បរទេស៖ អតីតអ្នកចាត់ការទូទៅក្លិប Arsenal លោក Arsene Wenger បានកោតសរសើរចំពោះភាពជោគជ័យនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក និងពិធីបុណ្យយុវជនអាយុក្រោម ១៥ឆ្នាំ (FIFA U-15 World Cup and Festival) លើកដំបូងនៅទីក្រុងបាគូ បន្ទាប់ពីបានទស្សនាការប្រកួតដែលចូលរួមដោយសមាគមសមាជិកចំនួន ១៨៩ ក្នុងទម្រង់លេងថ្មី ៨ទល់នឹង៨ (8v8)។ ក្នុងនាមជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់សកលរបស់ស្ថាប័ន FIFA បុរសសញ្ជាតិបារាំងរូបនេះជឿជាក់ថា ព្រឹត្តិការណ៍នេះគឺជាស្ពានចម្លងដ៏សំខាន់ ដើម្បីបង្រួញគម្លាតរវាងប្រទេសដែលកំពុងអភិវឌ្ឍន៍វិស័យបាល់ទាត់ និងប្រទេសដែលជាមហាអំណាចបាល់ទាត់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
លោក Wenger បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ដោយបានឃើញព្រឹត្តិការណ៍រយៈពេលមួយសប្តាហ៍នេះ អាចប្រមូលផ្តុំកីឡាករ គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធជាង ៣.០០០នាក់ ឱ្យមកជួបជុំគ្នានៅរដ្ឋធានីរបស់ប្រទេសអាស៊ែបៃហ្សង់ ចាប់តាំងពីថ្ងៃបើកឆាកនៅថ្ងៃទី២២ ខែតុលា។ ព្រឹត្តិការណ៍នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សា FIFA ក្នុងខែធ្នូ ឆ្នាំ២០២៥ សម្រាប់កីឡាករដែលកើតក្នុងឆ្នាំ២០១១ ឬ ២០១២ ដោយប្រើប្រាស់ទីលានតូចជាងមុន និងការប្រកួតត្រឹមតែ ២០នាទី ក្នុងមួយវគ្គ។ មានការប្រកួតជិត ១.០០០ប្រកួត ត្រូវបានរៀបចំឡើងនៅលើទីលានចំនួន ២០ ក្នុងពេលតែមួយ នៅឯមជ្ឈមណ្ឌលប្រកួតប្រជែង Hovsan។
ប្រតិភូប្រទេសនីមួយៗរួមមាន កីឡាករចំនួន ១៤នាក់ និងមន្ត្រីរហូតដល់ ៦នាក់ ដោយត្រូវប្រកួតវិលជុំក្នុងពូលចំនួន ៤ ទៅ ៥ប្រកួត (បែងចែកតាមចំណាត់ថ្នាក់ក្រុមឈុតធំ និងយុវជន) មុនពេលឈានចូលទៅកាន់ការប្រកួតកម្រិតកាត់សេចក្តី (Performance Tiers) ចំនួន ៦ ដើម្បីលេង ៤ ទៅ ៥ប្រកួតបន្ថែមទៀត។
ថ្លែងអំពីបរិយាកាស និងរចនាសម្ព័ន្ធនៃការប្រកួត លោក Wenger បានមានប្រសាសន៍ថា៖ “ចំណុចដំបូងដែលខ្ញុំមើលឃើញគឺ រូបភាពនៃសុភមង្គល និងភាពរំភើប ព្រោះការបានឃើញពិភពលោកទាំងមូលមកជួបជុំគ្នានៅទីនេះ ដើម្បីរៀបចំការប្រកួតមួយដែលមានក្រុមរហូតដល់ជិត ១៩០ក្រុម ហើយអាចធ្វើបានក្នុងរយៈពេលតែមួយសប្តាហ៍ ព្រមទាំងផ្តល់ឱកាសឱ្យពួកគេស្នាក់នៅកន្លែងតែមួយ គឺជារឿងដ៏អស្ចារ្យ។ កីឡាករមើលទៅសប្បាយរីករាយ មានការប្តេជ្ញាចិត្តខ្ពស់ ហើយការឃើញពិភពលោកទាំងមូលរួបរួមគ្នា ទំនាក់ទំនងគ្នា រាំលេងកម្សាន្ត និងលេងបាល់ទាត់ជាមួយគ្នា គឺជាអ្វីដែលកីឡាបាល់ទាត់គួរតែធ្វើជានិច្ច។”
លោកបានបន្ថែមថា៖ “ខ្ញុំអាចនិយាយបានថា ទម្រង់លេងនេះដំណើរការទៅយ៉ាងល្អឥតខ្ចោះ។ យើងចង់ឱ្យវាក្លាយជាការលេងដោយកាត់បន្ថយចំនួនកីឡាករ ពោលគឺមិនមែន ១១ ទល់នឹង ១១ នោះទេ ព្រោះគម្លាតសមត្ថភាពរវាងប្រទេសនិមួយៗអាចនឹងធំពេក។ យើងក៏ចង់ឱ្យការប្រកួតមានរយៈពេលខ្លីជាងមុនផងដែរ ដើម្បីឱ្យប្រទេសទាំងអស់អាចជួបប្រកួតគ្នាបាន។ នៅពេលអ្នកស្រឡាញ់កីឡា អ្នកចង់ដឹងថាខ្លួនឯងខ្លាំងកម្រិតណា។ ដូច្នេះ ក្រុមមកពីប្រទេសតូចៗ អាចលេងតទល់ជាមួយប្រទេសធំៗ ហើយនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេនឹងមានក្តីស្រមៃ មានពេលវេលាដ៏រីករាយ និងដឹងច្បាស់ពីចំណុចដែលពួកគេត្រូវផ្តោតលើការអភិវឌ្ឍ។ នេះជារឿងដ៏សំខាន់សម្រាប់ផ្នែកអភិវឌ្ឍន៍របស់ FIFA។”
រាល់ប្រជាជាតិដែលបានចូលរួម នឹងបន្តធ្វើការប្រកួតរហូតដល់ថ្ងៃប្រកួតចុងក្រោយនៅថ្ងៃសុក្រ ទី៣០ ខែតុលា ដែលជាពេលស្វែងរកក្រុមជើងឯកទាំង ៦កម្រិត (Tiers) នៅឯទីតាំង Baku’s Crystal Hall ខណៈម្ចាស់ជើងឯកកម្រិត Tier A នឹងក្លាយជាអ្នកគ្រងពានរង្វាន់ធំប្រចាំព្រឹត្តិការណ៍។ បន្ទាប់ពីការប្រកួតផ្នែកបុរសនៅឆ្នាំនេះ ការប្រកួតឆ្នាំ២០២៧ នឹងរៀបចំសម្រាប់ក្រុមយុវនារីមកពីជុំវិញពិភពលោក។ ចាប់ពីឆ្នាំ២០២៨ តទៅ សមាគមសមាជិក FIFA ទាំង ២១១ នឹងត្រូវបានអញ្ជើញឱ្យបញ្ជូនក្រុមទាំងផ្នែកបុរស និងនារី ចូលរួមក្នុងការប្រកួតដាច់ដោយឡែកពីគ្នា៕
ប្រែសម្រួល៖ គីរី
