កីឡា

ប្រតិភូក្រុមប្រឹក្សាកីឡា សាកលវិទ្យាល័យអាស៊ានចុះពិនិត្យ និងវាយតម្លៃទីតាំងប្រកួតកីឡានានា នៅពហុកីឡដ្ឋានជាតិ មរតកតេជោ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរង សហព័ន្ធកីឡាសិស្ស និស្សិត កម្ពុជា ព្រមទាំងក្រុមការងារ បានអមដំណើរប្រតិភូ ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Sports Council delegate – AUSC) ក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃទីតាំងប្រកួតកីឡានានា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ដំណើរចុះពិនិត្យ និងវាយតម្លៃនេះ មានគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃទីតាំងប្រកួត សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធកីឡា និង លក្ខខណ្ឌចាំបាច់នានា ដែលគាំទ្រដល់ការរៀបចំការប្រកួត ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការរបស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន។ ការចុះពិនិត្យនេះ ក៏ជាឱកាសសម្រាប់ប្រតិភូ និង ក្រុមការងារពាក់ព័ន្ធ ផ្លាស់ប្តូរយោបល់ និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ ទីតាំងប្រកួតឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការត្រៀមរៀបចំមានភាពច្បាស់លាស់ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។

ជាមួយគ្នានេះ ការត្រួតពិនិត្យ និងវាយតម្លៃទីតាំងប្រកួតជាមុន គឺជាជំហានដ៏សំខាន់មួយក្នុងការរៀបចំផែនការបច្ចេកទេស ការគ្រប់គ្រងទីតាំង និងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងមានគុណភាពស្របតាមគោលការណ៍ និងបទដ្ឋានដែលបានកំណត់។

Most Popular

To Top