បរទេស ៖ លោក Luciano Spalletti បានយកឈ្នះលើក្លឹប ដែលលោកធ្លាប់ដឹកនាំឱ្យឈ្នះពានរង្វាន់ Scudetto ខណៈដែលក្រុម Juventus បានយកឈ្នះក្រុម Napoli ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Allianz ដោយកីឡាករ Kerim Alajbegovic និងកីឡាករបម្រុង Jeremie Boga សុទ្ធតែស៊ុតបញ្ចូលទីពីក្រៅប្រអប់ពិន័យ ។ ជ័យជម្នះនេះបានជួយឱ្យ Juventus ឡើងឈរពីលើក្រុមភ្ញៀវ ដែលមុនការប្រកួតមាន ១៤ ពិន្ទុស្មើគ្នា ហើយថែមទាំងបន្តកំណត់ត្រាមិនឱ្យ Napoli ស៊ុតបញ្ចូលទីនៅទឹកដីខ្លួនឯង (Home clean sheets) បានចំនួន ៤ ប្រកួតជាប់ៗគ្នា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ការប្រកួតនេះគឺជាការប្រកួតដ៏តឹងតែង និងស្វិតស្វាញ ដែលត្រូវបានកាត់សេចក្តីដោយទម្រង់លេងដ៏ល្អ និងគុណភាពចំនួនពីរលើក ជាជាងការបង្កើតឱកាសច្រើនសន្ធឹកសន្ធាប់។
Juventus បញ្ចប់ការប្រកួតដោយមានឱកាសស៊ុត ១៨ ដង ទល់នឹង ៧ ដង និងមានអត្រារំពឹងទុកគ្រាប់បាល់ ០.៧៩ ទល់នឹង ០.៤១ ប៉ុន្តែគ្រាប់បាល់ទាំងពីររបស់ពួកគេមានតម្លៃត្រឹមតែ ០.០៥ xG បញ្ចូលគ្នាប៉ុណ្ណោះ។ ការបំបែកកំណត់ត្រាដ៏សំខាន់ក៏បានកើតឡើងមុនពេលមានការប្រែប្រួលចំនួនកីឡាករនៅលើទីលាន៖ Alajbegovic បានស៊ុតបញ្ចូលទីនៅនាទីទី៧០ ពោលគឺ៥នាទីមុនពេលកីឡាករ Luca Marianucci ត្រូវបានបណ្តេញចេញពីទីលាន។
លោក Spalletti បានរៀបចំទម្រង់លេង ៤-៣-២-១ ប៉ុន្តែត្រឹមនាទីទី២២ ក្រុមរបស់លោកបានប្តូរមកលេងទម្រង់ ៤-៤-២ វិញ ដោយមាន Weston McKennie នៅខ្សែបម្រើស្តាំ, Alajbegovic នៅខាងឆ្វេង ហើយ Nick Woltemade និង Randal Kolo Muani នៅតំបន់ប្រយុទ្ធខាងមុខ។ ចំណែកឯ Douglas Luiz និង Teun Koopmeiners ជាអ្នកគ្រប់គ្រងនៅតំបន់កណ្តាល។
ក្រុមម្ចាស់ផ្ទះបានធ្វើសកម្មភាពវាយលុកដ៏គ្រោះថ្នាក់បំផុតរបស់ពួកគេនៅគែមបន្ទាត់ខាងឆ្វេង។ Juan Cabal បានរុញឡើងពីតំបន់ខ្សែការពារឆ្វេង ដោយបញ្ជូនបាល់ឱ្យ Mathias Olivera តែតចេញនៅនាទីទី១៨ និងរត់ចូលពីក្រោយ Giovanni Di Lorenzo នៅនាទីទី៣៣ ខណៈដែល Alajbegovic បានរំកិលចូលក្នុងដើម្បីស៊ុត។ ផែនទីនៃការវាយលុករបស់ Juventus បានផ្ដោតខ្លាំងទៅលើផ្នែកនោះ ហើយវាក៏ជាកន្លែងដែលគ្រាប់បាល់ទាំងពីរបានកើតឡើងផងដែរ។
បាល់ពិន័យ (Set pieces) គឺជាអាវុធមួយទៀតរបស់ពួកគេ។ Juventus ទទួលបានបាល់ជ្រុង ១៣ ដង ទល់នឹង Napoli ៤ ដង និងបញ្ជូនបាល់កាត់ (Crosses) ២៩ ដង ទល់នឹង ១៤ ដង ដោយ Luiz ជាអ្នកបញ្ជូនបាល់ភាគច្រើន។ Cabal បានតែតបាល់ជ្រុងចំបង្គោលទីដោយប្រើស្មា មុនពេលឈានចូលដល់ពាក់កណ្តាលម៉ោង ខណៈដែល Jhon Lucumi, McKennie, Federico Gatti និង Bremer សុទ្ធតែមានឱកាសតែត ឬស៊ុតពីចម្ងាយជិតៗពីបាល់ពិន័យ។
Juventus ក៏គ្រប់គ្រងទីលានបានល្អ ដោយបញ្ជូនបាល់បាន ៩៩ ដង នៅតំបន់ទីបីចុងក្រោយ (Final third) ទល់នឹង Napoli ៥៦ ដង និងប៉ះបាល់ ៣៦ ដង នៅក្នុងប្រអប់ពិន័យរបស់គូប្រកួត ទល់នឹង ១០ ដង។
នៅតំបន់ប្រយុទ្ធខាងមុខ Woltemade គឺជាគោលដៅសំខាន់ ដោយចុះមកទទួលបាល់ និងទាក់ទាញការធ្វើកំហុស រួមទាំងការទាញ ដែលធ្វើឱ្យ Marianucci ទទួលបានកាតលឿងលើកទីមួយនៅនាទីទី៣៨។ ចំណែកឯ Kolo Muani មិនអាចទាញយកប្រយោជន៍ពីការបញ្ជូនបាល់បានល្អនោះទេ។ គាត់បានជាប់អន្ទាក់ក្រៅល្បែង (Offside) ពីរដង, បញ្ជូនបាល់លើសកម្លាំង ដែលធ្វើឱ្យខូចឱកាសវាយបកដ៏ល្អនៅនាទីទី៥៤ និងត្រូវបានប្តូរចេញនៅម៉ោងទីមួយ ជាមួយនឹងសំឡេងហ៊ោចំអកពីអ្នកគាំទ្រ។
ប្រែសម្រួល៖ គីរី
