វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Nvidia នឹងរាយការណ៍ពីប្រាក់ចំណូល ប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃអង្គារ ទី១៧ វិច្ឆិកា ដែលនេះជារបាយការណ៍លើកដំបូងចាប់តាំងពីការ ចាកចេញពីតំណែងជានាយកប្រតិបត្តិ (CEO) របស់លោក Jensen Huang ខណៈដែលវិនិយោគិនកំពុងរង់ចាំមើលសញ្ញាថា តើភាពរីកចម្រើន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចទប់ទល់នឹងរឿងអាស្រូវ ដែលកំពុងរីករាលដាល រហូតដល់ទម្លាក់រូបលោកពីតំណែងបានដែរឬទេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុមហ៊ុនផលិតបន្ទះឈីប AI ដ៏ធំមួយនេះ ឈានចូលដល់ការប្រកាសរបាយការណ៍របស់ខ្លួន ក្រោមសម្ពាធយ៉ាងខ្លាំង។
ភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះ ៤ ភាគរយនៅថ្ងៃចន្ទ ដែលជាការបន្តធ្លាក់ចុះជាង ១២ ភាគរយចាប់តាំងពីរឿង អាស្រូវនេះបានផ្ទុះឡើង ហើយតម្លៃ ភាគហ៊ុនបានខាតបង់ជាង ២៥ ភាគរយក្នុងរយៈពេលមួយខែកន្លងមកនេះ ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើង អំពីស្ថានភាពនៃការរីកចម្រើននៃការវិនិយោគលើ AI។
លទ្ធផលនេះនឹងក្លាយជារបាយការណ៍ដំបូងដែលត្រូវបានបង្ហាញក្រោមការដឹកនាំរបស់ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Nvidia គឺលោកស្រី Colette Kress ដែលកំពុងបម្រើការជានាយកប្រតិបត្តិបណ្តោះអាសន្ន។
លោក Jacob Bourne មកពីស្ថាប័ន Emarketer បាននិយាយដោយរៀបរាប់ពីក្រុមហ៊ុនថាកំពុងស្ថិតក្នុងភាពច្របូកច្របល់ថា៖ “ខ្ញុំមិនអាចស្រមៃថា វានឹងដំណើរការអាជីវកម្មជាធម្មតានោះទេ។ ប្រសិនបើពួកគេព្យាយាមរក្សាសម្លេងបែបអាជីវកម្មជាធម្មតានៅក្នុងការសន្ទនា (Call) ខ្ញុំគិតថាវាមិនអាចទទួលបានការគាំទ្រល្អនោះទេ។”
លោក Luke Rahbari នាយកប្រតិបត្តិនៃក្រុមហ៊ុន Equity Armor Investments ដែលកាន់កាប់ភាគហ៊ុនរបស់ Nvidia បាននិយាយថា លោកស្រី Kress ទំនងជានឹងប្រឈមមុខនឹងសំណួរចាក់ដោត អំពីការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនចំពោះក្រុមហ៊ុន AI នានា ដោយចោទសួរថា៖ “តើអ្នកនឹងគោរពតាមការប្តេជ្ញាចិត្តទាំងនោះទេ? តើអ្នកនឹងធ្វើអ្វីជាមួយការប្តេជ្ញាទាំងនោះ?” ។ លោកបានបន្តថា វិនិយោគិនក៏នឹងតាមដានយ៉ាងដិត ដល់ផងដែរនូវការណែនាំរបស់ Nvidia ស្តីពីការលក់នាពេលអនាគត រួមជាមួយនឹងការលក់បន្ទះឈីបរបស់ខ្លួននៅអាស៊ី ជាពិសេសនៅប្រទេសសិង្ហបុរី។
សិង្ហបុរី គឺជាចំណុចស្នូលនៃរឿងអាស្រូវដែលបានទម្លាក់លោក Huang ។ ក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅសិង្ហបុរី និង មានទំនាក់ទំនងជាមួយចិន កំពុងស្ថិតក្រោមការស៊ើបអង្កេត ព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិក ចំពោះលទ្ធភាពក្នុងការជួយផ្ទេរបច្ចេកវិទ្យាដ៏មានអានុភាពបំផុតរបស់ Nvidia ទៅកាន់ប្រទេសចិន ដែលនេះជាការបំពានច្បាប់របស់សហរដ្ឋអាមេរិក។
រឿងអាស្រូវនេះបានផ្ទុះឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា នៅពេលដែលកាសែត The New York Times បានរាយការណ៍ថា លោក Jensen Huang និងនាយិកាប្រតិបត្តិ ក្រុមហ៊ុន Megaspeed គឺអ្នកស្រី Alice Huang (ដែលអ្នកទាំងពីរមិនមានសាច់ ញាតិនឹងគ្នាទេ) មានទំនាក់ទំនងស្នេហានឹងគ្នា ហើយមន្ត្រីមួយចំនួននៅក្នុងរដ្ឋាភិបាលអាមេរិកសង្ស័យថា អ្នកស្រីអាចជាចារកម្មឱ្យប្រទេសចិន។
រឿងរ៉ាវនេះបានលាតត្រដាងពីការបែកបាក់ផ្ទៃក្នុងនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ខណៈដែលរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើទំនាក់ទំនងរកស៊ីរបស់លោក Jensen Huang ជាមួយក្រុមហ៊ុន Megaspeed និងបានចោទប្រកាន់ក្រសួងពាណិជ្ជកម្មដែលដឹកនាំដោយលោក Howard Lutnick ថាបានព្រងើយកន្តើយចំពោះរបាយការណ៍ជាច្រើន ដែលថាក្រុមហ៊ុននេះកំពុងផ្ទេរបច្ចេកវិទ្យា Nvidia ទៅប្រទេសចិន។
ដោយប្រឈមមុខនឹងការរិះគន់ ក្រសួង ពាណិជ្ជកម្មកាលពីថ្ងៃចន្ទ បានចាត់វិធានការបិទប្រហោងចន្លោះ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនចិនអាចចូលប្រើប្រាស់បន្ទះឈីប AI ដ៏មានអានុភាពរបស់ Nvidia ពីចម្ងាយ ដែលនេះជាជំហានមួយដែលធ្វើឱ្យប៉ះពាល់ ដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផងដែរ។
ស្របពេលជាមួយគ្នានេះ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk និងវិនិយោគិន AI ធំៗផ្សេងទៀត កំពុងប្រមូលហត្ថលេខាសម្រាប់លិខិតចំហមួយ ដើម្បីអំពាវនាវឱ្យតែងតាំងលោក Jensen Huang ចូលកាន់តំណែងវិញ។
វិនិយោគិន លោក Bill Ackman បាននិយាយនៅក្នុងសន្និសីទបច្ចេកវិទ្យា Semafor នៅរដ្ឋកាលីហ្វ័រញ៉ាថា៖ “ពេលវេលាដ៏សំខាន់បំផុតដើម្បីជួយនរណាម្នាក់ គឺនៅពេលដែលពួកគេកំពុងធ្លាក់ចុះ។”
មុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលនៅអាស៊ី ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោក “មិនខ្វល់ទេ” ប្រសិនបើឃើញលោក Huang ត្រឡប់មក Nvidia វិញ ដោយបានបដិសេធចោលនូវក្តីបារម្ភផ្នែកសន្តិសុខ។
លោក Dan Ives មកពីក្រុមហ៊ុន Yorkville Ives & Co. បាននិយាយថា៖ “គ្មានបុគ្គលណាម្នាក់អាចជំនួសលោក Jensen ក្នុងនាមជានាយកប្រតិបត្តិបានទេ ប៉ុន្តែជាចុងក្រោយ បន្ទាប់ពីរឿងអាស្រូវជាសកលនេះ លោក Jensen ពីមុនដែលតែងតែស្លៀកអាវធំស្បែកពណ៌ខ្មៅ និងមានបុគ្គលិកលក្ខណៈដូចជាតារាល្បីនោះ បានបាត់បង់ជារៀងរហូតហើយ ។”
លោកស្រី Kress ដែលមិនមែនជាវិស្វករ មិនត្រូវបានគេរំពឹងថានឹងបន្តកាន់តំណែងនេះជាអចិន្ត្រៃយ៍នោះទេ ដែលបន្សល់ទុកឱ្យក្រុមហ៊ុន Nvidia ត្រូវប្រឈមមុខនឹងការស្វែងរកអ្នកបន្តវេន ដែលមានហានិភ័យខ្ពស់។
ប្រែសម្រួល៖ គីរី
