សុខភាព និង ផ្លូវភេទ

តើការញ៉ាំបន្លែពិត ជាជួយបង្កើនអ័រម៉ូន បុរសមែនឬទេ? នេះជាការរកឃើញថ្មី ពីប្រទេសហ្វាំងឡង់

បរទេស៖ ការសិក្សាស្រាវជ្រាវមួយ ដែលមានការចូលរួមពីបុរសជាង ២.៥០០ នាក់ បានរកឃើញពីទំនាក់ទំនងផ្ទុយគ្នា រវាងការទទួលទានប្រូតេអ៊ីនពីសត្វ និងប្រូតេអ៊ីនពីរុក្ខជាតិ ប៉ុន្តែវាមិនបានបង្ហាញច្បាស់លាស់ថាការផ្លាស់ប្តូររបបអាហារពិតជាអាចជួយបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូន (Testosterone) នោះទេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

ជាទូទៅ កីឡា ការជក់បារី និងការទទួលទានគ្រឿងស្រវឹង តែងតែត្រូវបានគេលើកយកមកពិភាក្សាថាជាកត្តាដែលអាចជះឥទ្ធិពលដល់កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស។ ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីមួយពីប្រទេសហ្វាំងឡង់ បានបង្ហាញថា របបអាហារ—មិនថាប្រូតេអ៊ីនទទួលបានពីរុក្ខជាតិ ឬពីសត្វនោះទេ—ក៏អាចដើរតួនាទីយ៉ាងសំខាន់ផងដែរ។

ការសិក្សាទៅលើបុរសចំនួន ២.៥៤៦ នាក់ បានរកឃើញថា អ្នកដែលទទួលទានប្រូតេអ៊ីនពីសត្វច្រើនជាងគេ មានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាបជាងអ្នកដែលទទួលទានតិចតួចបំផុត ខណៈដែលលទ្ធផលផ្ទុយពីនេះបានកើតឡើងចំពោះបុរសដែលទទួលទានប្រូតេអ៊ីនពីរុក្ខជាតិច្រើនជាងគេ។
​តេស្តូស្តេរ៉ូន គឺជាអ័រម៉ូនផ្លូវភេទដ៏សំខាន់របស់បុរស ដែលពាក់ព័ន្ធនឹងមុខងារផ្លូវភេទ ការលូតលាស់សាច់ដុំ និងសុខភាពឆ្អឹង។ កម្រិតនៃអ័រម៉ូននេះប្រែប្រួលទៅតាមអាយុ ទម្ងន់រាងកាយ និងកត្តាផ្សេងៗទៀត ដែលធ្វើឱ្យមានការលំបាកក្នុងការកំណត់ឱ្យច្បាស់លាស់នូវផលវិបាកដែលបណ្តាលមកពីរបបអាហារតែមួយមុខ។

​ការទទួលទានប្រូតេអ៊ីនពីផលិតផលទឹកដោះគោក្នុងបរិមាណច្រើន មានទំនាក់ទំនងទៅនឹងការថយចុះកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនសរុប និងប្រូតេអ៊ីនម្យ៉ាងហៅថា Sex hormone-binding globulin (SHBG)។ ចំណែកឯការទទួលទានប្រូតេអ៊ីនពីសាច់សត្វវិញ មានទំនាក់ទំនងតែទៅនឹងការថយចុះកម្រិត SHBG ប៉ុណ្ណោះ ប៉ុន្តែមិនមានឥទ្ធិពលលើអ័រម៉ូនតេស្តូស្តេរ៉ូនសរុបនោះទេ។

​ផ្ទុយទៅវិញ ការទទួលទានប្រូតេអ៊ីនពីរុក្ខជាតិក្នុងកម្រិតខ្ពស់ (ទទួលបានពីបន្លែ និងប្រភពផ្សេងៗទៀតក្រៅពីផលិតផលធញ្ញជាតិ) ត្រូវបានរកឃើញថាមានទំនាក់ទំនងទៅនឹងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនសរុបខ្ពស់។

​អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Eastern Finland បានវិភាគទិន្នន័យពីបុរសអាយុចន្លោះពី ៤២ ទៅ ៦០ ឆ្នាំ ដែលរស់នៅភាគខាងកើតប្រទេសហ្វាំងឡង់។ របបអាហាររបស់ពួកគេត្រូវបានកត់ត្រាទុកក្នុងរយៈពេលបួនថ្ងៃ ចន្លោះឆ្នាំ ១៩៨៤ និង ១៩៨៩ ហើយសំណាកឈាមរបស់ពួកគេត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់អ័រម៉ូនតេស្តូស្តេរ៉ូនសរុប និងប្រូតេអ៊ីន SHBG ដែលជាប្រភេទប្រូតេអ៊ីនមានឥទ្ធិពលលើកំហាប់តេស្តូស្តេរ៉ូនក្នុងឈាម។

​បុរសនៅក្នុងក្រុមដែលទទួលទានប្រូតេអ៊ីនពីសត្វច្រើនជាងគេ មានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនសរុបជាមធ្យមទាបជាង ១,២ ណាណូម៉ូលក្នុងមួយលីត្រ បើធៀបនឹងក្រុមដែលទទួលទានតិចបំផុត។ សម្រាប់ប្រូតេអ៊ីនពីរុក្ខជាតិវិញ លទ្ធផលគឺផ្ទុយពីនេះ៖ បុរសក្នុងក្រុមដែលទទួលទានច្រើនជាងគេ មានកម្រិតអ័រម៉ូនខ្ពស់ជាង ១,១ ណាណូម៉ូលក្នុងមួយលីត្រ បើធៀបនឹងក្រុមដែលទទួលទានតិចបំផុត។

​អ្នកស្រាវជ្រាវបានកែសម្រួលការវិភាគរបស់ពួកគេដោយផ្អែកលើអាយុ សន្ទស្សន៍ម៉ាសរាងកាយ (BMI) និងកត្តារបបអាហារ របៀបរស់នៅ រួមទាំងបញ្ហាសុខភាពមួយចំនួនទៀត។ យ៉ាងណាក៏ដោយ ការសិក្សានៅហ្វាំងឡង់នេះមិនបានអះអាងដាច់អហង្ការថា ប្រូតេអ៊ីនពីសត្វធ្វើឱ្យអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះ ឬការប្តូរទៅញ៉ាំរបបអាហារពឹងផ្អែកលើរុក្ខជាតិអាចជួយបង្កើនអ័រម៉ូននេះនោះទេ។

​ការស្រាវជ្រាវនេះគឺជាការសិក្សាប្រភេទកាត់ទទឹង (Cross-sectional) ដែលមានន័យថាវាគ្រាន់តែពិនិត្យមើលទំនាក់ទំនងប៉ុណ្ណោះ ជាជាងការបង្ហាញពីហេតុនិងផលច្បាស់លាស់។ លោក Miika Wynne-Ellis អ្នកស្រាវជ្រាវថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Eastern Finland បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់សាកលវិទ្យាល័យថា៖ “ទោះបីជាភាពខុសគ្នានៃកំហាប់តេស្តូស្តេរ៉ូនដែលបានសង្កេតឃើញ មានអត្ថន័យផ្នែកស្ថិតិក៏ពិតមែន ប៉ុន្តែទំហំនៃភាពខុសគ្នានោះគឺនៅមានកម្រិតតិចតួចនៅឡើយ”។

ប្រែសម្រួល៖ គីរី

Most Popular

To Top