កីឡា

ស្កុតឡែន ធ្លាក់ចេញពីវគ្គ Play-offs នៃពានរង្វាន់ Nations League ក្រោយបរាជ័យ ៤-០ ក្រោមថ្វីជើងស្វីស

បរទេស ៖ រាត្រីនៃការបំបែកកំណត់ត្រារបស់ Andy Robertson បានប្រែជាភាពជូរចត់ បន្ទាប់ពីក្រុមជម្រើសជាតិស្វីស បានលត់ក្រុមស្កុតឡែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅទីក្រុង St Gallen។ ខ្សែការពារស្លាបរូបនេះ បានវ៉ាដាច់កំណត់ត្រារបស់វីរបុរសលោក Sir Kenny Dalglish ជាមួយនឹងការបង្ហាញខ្លួនលើកទី១០៣ របស់គេ ប៉ុន្តែការភ្លាត់ទាត់បញ្ចូលទីខ្លួនឯងពីសំណាក់កីឡាករ Lewis Ferguson និង ៣គ្រាប់បន្ថែមទៀតពីក្រុមស្វីស បានបញ្ចប់ក្តីសង្ឃឹមរបស់ស្កុតឡែនក្នុងការឈានទៅវគ្គ Play-offs នៃពានរង្វាន់ Nations League និងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ជាថ្មីទៅលើគ្រូបង្វឹកលោក Sebastien Pocognoli នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែវិច្ឆិកា  ឆ្នាំ២០២៦

​Robertson បានក្លាយជាកីឡាករដែលបង្ហាញខ្លួនឱ្យជម្រើសជាតិបានច្រើនជាងគេបំផុតរបស់ស្កុតឡែន នៅពេលដែលគេបានចូលលេងជម្រើសដំបូងក្នុងការប្រកួតចុងក្រោយនៃពូល B1 នៃពានរង្វាន់ Nations League កាលពីរាត្រីថ្ងៃចន្ទ ប៉ុន្តែមិនមានអ្វីផ្សេងទៀតគួរឱ្យអបអរសាទរនោះទេ។

ស្កុតឡែន ហាក់លេងក្នុងស្ថានភាពដ៏ល្អប្រសើរទល់នឹងក្រុមស្វីស ដែលបានធ្វើការផ្លាស់ប្តូរកីឡាករជាច្រើន ដោយកីឡាករ John McGinn មានឱកាសស៊ុតរំលងរបារទីនៅនាទីទី១៧ រហូតដល់នាទីទី២២ ទើបកីឡាករ Ferguson បានលូកជើងទាត់បាល់បញ្ចូលទីខ្លួនឯងដោយអចេតនា។

​ពីរនាទីក្រោយមក កីឡាករ Aaron Hickey ស្ទើរតែអាចតាមស្មើមកវិញ នៅពេលដែលគេបានតែតបាល់ពីការបញ្ជូនខ្វែងរបស់ Robertson តែខុសគោលដៅបន្តិច ប៉ុន្តែការប្រកួតសម្រាប់ខ្សែការពារស្លាបរូបនេះត្រូវបានបញ្ចប់នៅនាទីទី៣៦ នៅពេលដែលគេត្រូវប្តូរចេញដោយសារមានបញ្ហារបួសសរសៃពួរខាងក្រោយ (Hamstring)។

​កីឡាករ Adrian Bajrami បានតែតបាល់ខុសគោលដៅទាំងស្រុងពីឱកាសដ៏ល្អមួយមុនពេលបញ្ចប់តង់ទី១ ហើយស្កុតឡែនត្រូវបានដាក់ទណ្ឌកម្មភ្លាមៗបន្ទាប់ពីតង់ទី២ ចាប់ផ្តើម។ ពីរនាទីចូលដល់តង់ទី២ កីឡាករ Samuel Ballet បានសហការបញ្ជូនបាល់ជាមួយ Remo Freuler ហើយការស៊ុតរបស់គេត្រូវបានបន្ថែមបញ្ចូលទីដោយកីឡាករ Winsley Boteli។ បួននាទីក្រោយមក Boteli បានក្លាយជាអ្នកបញ្ជូនបាល់ឱ្យ Alvyn Sanches ស៊ុតទម្លាយសំណាញ់ទីរបស់អ្នកចាំទី Angus Gunn ដើម្បីនាំមុខ ៣-០។

​អ្នកចាំទី Gunn បានសង្គ្រោះបាល់មិនឱ្យ Ballet រកបានគ្រាប់ទី៤ ហើយ Scott McTominay បានស៊ុតរំលងរបារទីពីការបញ្ជូនខ្វែងរបស់ Kieran Tierney មុនពេលខ្សែប្រយុទ្ធបម្រុង Zeki Amdouni ស៊ុតប៉ះខ្សែការពារ Luke Graham ប្លាតចូលទី បញ្ចប់ការប្រកួតយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅនាទីទី៨៩។

​បរាជ័យនេះបានធ្វើឱ្យស្កុតឡែន ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល តាមពីក្រោយស្វីស និងស្លូវេនី ដោយមានត្រឹម ៧ពិន្ទុ ពីការប្រកួតសរុប (១៨ពិន្ទុពេញ)។ នេះមានន័យថា ពួកគេបានបាត់បង់ឱកាសលេងវគ្គ Play-off ដើម្បីឡើងចំណាត់ថ្នាក់ (Promotion play-off) ហើយនឹងត្រូវបន្តស្ថិតក្នុង League B ដដែលសម្រាប់ពានរង្វាន់ Nations League រដូវកាលក្រោយ ព្រមទាំងបាត់បង់ឱកាសក្នុងការទទួលបានចំណាត់ថ្នាក់គ្រាប់ពូជ (Seeding) ដ៏ល្អប្រសើរមួយ សម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ Euro 2028 នៅខែក្រោយផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top