កីឡា

លោក តឹក ប៊ុនវី ៖ WBPF មិនបានចេញលិខិតធ្វើការហាមឃាត់ និងផ្អាកសកម្មភាពរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាឡើយ

ភ្នំពេញ៖លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានប្រាប់ឲ្យដឹងដថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាគឺជាសមាជិកពេញសិទ្ធិ នៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក មានឈ្មោះជាភាសា អង់គ្លេសថា (WBPF) ហើយពុំមែនជាសមាជិក របស់សហព័ន្ធកីឡា កាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (IFBB) ឡើយ ដោយមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនក្នុងស្រុក បានបង្កឲ្យមានការយល់ច្រឡំដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជនចំពោះសហព័ន្ធ។

លោកប្រធានបានបន្តថា សហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ហើយគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៤ (ឆ្នាំ២០២៤-២០២៨) មានសិទ្ធិអំណាចពេញលេញ ក្នុងការតំណាង ឲ្យព្រះរាជាណាចក្រកម្ពុជា ដើម្បី គ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ប្រភេទកីឡានេះទាំងក្នុង និងក្រៅប្រទេស។ សហព័ន្ធបានគោរពតាមច្បាប់ តម្លាភាព និងការអភិវឌ្ឍវិស័យកីឡាកាយវប្បកម្មឲ្យស្របតាមបទបញ្ញត្តិ និង គោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារជាតិប្រឆាំងដូប៉ាកម្ពុជា។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាស្ថិតនៅក្រោមឆ័ត្ររបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក មានឈ្មោះជាភាសា អង់គ្លេសថា (WBPF) មិនមែនជាសមាជិក របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (IFBB) ឡើយ សូមស្ថាប័នពាក់ព័ន្ធនឹងកីឡា និងសាធារណជនសូមមេត្តាជ្រាបជាដំណឹង។

លោកអតីតកីឡាករកាយវប្បកម្មជើងចាស់ ដ៏ឆ្នើមរបស់កម្ពុជា បានបន្ថែមថា រាល់ការចេញប្រកួតក្រៅប្រទេស កមិ្រតអន្តរជាតិផ្លូវការ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំ ហាត់ប្រាណកម្ពុជា តែងតែងចូលរួមជាការប្រកួត ដែលរៀបចំឡើងក្រោមឆ័ត្រ និងការទទួលស្គាល់របស់ WBPF តែមួយគត់ប៉ុណ្ណោះ។ ចំណែកកីឡាករមួយចំនួនចេញទៅប្រកួតលក្ខណឯកជននោះ មិនពាក់ព័ន្ធនឹងសហព័ន្ធ ដូច្នេះសូមស្ថាប័នពាក់ព័ន្ធនឹងកីឡា និងសាធារណជនសូមមេត្តាជ្រាបជាដំណឹង។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មិនមែនមានលិខិតណាមួយដែលសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក មានឈ្មោះជាភាសា អង់គ្លេសថា (WBPF) ហាមឃាត់ និងផ្អាកសកម្មភាព និងសហព័ន្ធអនុវត្តខុសគោលការណ៍របស់ទីភ្នាក់ងារប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡាពិភពលោក “WADA” ឡើយ។ដោយឡែក WADA បានដាក់ពិន័យ និងផ្អាកសកម្មភាព លើសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (IFBB) មិនមែនសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាឡើយ

បញ្ជាក់៖សហព័ន្ធបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ហាមឃាត់ និងដាក់ពិន័យ ចំពោះកីឡាករ-កីឡាការិនីទាំងឡាយណា ដែលល្មើសនឹងបទបញ្ញត្តិប្រឆាំងដូប៉ា ។ សហព័ន្ធបានសហការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារជាតិប្រឆាំងដូប៉ាកម្ពុជា (CADA) ក្នុងការបញ្ជូនមន្ត្រី គ្រូបង្វឹក និងអត្តពលិកទៅទទួលការអប់រំ ធ្វើតេស្ត និងអនុវត្តទណ្ឌកម្មចំពោះបុគ្គលដែលមានសារ ធាតុហាមឃាត់ប្រកបដោយភាពតឹងរ៉ឹង៕

Most Popular

To Top