កីឡា

លោក Michael Owen អះអាងថា ការឈ្នះពាន Ballon d’Or របស់លោកកាលពីអតីតកាលមិនសូវទទួលបានការឱ្យតម្លៃ ខណៈ Harry Kane ទើបតែបញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស

​បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើម លោក Michael Owen បានបើកចំហអំពីការមិនសូវទទួលបានការ ទទួលស្គាល់ចំពោះការឈ្នះពានរង្វាន់ Ballon d’Or ជាប្រវត្តិសាស្ត្ររបស់លោក ដោយលើកឡើងថាសមិទ្ធផលមួយនេះមិនដែលត្រូវបានគេឱ្យតម្លៃពេញលេញនោះទេនៅក្នុងប្រទេសអង់គ្លេស។ អតីតខ្សែប្រយុទ្ធក្រុម Liverpool រូបនេះ គឺជាកីឡាករអង់គ្លេសចុងក្រោយគេដែលបានឈ្នះពាន រង្វាន់ដ៏មានកិត្យានុភាពមួយនេះអស់រយៈពេលជិតមួយភាគបួនសតវត្សរ៍ (២៥ឆ្នាំ) រហូតទាល់តែ Harry Kane ទើបតែបានបញ្ចប់ការរង់ចាំដ៏យូរនេះកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញជំនឿចិត្តថា ជ័យជម្នះពាន Ballon d’Or ឆ្នាំ ២០០១ របស់លោក មិនទទួលបានការអបអរសាទរកម្រិតខ្ពស់ ដូចដែលធ្លាប់មានសម្រាប់អ្នកឈ្នះពានរង្វាន់ឯកត្តជនដ៏មានតម្លៃបំផុតក្នុងពិភពបាល់ទាត់នោះទេ។ ខ្សែប្រយុទ្ធរូបនេះបានសាងប្រវត្តិសាស្ត្រក្នុងវ័យត្រឹមតែ ២២ ឆ្នាំ ប៉ុន្តែលោកបានបញ្ជាក់ថា ការយល់ឃើញជាទូទៅចំពោះពានរង្វាន់នេះនៅក្នុងចក្រភពអង់គ្លេសនាសម័យនោះ គឺមានភាពខុសគ្នាស្រឡះពីការគោរពឱ្យតម្លៃនៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។

​និយាយអំពីប្រតិកម្មចំពោះភាពជោគជ័យរបស់លោក លោក Owen បានកត់សម្គាល់ពីភាពខុសគ្នាខ្លាំងរវាងទស្សនៈរបស់ជនជាតិអង់គ្លេស និងការគោរពដែលលោកទទួលបានពេលទៅលេងនៅក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ។ នៅក្នុងបទសម្ភាសន៍ដ៏ស៊ីជម្រៅជាមួយទស្សនាវដ្តី FourFourTwo លោកបានពន្យល់ថា៖ “ខ្ញុំជឿថាខ្ញុំមិនទទួលបានការកោតសរសើរដូចដែលអ្នកដទៃទទួលបាននោះទេ សម្រាប់ការឈ្នះពាន Ballon d’Or។ វាមិនដែលជារឿងសំខាន់នោះទេនៅក្នុងប្រទេសរបស់យើង។ ពេលខ្ញុំនៅប្រទេសអេស្ប៉ាញ ពួកគេនិយាយថាខ្ញុំជាវីរបុរសដោយសារតែឈ្នះពាននេះ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានឈ្នះវា”។

ទំហំនៃសមិទ្ធផលរបស់លោក Owen ត្រូវបានសង្កត់ធ្ងន់បន្ថែមទៀត តាមរយៈកម្រិតសមត្ថភាពរបស់កីឡាករដែលលោកបានយកឈ្នះ។ កំពូលកីឡាករដែលឈរឈ្មោះក្នុងឆ្នាំនោះ សុទ្ធសឹងតែជានិមិត្តរូបនៃពិភពបាល់ទាត់ ដោយលោក Owen បានទទួលសំឡេងឆ្នោតនាំមុខ Zinedine Zidane, Thierry Henry, Raul និង Rivaldo។ លោកក៏បានយកឈ្នះមិត្តរួមជាតិ David Beckham និងតារាឆ្នើមព័រទុយហ្គាល់ Luis Figo ដើម្បីគ្រងតំណែងកំពូល ដែលជាសមិទ្ធផលមួយដែលលោករកឃើញថាវាមានអត្ថន័យធំធេងនាពេលបច្ចុប្បន្ន ជាងពេលដែលលោកកំពុងប្រកបអាជីពទៅទៀត។

​រម្លឹកដល់ពេលដែលឈរឈ្មោះជាមួយកំពូលកីឡាករទាំងនោះ អតីតកីឡាករ Real Madrid រូបនេះបានសារភាពថា លោកនៅតែរក្សាទុកលទ្ធផលនៃការបោះឆ្នោតនៅក្នុងទូរស័ព្ទដៃរបស់លោក។ លោក Owen បានបង្ហើបថា៖ “ខ្ញុំតែងតែមើលបញ្ជីឈ្មោះទាំងនោះ ហើយខ្ញុំនៅតែរក្សាវាទុកក្នុងទូរស័ព្ទរបស់ខ្ញុំ គឺជារូបថតនៃប្រព័ន្ធពិន្ទុ និងអ្នកដែលទទួលបានលេខពីរ លេខបី លេខបួន និងបន្តបន្ទាប់។ អ្នកមើលទៅបញ្ជីនោះ វាពិតជាគួរឱ្យស្ញប់ស្ញែងណាស់។ នោះហើយជាអ្វីដែលខ្ញុំចង់បានកាលពីក្មេង។ ខ្ញុំមិនត្រឹមតែចង់ក្លាយជាកីឡាករបាល់ទាត់នោះទេ ខ្ញុំចង់ក្លាយជាកីឡាករបាល់ទាត់ដែលល្អបំផុត”។

ជ័យជម្នះរបស់លោក Owen កើតឡើងមុនយុគសម័យនៃការចាប់អារម្មណ៍ខ្លាំងជាសកល ដែលកំណត់ដោយការប្រជែងគ្នារវាង Cristiano Ronaldo និង Lionel Messi។ អស់រយៈពេលជាងមួយទសវត្សរ៍ អ្នកទាំងពីរបានប្រែក្លាយ Ballon d’Or ទៅជារឿងរ៉ាវដ៏សំខាន់បំផុតនៃពិភពបាល់ទាត់។ ប៉ុន្តែលោក Owen ជឿជាក់ថា ក្នុងវ័យ ២២ ឆ្នាំ លោកប្រហែលជាមិនបានយល់ច្បាស់ពីទម្ងន់នៃកិត្តិយសមួយនេះទេ។ លោកបានសារភាពថា កាលពីពេលនោះ លោកគ្រាន់តែចាត់ទុកវាជាពានរង្វាន់មួយទៀតដែលត្រូវឈ្នះ ជាជាងពេលវេលាដ៏សំខាន់បំផុតក្នុងអាជីព។

​លោក Owen បានបញ្ជាក់ថា៖ “ការឈ្នះពាននេះផ្តល់អារម្មណ៍ល្អនៅពេលនេះ ជាងកាលពីពេលដែលខ្ញុំកំពុងលេងបាល់ទៅទៀត។ ពេលអ្នកអាយុ ២២ ឆ្នាំ វាគ្រាន់តែជាពានរង្វាន់មួយទៀតប៉ុណ្ណោះ ហើយអ្នកគិតថានឹងត្រូវខិតខំឈ្នះវាម្តងទៀតនៅពេលក្រោយ”។

ប្រែសម្រួល៖ គីរី

Most Popular

To Top