បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានអ្នកគាំទ្រ បោះឆ្នោតជ្រើសរើសជាកីឡាករ ដែលមានរដូវកាលឈ្នះពានរង្វាន់ Ballon d’Or ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយសារតែទម្រង់លេង ដ៏លេចធ្លោរបស់លោកក្នុងរដូវកាល ២០០៧-២០០៨ ជាមួយក្លិបបិសាចក្រហម Manchester United។ លទ្ធផលនេះបានយកឈ្នះលើទម្រង់លេងរបស់ Lionel Messi ក្នុងឆ្នាំ ២០១២ តាមរយៈការបោះឆ្នោតសកល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNExpress ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
ការស្ទង់មតិដែលមានឈ្មោះថា B.O.A.T. (Ballon d’Or of All Time) នេះ ត្រូវបានរៀបចំឡើងនៅឆ្នាំនេះដោយទស្សនាវដ្ដី France Football ដើម្បីអបអរសាទរខួបលើកទី៧០ នៃពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។ ការបោះឆ្នោតដ៏ពិសេសនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកម្ចាស់ពាន ដែលមានរដូវកាលលេចធ្លោជាងគេបំផុត ក្នុងចំណោមអ្នកដែលធ្លាប់ឈ្នះពាន Ballon d’Or យ៉ាងហោចណាស់ ២ដង ។
មិនដូចការផ្តល់រង្វាន់ប្រចាំឆ្នាំជាប្រពៃណី ដែលកាត់សេចក្តីដោយក្រុមអ្នកសារព័ត៌មានអន្តរជាតិនោះទេ លទ្ធផលសម្រាប់ការស្ទង់មតិនេះ គឺត្រូវបានកំណត់ដោយអ្នកគាំទ្រផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់ពានរង្វាន់។
រដូវកាលឆ្នាំ ២០០៨ របស់ Ronaldo បានទទួលចំណាត់ថ្នាក់លេខ១ ដោយឈរលើរដូវកាលឆ្នាំ ២០១២ របស់ Messi និងរដូវកាលឆ្នាំ ២០១៧ របស់ Ronaldo ខ្លួនឯងផ្ទាល់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កំពូលកីឡាករទាំងពីររូបនេះ (Ronaldo និង Messi) បានកាន់កាប់ចំណាត់ថ្នាក់កំពូលទាំង ១២ ទាំងស្រុង ។ កីឡាករទី៣ ដែលលេចមុខក្នុងបញ្ជីនេះ បន្ទាប់ពីអ្នកទាំងពីរ គឺវីរបុរសបាល់ទាត់ប្រេស៊ីល Ronaldo Nazário សម្រាប់រដូវកាលឈ្នះពាន Ballon d’Or របស់លោកនៅឆ្នាំ ២០០២។
Ronaldo បាននាំមុខក្នុងការបោះឆ្នោតតាំងពីដំបូងមកម្ល៉េះ។ កាលពីថ្ងៃទី២១ តុលា រដូវកាលឆ្នាំ ២០០៨ របស់លោកទទួលបានសំឡេងឆ្នោត ៦២% ដោយនាំមុខឆ្ងាយពីរដូវកាលឆ្នាំ ២០១២ របស់ Messi (១៣%) និងរដូវកាល ២០២៣ របស់ Messi ផងដែរ (៩%)។
ឆ្នាំ ២០០៨ គឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងអាជីពរបស់ Ronaldo ក្នុងអំឡុងពេលដែលលោកលេងឱ្យក្លិប Manchester United ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។ ក្នុងរដូវកាល ២០០៧-២០០៨ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៤២គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៩លើក គ្រប់ការប្រកួតទាំងអស់។ លោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យ United ឈ្នះពានរង្វាន់ធំៗពីរ គឺក្របខណ្ឌ Premier League និង UEFA Champions League។
នៅក្នុងក្របខណ្ឌ Premier League តែឯង Ronaldo ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ ដែលធ្វើឱ្យលោកឈ្នះពាន រង្វាន់ស្បែកជើងមាស (Golden Boot) ទាំងនៅអង់គ្លេស និងនៅអឺរ៉ុប។ លោកក៏បានស៊ុតបញ្ចូលទី ៨គ្រាប់ ក្នុងក្របខណ្ឌ Champions League ដែលក្នុងនោះរួមមានទាំងការតែតបញ្ចូលទី១គ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Chelsea ផងដែរ មុនពេលឈានទៅយកឈ្នះដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីយ៉ាងរំភើបនៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ។ សមិទ្ធផលរួមបញ្ចូលគ្នាទាំងនេះ បានធ្វើឱ្យ Ronaldo យកឈ្នះលើកីឡាករ Messi និង Fernando Torres នាឆ្នាំនោះ ហើយឈ្នះពាន Ballon d’Or ជាលើកដំបូងរបស់ខ្លួន។
ក្រៅពី Ronaldo, Messi, និង Ronaldo Nazário, បញ្ជីឈ្មោះសម្រាប់បេក្ខភាព B.O.A.T. ក៏មានបញ្ចូលនូវវីរបុរស ៧រូបផ្សេងទៀតផងដែរ រួមមាន៖ Alfredo Di Stéfano, Johan Cruyff, Franz Beckenbauer, Michel Platini, Marco van Basten, Karl-Heinz Rummenigge, និង Kevin Keegan។
ការបោះឆ្នោតនេះតម្រូវឱ្យអ្នកចូលរួមបង់ប្រាក់ ១អឺរ៉ូ (ប្រមាណ ១,១២ដុល្លារ) សម្រាប់ការបោះឆ្នោតមួយលើក ហើយពួកគេត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតបានច្រើនដងដោយគ្មានដែនកំណត់ ដើម្បីមានឱកាសឈ្នះសំបុត្រចូលរួមកម្មវិធីប្រគល់ពាន Ballon d’Or ឆ្នាំ ២០២៧។
យោងតាមសារព័ត៌មាន Marca មនុស្សចំនួន ៥.០០៩នាក់ បានបោះឆ្នោតច្រើនដងក្នុងអំឡុងពេលស្ទង់មតិនេះ ដោយក្នុងនោះមាន ៤៤នាក់ បានបោះឆ្នោតពី ១០ ទៅ ២៦ដង, ៣០០នាក់ បានបោះឆ្នោតពី ៥ ទៅ ៩ដង, និង ៤.៦៦៥នាក់ បានបោះឆ្នោតពី ២ ទៅ ៤ដង។ ដូច្នេះ លទ្ធផលចុងក្រោយនេះ ឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងខ្លាំងរបស់អ្នកគាំទ្រ ជាជាងការវាយតម្លៃពីអ្នកជំនាញវិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា ចំណងជើង B.O.A.T. នេះ មិនមែនមានន័យថា Ronaldo នឹងទទួលបានពានរង្វាន់ Ballon d’Or បន្ថែមមួយទៀតនោះទេ ហើយក៏មិនមែន ជាការទទួលស្គាល់ពីស្ថាប័ន France Football ថាលោកជាកីឡាករ ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡានេះដែរ។ នេះគ្រាន់តែជាការស្ទង់មតិរំលឹកខួបដ៏ពិសេសមួយ ដោយគ្មានការពានរង្វាន់ ជារូបវន្តនោះទេ ដែលរៀបចំឡើងដើម្បីអបអរសាទរដល់ទម្រង់លេងរបស់កីឡាករ ដែលទទួលបានការស្រឡាញ់គាំទ្របំផុត ពេញមួយប្រវត្តិសាស្ត្រនៃពានរង្វាន់នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ គីរី
