បរទេស៖ ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ត្រូវបានកោះហៅឱ្យចូលរួម ក្នុងបញ្ជីបឋមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League នាខែវិច្ឆិកាខាងមុខ បើទោះបីជា ទើបតែកើតមានរឿងចម្រូងចម្រាសជាសាធារណៈ រហូតដល់រូបគេសម្រេចចិត្តដើរចេញពីជំរំប្រមូលផ្តុំ ដោយសារជម្លោះជាមួយគ្រូបង្វឹកលោក Jorge Jesus កាលពីយុទ្ធនាការអន្តរជាតិលើកមុនក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

នៅក្នុងការវិវត្តស្ថានការណ៍ថ្មីមួយ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ក្រោយការជជែកដេញ ដោលអស់រយៈពេលមួយខែកន្លងមក កីឡាករវ័យ ៤១ ឆ្នាំរបស់ក្លិប Al-Nassr រូបនេះ បានបង្ហាញវត្តមានសារជាថ្មី ក្នុងក្របខ័ណ្ឌជម្រើសជាតិ សម្រាប់ការប្រកួតអន្តរជាតិខែវិច្ឆិកា។ នៅក្នុងបញ្ជីបឋមដ៏ទូលំទូលាយនេះ ក៏មានការរួមបញ្ចូលមិត្តរួមក្រុមនៅ Al-Nassr ពីររូបទៀតផងដែរ គឺ João Félix និង Samu Costa។
ការវិលត្រឡប់របស់ប្រធានក្រុមរូបនេះមានសារៈសំខាន់ជាពិសេស បន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងកាលពីខែកញ្ញា នៅពេលដែលរូបគេត្រូវបានទុកចោលនៅលើកៅអីបម្រុងដោយមិនបានចូលលេង ក្នុងការប្រកួតទល់នឹងន័រវែស នៅទីក្រុងអូស្លូ (Oslo)។ ហេតុការណ៍នោះបានឈានទៅដល់ការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងជាមួយលោក Jorge Jesus មុនពេលដែល Ronaldo សម្រេចចិត្តដើរចេញពីជំរំហ្វឹកហាត់ មុនជំនួបជាមួយដាណឺម៉ាក។
ព័រទុយហ្គាល់មានកាលវិភាគត្រូវបើកទ្វារកីឡដ្ឋានក្នុងទីក្រុង Braga ទទួលស្វាគមន៍ដាណឺម៉ាក មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Cardiff ដើម្បីប្រកួតជាមួយវេលស៍ ក្នុងជំនួបបញ្ចប់ពូល A4 នៃពានរង្វាន់ Nations League។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានព័រទុយហ្គាល់ O Jogo ការដាក់ឈ្មោះប្រធានក្រុមរូបនេះ បានឆ្លុះបញ្ចាំងពីការថយចុះកម្តៅនៃភាពតានតឹងរវាងកីឡាករ និងក្រុមការងារបច្ចេកទេស ទោះបីជាបញ្ជីឈ្មោះផ្លូវការចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ក៏ដោយ។
ទោះបីជាទង្វើដើរចេញពីជំរំប្រមូលផ្តុំបានបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសក៏ដោយ ប៉ុន្តែផ្លូវច្បាប់សម្រាប់ការវិលត្រឡប់របស់ Ronaldo នៅតែបើកចំហរ។
ក្រុមប្រឹក្សាវិន័យនៃសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានដាក់ពិន័យព្យួរជើង Ronaldo រយៈពេល ៣០ ថ្ងៃ។ ដោយសារការពិន័យបានចាប់ផ្តើមអនុវត្តភ្លាមៗក្រោយកើតហេតុ រូបគេបានអនុវត្តទោសស្ទើរតែរួចរាល់ហើយ ដោយទណ្ឌកម្មនេះនឹងត្រូវផុតកំណត់ជាផ្លូវការនៅថ្ងៃទី ៣០ ខែតុលានេះ។ លក្ខខណ្ឌនេះមានន័យថា រូបគេនឹងមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការចូលរួមប្រកួត នៅពេលដែលលោក Jorge Jesus បញ្ជាក់បញ្ជីឈ្មោះផ្លូវការសម្រាប់ជំនួបខែវិច្ឆិកា។
នៅលើទីលានប្រកួតវិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់កំពុងបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ ដោយឈរនៅកំពូលតារាងមាន ១២ ពិន្ទុពេញ និងបានធានាកៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ (Quarter-finals) រួចជាស្រេច តាមរយៈជ័យជម្នះលើវេលស៍ ១-០, ឈ្នះដាណឺម៉ាក ៤-២ និងយកឈ្នះន័រវែស ២-១ ទាំងពីរជើង។
ប្រែសម្រួល៖ គីរី
