស្រុកកំណើតរបស់លោក នាទីក្រុងឡុងដ៍ ជាទីដែលលោកបានថ្លែងសុន្ទរកថាទទួលពានរង្វាន់ប្រកបដោយភាពថ្លៃថ្នូរ មុនពេលបន្តទៅអបអរសាទរនៅក្លឹបរាត្រី Soho ដ៏ប្រណិតមួយ។

ការទទួលបានការទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ពីយុទ្ធនាការឆ្នាំ២០២៦ ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះ។ Kane បានស៊ុតបញ្ចូលទីយ៉ាងច្រើនរហូតដល់ ៦១គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ ៥១ប្រកួតប៉ុណ្ណោះ គ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Bayern Munich ខណៈដែលលោកបានបន្ថែម ១២គ្រាប់ទៀត សម្រាប់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស (Three Lions)។
បន្ទាប់ពីគ្រាដ៏រុងរឿងនេះ Kane បានបញ្ជាក់ថាលោកនឹចែករំលែកភាពជោគជ័យនេះជាមួយកីឡាករដែលបានជួយលោកឱ្យឈានដល់ចំណុចកំពូលនេះ។ ដោយបានពាក់នាឡិកាដៃម៉ាក Rolex Daytona ដ៏កម្របំផុត ដែលមានតម្លៃជិត ១លានផោនក្នុងអំឡុងពេលកម្មវិធីប្រគល់ពាន ខ្សែប្រយុទ្ធរូបនេះបានទទួលស្គាល់ថា មិត្តរួមក្រុមរបស់លោកកំពុងទន្ទឹងរង់ចាំរង្វាន់យ៉ាងធំដុំរួចទៅហើយ។
ថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់ BILD, Kane បានបង្ហាញពីចេតនារបស់លោកក្នុងការទិញកាដូជូនមិត្តរួមក្រុមទាំងនៅក្លិប និងជម្រើសជាតិ។
Kane បានក្លាយជាកីឡាករអង់គ្លេសទី៦ ដែលបានឈ្នះពានរង្វាន់ Ballon d’Or ដោយចូលរួមជាមួយក្រុមឥស្សរជនឆ្នើមៗដូចជា Sir Stanley Matthews, Sir Bobby Charlton, Kevin Keegan និង Michael Owen ជាដើម។ សមិទ្ធផលដែលគ្មានគូប្រៀបរបស់លោក បានជំរុញឱ្យមានការពិភាក្សានៅឯការិយាល័យនាយករដ្ឋមន្ត្រី (Downing Street) ទាក់ទងនឹងលទ្ធភាពនៃការផ្តល់គោរមងារជា “អស្សឫទ្ធិ” (Knighthood/Sir) បន្ថែមពីលើគ្រឿងឥស្សរិយយស MBE ដែលលោកទទួលបានកាលពីឆ្នាំ២០១៩។
Kane នឹងត្រៀមខ្លួនសម្រាប់រាត្រីដ៏អស្ចារ្យមួយទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា នៅពេលដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវក្រូអាត ក្នុងការប្រកួតពានរង្វាន់ UEFA Nations League។ ប្រធានក្រុមរូបនេះ ត្រូវបានគេរំពឹងថានឹងដង្ហែពានរង្វាន់ Ballon d’Or របស់លោកជុំវិញកីឡដ្ឋាន Wembley មុនពេលការប្រកួតចាប់ផ្តើម ដើម្បីអបអរសាទរសមិទ្ធផលនេះជាមួយអ្នកគាំទ្រក្នុងស្រុក។ ការប្រកួតនេះ ក៏មានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ខ្សែប្រយុទ្ធរូបនេះផងដែរ ក្រៅពីការទទួលបានពានរង្វាន់ថ្មីៗ។
បច្ចុប្បន្ន លោកមានកំណត់ត្រា បង្ហាញខ្លួនស្មើនឹងវីរបុរសអ្នកចាំទី Peter Shilton គឺ ១២៥ប្រកួត (Caps) ហើយ Kane នឹងបំបែកកំណត់ត្រា ក្លាយជាកីឡាករដែលបង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេសច្រើនជាងគេបំផុតគ្រប់ពេលវេលា ប្រសិនបើលោកចូលលេងក្នុងប្រកួតនេះ ដែលនេះនឹងជួយបំពេញបន្ថែម នូវឋានៈបច្ចុប្បន្នរបស់លោក ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រជាតិរួចទៅហើយនោះ៕
ប្រែសម្រួល៖ គីរី
