បរទេស៖ ក្រុម Inter Milan បានយកឈ្នះក្រុមម្ចាស់ផ្ទះ Feyenoord យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន De Kuip កាលពីថ្ងៃអង្គារ ពោលគឺត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីពួកគេបានរងបរាជ័យ ៣-១ ក្រោមថ្វីជើងគូប្រជែងរួមទីក្រុង AC Milan។ លទ្ធផលនេះបានជួយឱ្យ Inter កត់ត្រាជ័យជម្នះពីរប្រកួតជាប់គ្នានៅក្នុងក្របខណ្ឌ Champions League ជាលើកដំបូងសម្រាប់រដូវកាលនេះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ខ្សែការពារ Yann Bisseck បានស៊ុតបាល់កោងបញ្ចូលទីបើកឆាកនៅនាទីទី ៨ មុនពេលខ្សែប្រយុទ្ធ Pio Esposito តែតបញ្ចូលទីគ្រាប់ទីពីរនៅនាទីទី ៣៤ ដែលគ្រាប់បាល់ទាំងពីរនេះកើតចេញពីការបញ្ជូន (Assists) យ៉ាងល្អឥតខ្ចោះរបស់កីឡាករ Spence។ ចូលដល់តង់ទីពីរបាន ៩នាទី កីឡាករ Piotr Zielinski បានបន្ថែមគ្រាប់ទី៣ តាមរយៈការស៊ុតជើងឆ្វេងពីចម្ងាយ ២០ម៉ែត្រ ខណៈដែលការស៊ុតបញ្ចូលទីមួយគ្រាប់ទៀតរបស់ Esposito នៅនាទីទី ៦៦ ត្រូវបានអាជ្ញាកណ្តាលបដិសេធដោយសារតែការល្មើសក្រៅល្បែង (Offside)។
ទោះបីជាក្រុម Feyenoord អាចគ្រប់គ្រងបាល់បាន ៥៣ ភាគរយ និងបានលើកបាល់កាត់ (Crosses) ចូលតំបន់គ្រោះថ្នាក់ដល់ទៅ ១៨ ដងក៏ដោយ ពួកគេមានឱកាសស៊ុតចំគោលដៅត្រឹមតែ ២ ដងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក្រុមសត្វពស់ Inter បង្ហាញភាពមុតស្រួចយ៉ាងខ្លាំង ដោយស៊ុតបញ្ចូលទីបានដល់ទៅ ៣ គ្រាប់ ពីអត្រាស៊ុតរំពឹងទុក (xG) ត្រឹមតែ ០.៩២ ប៉ុណ្ណោះ។
ជ័យជម្នះដ៏សំខាន់នេះបានជួយលើកស្ទួយក្រុម Inter ឱ្យលោតពីចំណាត់ថ្នាក់ទី ២០ មកកាន់លេខ ១៤ ក្នុងវគ្គសន្សំពិន្ទុ (League phase) ដោយមាន ៦ ពិន្ទុក្នុងដៃ ខណៈដែលក្រុម Feyenoord បន្តធ្លាក់ទៅឈរនៅលេខ ៣០ ដោយមានត្រឹម ៣ ពិន្ទុ។
ប្រែសម្រួល៖ គីរី
