កីឡា

ការអាណិតអាសូររបស់ Xabi! Alonso គាំទ្រលោក Carrick ដែលកំពុងជួបបញ្ហា ប៉ុន្តែព្រមានថា តោខៀវ Chelsea នឹងមិនយោគយល់ឡើយ

​បរទេស៖ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Xabi Alonso បានសម្តែងការគោរព និងការអាណិតអាសូរយ៉ាងខ្លាំង ចំពោះលោក Michael Carrick អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United ដែលកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ មុនការប្រកួតរវាងក្រុមទាំងពីរនៅកីឡដ្ឋាន Stamford Bridge។ លោក Alonso បានទទួលស្គាល់ថា ការដឹកនាំក្លិបលំដាប់កំពូលតែងតែមានសម្ពាធឥតឈប់ឈរ នៅពេលដែលលទ្ធផលមិនបានល្អ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge នៅថ្ងៃសៅរ៍នេះ ស្របពេលដែលអ្នកចាត់ការទូទៅលោក Michael Carrick កំពុងតស៊ូការពារតំណែងរបស់ខ្លួន បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តនៅក្នុងក្របខណ្ឌ Premier League។ បច្ចុប្បន្ន ក្រុម United ស្ថិតនៅដាច់ឆ្ងាយពីក្រុមកំពូលតារាងដល់ទៅ ១៥ពិន្ទុ បន្ទាប់ពីឈ្នះតែ ១ប្រកួតគត់ ក្នុងចំណោមការប្រកួត ៨លើកដំបូងរបស់ពួកគេ។ ការបរាជ័យយ៉ាងអាម៉ាស់ ៣-០ ក្នុងទឹកដីខ្លួនឯង ក្រោមកណ្តាប់ដៃក្រុម Bournemouth កាន់តែបង្កើនសម្ពាធទ្វេដងមកលើគ្រូបង្វឹកវ័យ ៤៥ឆ្នាំរូបនេះ។

​ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅក្រុម Chelsea លោក Xabi Alonso នៅតែជឿជាក់ថា Manchester United ជាគូប្រកួតដ៏គ្រោះថ្នាក់មួយ ទោះបីជាមានបញ្ហាខាងក្រៅកំពុងរំខានយ៉ាងណាក៏ដោយ។

​លោក Alonso បានបង្ហាញការគោរពចំពោះលោក Carrick ដោយរម្លឹកពីប្រវត្តិរបស់ពួកគេកាលនៅជាខ្សែបម្រើប្រយុទ្ធគ្នានៅលើទីលាន និងការប្រាស្រ័យទាក់ទងគ្នានាពេលថ្មីៗនេះ ក្នុងការប្រកួតរវាងក្រុមវីរបុរស (Legends fixture)។

​លោក Alonso បានចែករំលែកថា៖ “ខ្ញុំមានការគោរពដ៏ធំធេង និងមានការអាណិតអាសូរយ៉ាងខ្លាំងចំពោះ Michael ក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់។ ខ្ញុំស្គាល់គាត់ច្បាស់ ព្រោះយើងធ្លាប់ប្រកួតទល់នឹងគ្នា ហើយថ្មីៗនេះយើងក៏បានលេងក្នុងការប្រកួតក្រុមវីរបុរសជាមួយគ្នា ដែលកាលនោះយើងបានជជែកគ្នាលេងបន្តិចបន្តួចផងដែរ”។ លោកបានបន្ថែមថា៖ “គាត់គឺជាមនុស្សដ៏ល្អម្នាក់ ដែលអ្នកប្រាកដជាចង់នៅក្បែរ ប៉ុន្តែក្រៅពីនោះ វាមិនមែនជារឿងដែលខ្ញុំត្រូវបញ្ចេញមតិនោះទេ”។

​ឆ្លើយតបនឹងការតាមដានយ៉ាងដិតដល់ពីសំណាក់សារព័ត៌មានទៅលើកៅអីគ្រូបង្វឹកទាំងសងខាង លោក Alonso បានបន្ថែមថា៖ “វាមិនមែនជារឿងថ្មីទេ។ អ្នកដឹងច្បាស់ហើយ នៅពេលដែលអ្នកទទួលយកការងារនេះ អ្នកត្រូវតែចេះដោះស្រាយ និងជម្នះនូវរាល់ពេលវេលាដ៏លំបាកនានា”។

​លោក Alonso បានច្រានចោលការលើកឡើងដែលថា វិបត្តិបច្ចុប្បន្នរបស់ក្រុម Manchester United ធ្វើឱ្យពួកគេក្លាយជាគូប្រកួតដែលងាយស្រួលរៀបចំជើងព្រួលទប់ទល់។

​លោកបានពន្យល់ថា៖ “សម្រាប់ខ្ញុំ វាមិនមានអ្វីផ្លាស់ប្តូរនោះទេ។ ក្នុងស្ថានភាពណាក៏ដោយ យើងត្រូវតែត្រៀមខ្លួនឱ្យបានដូចគ្នា។ យើងគ្រប់គ្រងតែអ្វីដែលយើងអាចគ្រប់គ្រងបានប៉ុណ្ណោះ”។ លោកបានបញ្ជាក់លម្អិតថា៖ “United មានក្រុមដ៏ល្អមួយ ពួកគេមានកីឡាករល្អៗ មានអ្នកចាត់ការទូទៅល្អ ដូច្នេះវានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយយើងត្រូវតែបញ្ចេញឱ្យអស់ពីសមត្ថភាព និងទម្រង់លេងដ៏ល្អបំផុតរបស់យើងដើម្បីឈ្នះការប្រកួតនេះ”។

​គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់ថា៖ “យើងត្រូវគ្រប់គ្រងការប្រកួតឱ្យបានល្អ គ្រប់គ្រងអារម្មណ៍ឱ្យបាននឹងនរ លេងដោយភាពជឿជាក់ និងមានភាពស្វាហាប់… ការរកបានគ្រាប់បាល់ទីមួយ គឺជារឿងដ៏សំខាន់ផងដែរ”។

​ក្លិបទាំងពីរនឹងឈានចូលការប្រកួតនៅថ្ងៃសៅរ៍នេះ ដោយសុទ្ធតែស្រេកឃ្លានចង់បាន ៣ពិន្ទុដ៏សំខាន់ ដើម្បីកែប្រែស្ថានការណ៍រដូវកាលរបស់ពួកគេ។ សម្រាប់លោក Alonso គឺកំពុងទាមទារឱ្យមានការឆ្លើយតបដ៏មុតស្រួចពីសំណាក់កីឡាកររបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងទឹកដីខ្លួនឯងក្រោមកណ្តាប់ដៃក្រុម Tottenham Hotspur កាលពីចុងសប្តាហ៍មុន។
​គួរបញ្ជាក់ថា ការប្រកួតនៅកីឡដ្ឋាន Stamford Bridge នឹងចាប់ផ្តើមនៅរសៀលថ្ងៃសៅរ៍នេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top