កីឡា

Nico Williams បញ្ជាក់ច្បាស់ពីការបដិសេធសំណើ Barçalona, PSG និង Arsenal ដើម្បីប្តេជ្ញាចិត្តស្នាក់នៅ Athletic Club រហូតដល់ឆ្នាំ ២០៣៥»

​បរទេស៖ កីឡាករឆ្នើម Nico Williams របស់ក្លិប Athletic Club បានចេញមុខបំភ្លឺជាផ្លូវការ ចំពោះការរំពឹងទុកជុំវិញ អនាគតរបស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថារូបគេបានបដិសេធសំណើពីបណ្តាក្លិបយក្សធំៗជាច្រើននៅទ្វីបអឺរ៉ុប ដើម្បីបន្តរួមរស់ជាមួយក្លិបដែលខ្លួនស្រឡាញ់តាំងពីកុមារភាពនៅទឹកដី Basque។ ខ្សែស្លាបជម្រើសជាតិអេស្ប៉ាញវ័យ ២៤ ឆ្នាំរូបនេះ បានទទួលស្គាល់ថា មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបនៅ Premier League, Ligue 1 និង La Liga មុនពេលរូបគេសម្រេចចិត្តផ្ញើអនាគតរយៈពេលវែង នៅកីឡដ្ឋាន San Mamés នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន GOAL ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​Nico Williams បានបញ្ចប់រឿងរ៉ាវផ្ទេរដ៏រ៉ាំរ៉ៃ តាមរយៈការទម្លាយពីទំហំពិតប្រាកដនៃចំណាប់អារម្មណ៍ ដែលក្លិបនានាមានលើរូបគេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជ័យជម្នះយ៉ាងចាស់ដៃ ៤-០ លើក្រុម Getafe កីឡាកររូបនេះបានពន្យល់ថា រូបគេទទួលបានឱកាសជាច្រើនក្នុងការចាកចេញពីតំបន់ Basque នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅចំនួន ៣ លើកចុងក្រោយនេះ។

​ខ្សែស្លាបឆ្នើមរូបនេះបាននិយាយដោយត្រង់ៗអំពីក្លិបដែលបានព្យាយាមចុះហត្ថលេខាយករូបគេថា «ខ្ញុំមិនដែលស្ទាក់ស្ទើរ ឬមានមន្ទិលសង្ស័យចំពោះបំណងចង់បន្តស្នាក់នៅទីនេះឡើយ។ មិនថាជា Barça ឬក្លិបផ្សេងទៀតដូចជា PSG, Arsenal និងក្លិបជាច្រើនទៀតនោះទេ គឺខ្ញុំបានឆ្លើយ ‘ទេ’ ទៅកាន់គ្រប់គ្នា ដើម្បីបន្តនៅទីនេះ»។

​ការប្រកាសជាសាធារណៈរបស់ Williams ធ្វើឡើងស្របពេលដែលមានភាពរកាំរកូសផ្ទៃក្នុងបន្តិចបន្តួចទាក់ទងនឹងតំណាងរបស់គេ។ ភ្នាក់ងាររបស់គេ គឺលោក Felix Tainta ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះថា ការចរចាជាមួយ Barcelona មានដំណើរការទៅមុខយ៉ាងខ្លាំងកាលពីរដូវក្តៅឆ្នាំ ២០២៤ ហើយបានបង្ហើបថាកង្វះការធានាលើការចុះឈ្មោះកីឡាករពីសំណាក់ក្លិបកាតាឡានមួយនេះ គឺជាមូលហេតុដែលធ្វើឱ្យកិច្ចព្រមព្រៀងត្រូវបរាជ័យ។

​យ៉ាងណាក្តី Williams បានចេញមុខបញ្ជាក់ភ្លាមៗថា សិទ្ធិសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើរូបគេ និងក្រុមគ្រួសារតែប៉ុណ្ណោះ ដោយបានច្រានចោលការលើកឡើងរបស់ភ្នាក់ងាររូបនោះ «Felix និយាយខុសហើយ រឿងរ៉ាវពិតវាមិនមែនបែបនោះទេ។ គ្មាននរណាម្នាក់យកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ដើម្បីបង្ខំឱ្យខ្ញុំធ្វើការសម្រេចចិត្តនោះឡើយ»។

​Williams បានសង្កត់ធ្ងន់ថា នេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គេ រួមជាមួយបងប្រុសគឺ Iñaki Williams និងឪពុកម្តាយរបស់ពួកគេ។ ការលើកឡើងយ៉ាងដាច់អហង្ការនេះ បានបំបិទពាក្យចចាមអារ៉ាមទាំងឡាយដែលអះអាងថារូបគេត្រូវបានបង្ខំឱ្យស្នាក់នៅបន្ត ដោយសារកាតព្វកិច្ចកិច្ចសន្យា ឬសម្ពាធពីថ្នាក់ដឹកនាំក្លិប Athletic Club។

​បន្ទាប់ពីអនាគតត្រូវបានកំណត់យ៉ាងច្បាស់លាស់ Williams កំពុងសម្លឹងឆ្ពោះទៅរកការបង្កើតភាពលេចធ្លោនៅកីឡដ្ឋាន San Mamés ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ខ្សែស្លាបរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេលវែងគួរឱ្យកត់សម្គាល់រហូតដល់ ឆ្នាំ ២០៣៥ ដែលជាកិច្ចសន្យាមានរយៈពេលយូរបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប។
​ក្រៅពីកិច្ចការនៅលើទីលាន Williams បានបញ្ជាក់ពីគោលជំហរក្នុងការមិនខ្វល់ខ្វាយ ពីសំឡេងរំខាននៅលើបណ្តាញសង្គមឡើយ ដោយរូបគេបានលើកឡើងថា «បណ្តាញសង្គមមិនមែនជាជីវិតពិតនោះទេ»។

​កីឡាកររូបនេះបានបន្ថែមថា ខ្លួនចង់ផ្តោតលើការធ្វើជាគំរូវិជ្ជមាន សម្រាប់យុវជនជំនាន់ក្រោយនៅក្នុងតំបន់ Basque។ ការជ្រើសរើសបន្តស្នាក់នៅ បានពង្រឹងកិត្តិនាមរបស់គេក្នុងនាមជានិមិត្តរូបប្រចាំតំបន់ និងជាការបង្ហាញឱ្យឃើញថា ទោះបីជាស្ថិតក្នុងយុគសម័យនៃតម្លៃខ្លួនផ្ទេររាប់រយលាន និងក្លិបដែលគាំទ្រដោយមូលនិធិរដ្ឋដ៏មហាសាលយ៉ាងណាក៏ដោយ ក៏មនោសញ្ចេតនានិងភាពស្មោះត្រង់ ក្នុងបាល់ទាត់នៅតែមានពិតប្រាកដ។

ប្រែសម្រួល៖ គីរី

Most Popular

To Top