កីឡា

ក្រុមប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡា ប៉ារ៉ាឡាំពិកកម្ពុជា ខណៈកីឡាករ វ៉ាន វ៉ុន បំបែកកំណត់ត្រាថ្មី ជាប្រវត្តិសាស្ត្រ២០ឆ្នាំ នៅអាស៊ីប៉ារ៉ាហ្គេម បានមកដល់កម្ពុជាវិញហើយ

ភ្នំពេញ៖នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីពិការកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខណៈកីឡាករអត្តពលកម្មជនពិការ វ៉ាន វ៉ុន ដណ្តើមបានមេដាយ សំរឹទ្ធិ១គ្រឿង ជាការបំបែកកំណត់ត្រាថ្មី ជាប្រវត្តិសាស្ត្រជូនជាតិ ក្នុងរយៈពេល ៥ លើកស្មើនឹង ២០ឆ្នាំក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសទីក្រុងណាកូយ៉ា ប្រទេសជប៉ុន។

ក្នុងឱកាសការអញ្ជើញ មកដល់ប្រទេសកម្ពុជាប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីពិការកម្ពុជា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននិងកីឡា ព្រមទាំងមន្ត្រី និងមន្តីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានគូសបញ្ជាក់ថា ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ពិតជាមានកិត្តិយស និងកក់ក្តៅបំផុត ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមកទទួលដំណើរ និវត្តន៍របស់ប្រតិភូកីឡា យើងនៅអកាសយានដ្ឋាន តេជោដោយផ្ទាល់ ដែលជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ នេះជាការផ្តល់តម្លៃដល់បងប្អូនជនពិការកម្ពុជាយើង។

លោកអគ្គលេខាធិការបន្ថែមថា តាមរយៈការដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងរបស់កីឡាករ វ៉ាន វ៉ុន នាពេលនេះ គឺជាកិត្តិយសដ៏ធំធេង ដែលរកបានមេដាយដំបូងគេ ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ ប្រតិភូកីឡាកម្ពុជាមានចំនួនសរុប ៣១នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី ១៧នាក់ចូលរួមប្រកួតលើ៥ប្រភេទកីឡា ហើយឈ្នះមេដាយសំរឹទ្ធ១គ្រឿងលើប្រភេទកីឡាអត្តពលកម្ម ដោយកីឡាករ វ៉ាន វ៉ុន លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្របុរស T54។ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកម្ពុជា ក្នុងបេសកកម្មប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន លើកនេះ ចាប់ពីថ្ងៃប្រកួតដំបូង រហូតដល់បញ្ចប់ការប្រកួត។

លោក យី វាសនា បានសង្កត់ធ្ងន់ថា ការប្រកួតអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៦នេះ គឺមាន៤៥ប្រទេសចូលរួមពេញលេញ មកពីក្នុងទ្វីបអាស៊ីតែម្តង ដែលមិនធ្លាប់មានទេ។ ចិនជាប្រទេសដណ្តើមបានមេដាយច្រើនជាងគេ និងឈរនៅលេខ១ ដោយឈ្នះមេដាយមាសចំនួន ២០៤គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន ឈរលេខ២ ឈ្នះមេដាយមាស ៦៣គ្រឿង។ អ្វីជាការកត់សម្គាល់ជាលើកដំបូង គឺប្រទេសចំនួន២ ដែលក្នុងពិធីបិទជាផ្លូវការ ប្រធានប៉ារ៉ាឡាំពិកអាស៊ីបានប្រកាសថា ប្រទេសតាជីគីស្ថាន និងប្រទេសកម្ពុជាកំពុងបោះជំហានក្នុងប្រជែងបានមេដាយជាបន្តបន្ទាប់ ក្នុងអាស៊ី។ អ្វីដែលពិសេស គឺក្រុមប្រឹក្សា និងប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីបានប្រកាសជាផ្លូវការនៃការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៦ នាឆ្នាំ២០២៩របស់ប្រទេសកម្ពុជាផងដែរ។

Most Popular

To Top