បរទេស ៖ លោក Jose Mourinho បានវិលត្រឡប់មកប្រើទម្លាប់ឌឺដង របស់លោកជាថ្មី បន្ទាប់ពីក្រុមអធិរាជស Real Madrid ទទួលបានជ័យជម្នះ ៣-០ យ៉ាងល្អឥតខ្ចោះលើក្រុម Racing Santander កាលពីរសៀលថ្ងៃអាទិត្យ ។ ថ្វីត្បិតតែមានបរិយាកាសតានតឹង យ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ បានឆ្លៀតឱកាសចំអកដល់អ្នកគាំទ្រម្ចាស់ផ្ទះ ចំពោះការមិនយល់ដឹង អំពីច្បាប់ទម្លាប់នៃការប្រកួត នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុម Real Madrid បានទទួល ៣ ពិន្ទុដ៏សំខាន់ សម្រាប់ការប្រកួតក្រៅដីរបស់ពួកគេ ប៉ុន្តែចំណងជើងព័ត៌មានក្រោយការប្រកួត ត្រូវបានគ្របដណ្ដប់ដោយសម្ដីឌឺដង និងការលេងសើចរបស់លោក Mourinho។ អតីតគ្រូបង្វឹកក្រុម Chelsea និង Inter Milan រូបនេះ មិនមានភាពតក់ស្លុត នឹងបរិយាកាសនៅក្នុងកីឡដ្ឋាន Estadio El Sardinero នោះទេ ដោយលោកបានជ្រើសរើសយកការវាយបកទៅ លើការតវ៉ាដោយសំឡេងឡូឡារបស់អ្នកគាំទ្រម្ចាស់ផ្ទះ នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។
លោក Mourinho បានពន្យល់ថា៖ «ខ្ញុំស្រឡាញ់កីឡដ្ឋាននេះ ហើយខ្ញុំក៏ស្រឡាញ់អ្នកគាំទ្រ Racing ផងដែរ។ ពួកគេមិនមែនមកដើម្បីទស្សនាការសម្ដែង ឬមើលកុននោះទេ ពួកគេមកដើម្បីចូលរួមក្នុងការប្រកួត និងធ្វើឱ្យអ្វីៗមានការលំបាកខ្លាំងសម្រាប់គូប្រកួត»។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានប្រែប្រួល នៅពេលដែលលោកបានលើកឡើងពីសំឡេងផ្លុំកញ្ចែចំអកឥតឈប់ឈរពីលើកន្លែងអង្គុយទស្សនា។ លោកបានបន្ថែមដោយសម្ដីឌឺដងថា៖ «ពួកគេបានតវ៉ាប្រឆាំងនឹងរាល់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ជាពិសេសដោយសារតែពួកគេមិនសូវដឹងច្បាប់។ តែជាការពិតណាស់ ខ្ញុំយល់ ព្រោះច្បាប់មានការផ្លាស់ប្តូរច្រើន»។
ភាពតានតឹងនៅក្នុងកីឡដ្ឋានបានឡើងដល់កម្រិតកំពូល នៅពេលដែលក្រុម Racing Santander គិតថាពួកគេមានឱកាសអាចវាយបកយកគ្រាប់បាល់វិញតាមរយៈការទាត់បាល់ប៉េណាល់ទី។ ទោះជាយ៉ាងណាក៏ដោយ ការអន្តរាគមន៍ពីប្រព័ន្ធ VAR បានធ្វើឱ្យការសម្រេចចិត្តនោះត្រូវបានលុបចោលវិញ ដែលទង្វើនេះបានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រម្ចាស់ផ្ទះ។
មតិយោបល់របស់លោក Mourinho ភាគច្រើនបានផ្តោតទៅលើការលុបចោលបាល់ប៉េណាល់ទីនេះ ដែលលោកជឿជាក់ថា វាជាឧទាហរណ៍ដ៏ច្បាស់លាស់មួយដែលបង្ហាញថាបច្ចេកវិទ្យាកំពុងដំណើរការបានយ៉ាងត្រឹមត្រូវ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បានឈរយ៉ាងរឹងមាំលើជំនឿរបស់លោកថា ក្រុមម្ចាស់ផ្ទះមិនសមនឹងទទួលបានបាល់ប៉េណាល់ទីនោះឡើយ ក្រោមច្បាប់កំណត់បច្ចុប្បន្ន។
លោក Mourinho បានបន្តទៀតថា៖ «ពួកគេបានតវ៉ាប្រឆាំងនឹងការលុបចោលបាល់ប៉េណាល់ទីនេះ ទាំងដែលវាច្បាស់ណាស់ថា ច្បាប់បានចែងថាវាមិនមែនជាបាល់ប៉េណាល់ទីនោះទេ។ វាជារឿងច្បាស់ណាស់ ប្រសិនបើ VAR មិនកំពុងដេកលក់។ ហើយសំណាងល្អ VAR មិនបានដេកលក់នោះទេ។ អាជ្ញាកណ្តាលពិតជាធ្វើបានល្អណាស់»។
ប្រែសម្រួល៖ គីរី
