បរទេស៖ វីរបុរសបាល់ទាត់លោក Thierry Henry បានពោលពាក្យកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធ Harry Kane បន្ទាប់ពីកីឡាកររូបនេះបានឈ្នះពាន រង្វាន់ Ballon d’Or ជាប្រវត្តិសាស្ត្រ ដោយចាត់ទុកលោកថា ជាគំរូដ៏ល្អឥតខ្ចោះនៃកីឡាករដែលមានសមត្ថភាពពេញលេញ ។ ជាមួយគ្នានេះ អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានកោតសរសើរដល់តារាឆ្នើមរបស់ Arsenal គឺកីឡាករ Bukayo Saka ផងដែរ បន្ទាប់ពីទទួលបានពានរង្វាន់ Socrates សម្រាប់ការងារមនុស្សធម៌នៅក្រៅទីលាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

លោក Henry បានបង្ហាញ ការកោតសរសើរចំពោះកីឡាករអង់គ្លេសទាំងពីររូបនេះ ក្រោយពីពួកគេទទួល បានពានរង្វាន់រៀងៗខ្លួនក្នុងកម្មវិធី Ballon d’Or។ Kane បានឈ្នះពានរង្វាន់ឯកត្តជន ដ៏មានកិត្យានុភាពបំផុត ក្នុងវិស័យបាល់ទាត់ ខណៈដែល Saka ត្រូវបានទទួលស្គាល់សម្រាប់ការងារមនុស្សធម៌របស់គេ។
ថ្លែងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ អតីតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងរូបនេះ បានបង្ហាញក្តីរំភើបដែលបានឃើញកីឡាករទាំងពីរទទួលបានរង្វាន់នៅលើឆាកអន្តរជាតិ។ លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ Kane និងអត្តចរិតដ៏ល្អប្រពៃរបស់ Saka ថាជាកត្តាគន្លឹះនៅពីក្រោយភាពជោគជ័យរបស់ពួកគេ។
លោក Henry បានវាយតម្លៃយ៉ាងខ្ពស់ចំពោះខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich រូបនេះ ដោយលើកឡើងពីដំណើរដើម ទងដ៏គួរឱ្យកត់សម្គាល់របស់គេ ចាប់តាំងពីការចេញទៅលេង ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិបផ្សេងៗកាលពីដើមអាជីព រហូតឈានដល់កំពូលនៃពិភពបាល់ទាត់។
លោក Henry បានប្រាប់គេហទំព័រ Betway ថា៖ “វាពិតជាស័ក្តិសមណាស់សម្រាប់ Harry Kane។ គេគឺជាគំរូដ៏ល្អឥតខ្ចោះនៃការខិតខំប្រឹងប្រែងធ្វើការ – អ្នកអាចប្រាប់កូនៗរបស់អ្នកថា ‘មើលចុះថាតើមានអ្វីកើតឡើងនៅពេលដែលអ្នកខិតខំប្រឹងប្រែងយ៉ាងខ្លាំង’។ ចូរមើលក្លិបទាំងអស់ដែលគេធ្លាប់លេងក្នុងលក្ខខណ្ឌខ្ចីជើង ដូចជា Leicester, Millwall និង Norwich ជាដើម”។
លោកបានបន្ថែមថា៖ “ពីមុនគេគ្រាន់តែជាអ្នកស៊ុតបញ្ចូលទីសុទ្ធសាធ ប៉ុន្តែមើលពីរបៀបដែលគេបានអភិវឌ្ឍខ្លួន របៀបដែលគេក្លាយជាកីឡាករដ៏ឆ្លាតវៃ និងរបៀបដែលគេចុះមកលេងនៅតំបន់បម្រើ។ គេចេះការពារ ចេះវាយលុក ចុះមកក្រោម និងទទួលបាល់នៅចន្លោះខ្សែការពារកណ្តាលទាំងពីរ”។
ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកយុទ្ធសាស្ត្ររបស់ Kane លោក Henry បានកត់សម្គាល់ពីរបៀបដែលប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ អានការប្រកួតបានល្អជាងកីឡាករដទៃទៀត។ លោកបានបញ្ជាក់ថា៖ “គេគឺជាកីឡាករដែលមានសមត្ថភាពពេញលេញ ដូច្នេះពានរង្វាន់ Ballon d’Or នេះពិតជាស័ក្តិសមបំផុត ហើយវាជារង្វាន់សម្រាប់អាជីពដែលពោរពេញដោយការខិតខំប្រឹងប្រែង។ អ្នកត្រូវតែមានការគោរពយ៉ាងខ្លាំងចំពោះរឿងនេះ”។
អតីតខ្សែប្រយុទ្ធរបស់ Arsenal រូបនេះ ក៏មានសេចក្តីសោមនស្សរីករាយដូចគ្នាដែលបានឃើញ Saka ឈ្នះពានរង្វាន់ Socrates ដែលជាការទទួលស្គាល់ដល់ការងារសាមគ្គីភាព និងការងារសង្គមដ៏លេចធ្លោ។ លោក Henry បានសរសើរដល់សុន្ទរកថាទទួលពានរង្វាន់ប្រកបដោយមនោសញ្ចេតនារបស់ខ្សែបម្រើស្លាបរូបនេះ និងភាពរាបទាបរបស់គេនៅក្រៅទីលាន។
លោកបានពន្យល់ថា៖ “អ្នកបានឃើញហើយថា គេមានអារម្មណ៍រំភើបយ៉ាងណានៅពេលអានសំបុត្រនោះក្នុងសុន្ទរកថារបស់គេ – នោះហើយជា Bukayo Saka ដែលខ្ញុំស្គាល់។ គេជាមនុស្សរាបទាប មានមនុស្សល្អៗនៅជុំវិញខ្លួន គ្រួសាររបស់គេពិតជាអស្ចារ្យ ហើយគូស្នេហ៍របស់គេក៏អស្ចារ្យដូចគ្នា”។
បច្ចុប្បន្ន ទាំង Kane និង Saka នឹងត្រូវបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ការប្រកួតក្នុងស្រុកវិញ ជាមួយនឹងក្លិប Bayern និង Arsenal។ Kane កំពុងដឹកនាំក្លិប Bayern ក្នុងយុទ្ធនាការប្រជែងពានរង្វាន់ Bundesliga ខណៈដែល Saka នៅតែជាកីឡាករដ៏សំខាន់ក្នុងការស្វែងរកពានរង្វាន់ធំៗសម្រាប់ក្លិប Arsenal។ ជាមួយនឹងពានរង្វាន់ថ្មីៗនេះ កីឡាករអង់គ្លេសទាំងពីររូបនេះ ពិតជានឹងបន្តកំណត់ស្តង់ដារដ៏ខ្ពស់បំផុតសម្រាប់ទាំងក្លិប និងក្រុមជម្រើសជាតិរបស់ពួកគេ នៅពេលដែលរដូវកាលនេះបន្តដំណើរទៅមុខ។
ប្រែសម្រួល៖ គីរី
