បរទេស៖ លោក Xabi Alonso អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងអបអរសាទរ ប្រសិនបើក្រុមតោខៀវអាចរកគ្រាប់បាល់បញ្ចូលទី លើអតីតក្លិបចាស់របស់លោក គឺហង្សក្រហម Liverpool ក្នុងការប្រកួតពានរង្វាន់ Carabao Cup នៅកីឡដ្ឋាន Anfield ។
ទោះជាយ៉ាងណា Chelsea ត្រូវប្រឈមមុខ នឹងការប្រកួតដ៏តានតឹងនេះ ដោយគ្មានវត្តមានខ្សែប្រយុទ្ធ ឆ្នើមសញ្ជាតិប្រេស៊ីល Joao Pedro ដែលរងរបួសសាច់ដុំភ្លៅ និងត្រូវសម្រាកព្យាបាលជាច្រើនសប្តាហ៍ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី28 ខែតុលា ឆ្នាំ២០២៦ ។
លោក Alonso មានប្រវត្តិនិងអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយ Liverpool ដោយធ្លាប់បានចំណាយពេល ៥ ឆ្នាំក្នុងនាមជាកីឡាករនៅទីនោះ ព្រមទាំងបានឈ្នះពានរង្វាន់ FA Cup និងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ ២០០៥ (ដែលរូបលោកជាអ្នកស៊ុតគ្រាប់បាល់តាមស្មើទល់នឹង AC Milan ក្នុងទីក្រុង Istanbul)។

ទោះបីជាយ៉ាងណាក៏ដោយ មុនជំនួបពានរង្វាន់ Carabao Cup លោកបានបញ្ជាក់ច្បាស់ៗថា នឹងមិនធ្វើតាមទម្លាប់របស់អ្នកចាត់ការ ឬកីឡាករមួយចំនួនដែលមិនហ៊ានអបអរ ពេលប្រកួតទល់នឹង ក្រុមចាស់របស់ខ្លួននោះឡើយ «ពិតណាស់ ខ្ញុំនឹងអបអរជាក់ជាមិនខាន ប៉ុន្តែគឺដោយការគោរពពេញលេញ។ ទំនាក់ទំនងនិងភាពកក់ក្តៅរបស់ខ្ញុំចំពោះ Liverpool គឺនៅតែមានតាំងពីកាលខ្ញុំនៅជាកីឡាករ។ ប៉ុន្តែពេលនេះ ខ្ញុំស្ថិតក្នុងតួនាទីផ្សេងមួយទៀត។ ខ្ញុំត្រូវតែគាំទ្រក្រុមរបស់ខ្ញុំ ខ្ញុំត្រូវគាំទ្រ និងប្រយុទ្ធដើម្បីក្លិបរបស់ខ្ញុំ ហើយប្រសិនបើយើងរកគ្រាប់បាល់បាន ខ្ញុំនឹងអបអរដោយការគោរពយ៉ាងពេញទំហឹង»។
ខ្សែប្រយុទ្ធ Joao Pedro វ័យ ២៥ ឆ្នាំ នឹងត្រូវអវត្តមានពីការប្រកួតនៅកីឡដ្ឋាន Anfield ក៏ដូចជាការប្រកួត Premier League ទល់នឹង Manchester United និង Sunderland ដោយសារតែបញ្ហារបួសសាច់ដុំភ្លៅ អំឡុងពេលហ្វឹកហាត់មុនជំនួបដែល Chelsea រងបរាជ័យក្រោមថ្វីជើង Tottenham Hotspur ២-០ នៅកីឡដ្ឋាន Stamford Bridge។ រូបគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់រហូតដល់ផុតពេលសម្រាកលក្ខណៈអន្តរជាតិ (International Break)។
កាលពីការប្រកួតទល់នឹង Spurs លោក Alonso បានសាកល្បងដាក់ Geovany Quenda និងប្រើប្រាស់ Morgan Rogers ក្នុងតួនាទីជាខ្សែប្រយុទ្ធមិនពិត (False Nine) ប៉ុន្តែតាក់ទិកនេះមិនទទួលបានជោគជ័យឡើយ ដោយ Chelsea ពិបាកបង្កើតឱកាស និងឧស្សាហ៍ប្រើការទាត់បាល់វែងបែបផ្សងសំណាង។
លើសពីនេះ លោក Alonso ក៏បានចេញមុខគាំទ្រអតីតកូនក្រុមរបស់លោកគឺ Florian Wirtz ដែលបានផ្ទេរមកកាន់ Liverpool ក្នុងតម្លៃខ្លួនខ្ពស់រហូតដល់ ១១៦ លានផោន ហើយកំពុងរងការរិះគន់លើទម្រង់លេង។ Alonso បានបញ្ជាក់ថា Wirtz គឺជាកីឡាករពិសេសម្នាក់ដែលបានជួយលោកយ៉ាងច្រើនកាលនៅ Leverkusen ហើយការបោះជំហានមកកាន់បរិយាកាសថ្មីតែងតែត្រូវការពេលវេលាដើម្បីសម្របខ្លួន។
Chelsea កំពុងសម្លឹងរកជ័យជម្នះនៅ Anfield ដើម្បីស្រោចស្រង់ទំនុកចិត្តឡើងវិញក្រោយការបរាជ័យក្នុងជំនួប Derby ក្រុងឡុងដ៍។ ក្រោយចប់ការប្រកួតពាន Carabao Cup នេះ ក្រុមតោខៀវត្រូវបន្តដំណើរទៅជួប Manchester United និង Sunderland ក្នុងក្របខ័ណ្ឌ Premier League ដែលលោក Alonso ត្រូវប្រឈមនឹងការស្វែងរកគ្រាប់បាល់ ដោយគ្មានវត្តមាន Joao Pedro ទាំង ៣ ប្រកួត។
ប្រែសម្រួល៖ គីរី
